លោក កឹម ស៊ីថន ៖ ច្បាប់​ស្តីពី​សហជីព ចូលរួមចំណែក​ក្នុងការ​ធានា​នូវ និរន្ត​ភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយបាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដោយ​ធានាថា ប្រាក់​ឈ្នួល​នោះ​សមស្រប​ទៅនឹង កម្រិត​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ជាពិសេស​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ត្រូវបាន​បញ្ជូន​មកដល់​សភាជាតិ​ហើយ និង​កំពុង​ត្រូវបាន​ពិភាក្សា ដោយមាន​ការចូលរួម​យោបល់​ពី​បណ្តា ភាគី​ពាក់ព័ន្ធ នឹង​ផ្តល់​ផលប្រយោជន៍​ទាំង​និយោជក និង​និ​យោ​ជិ​ក និង​ចូលរួមចំណែក​ក្នុងការ​ធានា​នូវ និរន្ត​ភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។​

​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ទីក្រុង ហុងកុង ដែល​ដឹកនាំ​ដោយ លោក កូ​លីន ប្រោ​ន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក​រដ្ឋលេខាធិការ បាន​សម្តែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់ លោក កូ​លីន ប្រោ​ន ដែល​បាន​ដឹកនាំ​សហការី មក​ទស្សនកិច្ច​នៅ​ក្រសួងពាណិជ្ជកម្ម​។​

​លោក​រដ្ឋលេខាធិការ បាន​ជម្រាបជូន​អំពី​កំណែទម្រង់ និង​ការរៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការបណ្តាក់ទុន​វិនិយោគ ដោយផ្ទាល់​ពី​បរទេស​មក​កម្ពុជា​។​

​គោលបំណង​នៃ​ជំនួប​នេះ រួមមាន ការពិភាក្សា​អំពី​ដំណើរការ នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព បញ្ហា​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​អប្បបរមា របស់​និ​យោ​ជិ​ក​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង និង​ផែនការអភិវឌ្ឍន៍ សម្រាប់​វិស័យ​កាត់ដេរ​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៀត​។​

​លោក កូ​លីន ប្រោ​ន បាន​ជម្រាបជូន​អំពី​សារសំខាន់ នៃ​ច្បាប់​ស្តីពី​សហជីព ចំពោះ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ការប្រែប្រួល នៃ​បរិបទ​ពាណិជ្ជកម្ម​សកលលោក រួមមាន​ការបង្កើត​កិច្ចព្រមព្រៀង នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) និង​បណ្តា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក កា​រ៉ា​បៀ​ន និង​ប៉ាស៊ីហ្វិក (ACP) និង​ការកើនឡើង នៃ​ការប្រកួតប្រជែង​ក្នុង​តំបន់ ដែល​អាច​ជះឥទ្ធិពល​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋលេខាធិការ បាន​ជម្រាបជូន​គណៈប្រតិភូ​ថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ត្រូវបាន​បញ្ជូន​មកដល់​សភាជាតិ​ហើយ និង​កំពុង​ត្រូវបាន​ពិភាក្សា ដោយមាន​ការចូលរួម​យោបល់​ពី​បណ្តា ភាគី​ពាក់ព័ន្ធ​។ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ច្បាប់​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ទាំង​និយោជក និង​និ​យោ​ជិ​ក និង​ចូលរួមចំណែក​ក្នុងការ​ធានា​នូវ និរន្ត​ភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។​

​ចំពោះ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​វិញ លោក​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយបាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដោយ​ធានាថា ប្រាក់​ឈ្នួល​នោះ​សមស្រប​ទៅនឹង កម្រិត​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​អាច​ទទួលយកបាន​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​។ ទាក់ទង​នឹង​ផែនការអភិវឌ្ឍន៍​វិស័យ​កាត់ដេរ លោក​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សម្រាប់​ឆ្នាំ ២០១៥-២០២៥ សំដៅ​ជំរុញ​នូវ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​ការប្រកួតប្រជែង និង​ការលើកកម្ពស់​ផលិតភាព​៕​

លោក កឹម ស៊ីថន ៖ ច្បាប់​ស្តីពី​សហជីព ចូលរួមចំណែក​ក្នុងការ​ធានា​នូវ និរន្ត​ភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

លោក កឹម ស៊ីថន ៖ ច្បាប់​ស្តីពី​សហជីព ចូលរួមចំណែក​ក្នុងការ​ធានា​នូវ និរន្ត​ភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

លោក កឹម ស៊ីថន ៖ ច្បាប់​ស្តីពី​សហជីព ចូលរួមចំណែក​ក្នុងការ​ធានា​នូវ និរន្ត​ភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

លោក កឹម ស៊ីថន ៖ ច្បាប់​ស្តីពី​សហជីព ចូលរួមចំណែក​ក្នុងការ​ធានា​នូវ និរន្ត​ភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​