សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សាក្សី​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​របប​ខ្មែរ​ក្រហម

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ២៦ មករា បន្ត​សវនាការ​ស្ដាប់​សាក្សី​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​មួយ​រូប​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ឈ្មោះ ព្រំ សារ៉ាត់ ជា​ប្រធាន​កងវរសេនាធំ នៃ​កងពល​លេខ ៣ របស់​ភូមិភាគ​និរតី ដែល​មាន​ឈ្មោះ មាស មុត ជា​ប្រធាន​កងពល។

សាក្សី ព្រំ សារ៉ាត់ ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​គោល​នយោបាយ​ប្រឆាំង​ខ្មាំង​ពីរ​ប្រភេទ គឺ​ខ្មាំង​ក្នុង​ប្រទេស និង​ខ្មាំង​ឈ្លានពាន​ពី​ខាង​ក្រៅ ជា​ពិសេស​ពី​ប្រទេស​វៀតណាម។

សាក្សី​រូប​នេះ​បញ្ជាក់​ទៀត​ថា ប៉ុល ពត ដែល​ជា​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ធ្លាប់​ណែនាំ​ឱ្យ​កងទ័ព​ម្នាក់ ត្រូវ​សម្លាប់​វៀតណាម ឱ្យ​បាន ៣០​នាក់ ព្រោះ​វៀតណាម មាន​គំនិត​លេប​ទឹកដី​កម្ពុជា៖ «វា​ជា​ការ​ត្រឹមត្រូវ ព្រោះ​ពេល​នោះ​សត្រូវ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​មាន​មាន​មហិច្ឆតា​ធំធេង ដោយ​ខ្ញុំ​យល់​ឃើញ​ដូច​សមមិត្ត​លេខា​ដែរ ព្រោះ​ថា ប្រទេស​ ចម្ប៉ា​យួន​លេប​ហើយ។ កម្ពុជា​ក្រោម​យួន​លេប​ហើយ។ អ៊ីចឹង​សល់​កម្ពុជា​លើ ខ្ញុំ​ក៏​មាន​ជំនឿ​ថា វា​នឹង​មាន​ផែនការ​បន្ត​ទៀត។ តែ​មក​ដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​កំណត់​ថា គេ​មិន​ភ្លេច​ទេ​យុទ្ធសាស្ត្រ»

ទោះ​ជា​ដូច្នេះ​ក្ដី លោក ព្រំ សារ៉ាត់ ថ្លែង​ថា លោក​មិន​ដែល​បាន​ចូល​រួម​ចាប់​ជនជាតិ​វៀតណាម ឬ​ជនជាតិ​ថៃ ដែល​ឆ្លង​ចូល​ដែន​ទឹក​កម្ពុជា​ប្រជាធិបតេយ្យ​ទេ។ លោក​អះអាង​ថា អ្នក​ដែល​ចាប់​ជនជាតិ​វៀតណាម និង​អ្នក​នេសាទ​ថៃ នៅ​លើ​ផ្ទៃ​សមុទ្រ គឺ​ជា​កងទ័ព​ការពារ​នៅ​តាម​កោះ។ ចំណែក​រូប​លោក​ជាប់​នៅ​ហ្វឹកហ្វឺន​ប្រើប្រាស់​នាវា​ចិន នៅ​ឆ្នេរ​អូ​ឈើទាល ក្រុង​កំពង់សោម រយៈ​ពេល​មួយ​ឆ្នាំ។ ជា​ធម្មតា​លោក​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ចាប់​បាន​ជនជាតិ​វៀតណាម តាម​វិទ្យុ​ទាក់ទង។

លោក​ធ្លាប់​ឃើញ​តែ​ករណី​មួយ​ទេ៖ «មាន​ថ្ងៃ​មួយ​នោះ ខ្ញុំ​បាន​ជួប​ជនជាតិ​យួន​ម្នាក់ ជនជាតិ​ក្លឹង​ម្នាក់​ដែល​នៅ​ផែ​កោះតាង។ ការ​ចាប់​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​សួរ​ទាហាន ដែល​នៅ​ជិត​ជនជាតិ​យួន ជនជាតិ​ក្លឹង​ហ្នឹង សួរ​ថា​គេ​ចាប់​មក​ពី​ណា? គេ​ថា​ចាប់​នៅ​កោះ​អាគ្នេយ៍»

ក្រោយ​ការ​ចាប់​ខ្លួន លោក​គ្រាន់​តែ​ទទួល​ដំណឹង​ពី​មេបញ្ជាការ​ថ្នាក់​លើ​ថា អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​ភ្នំពេញ ដើម្បី​ឱ្យ​ក្រសួង​ការបរទេស​ដោះស្រាយ​តាម​ផ្លូវ​ទូត។ នៅ​ពេល​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) សួរ​អំពី​មន្ទីរ​សន្តិសុខ ស-២១ លោក ព្រំ សារ៉ាត់ ឆ្លើយ​ថា លោក​គ្រាន់​តែ​ដឹង​ថា ជា​មន្ទីរ​អប់រំ​ចំពោះ​មនុស្ស​ដែល​មិន​យល់​ការ។

សក្ខីកម្ម​របស់​សាក្សី ព្រំ សារ៉ាត់ នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃ​ពុធ ទី​២៧ មករា ទៀត។ នៅ​ថ្ងៃ​ទី ២៧ មករា​នេះ អង្គ​ជំនុំជម្រះ​ឱ្យ​ដឹង​ថា ក៏​នឹង​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត នៅ​ក្នុង​អង្គហេតុ​នៃ​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម​នេះ។

ទាក់ទង​នឹង​រឿង​រ៉ាវ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​ដែរ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ដដែល សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​គម្រោង​ថវិកា​ដែល​ត្រូវ​ចំណាយ​សម្រាប់​ឆ្នាំ​២០១៦ និង ២០១៧ ត្រូវ​បាន​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​អនុម័ត​ហើយ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​សាលាក្ដី​ខ្មែរក្រហម​បង្ហាញ​ថា ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់​ឆ្នាំ ២០១៦ មាន​ចំនួន​ជាង ៣២​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង ២៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។