ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នាយក​សាលា​ជម្ពូ​វ័ន

ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នាយក​សាលា​ជម្ពូ​វ័ន

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​អ្នកគ្រូ​ជាង​៧០​នាក់​រួម​ជាមួយ​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ដោយ​មានការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស​ផង បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោកនាយក​សាលា​ថ្មី ដែល​ទើប​ចូល​មក​គ្រប់គ្រង​បណ្ដោះអាសន្ន​រយៈពេល​ជាង​១​ខែ បន្ទាប់​ពី​នាយក​សាលា​ចាស់​ចូល​និវត្តន៍ និង​ទើប​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ។

បាតុកម្ម​ដ៏​កម្រ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​អ្នក​តវ៉ា​បាន​ចោទ​ប្រកាន់ លោកនាយក​សាលា​ថ្មី​រូប​នោះ​ថា តាំងពី​ចូល​មក​គ្រប់គ្រង​បណ្ដោះអាសន្ន​រហូត​ដល់​ពេល​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ​មក បាន​ធ្វើ​ឱ្យ
ផ្ទៃក្នុង​សាលា​មាន​ភាព​រង្គោះរង្គើ បែកបាក់​សាមគ្គី​ភាព​យ៉ាង​ខ្លាំង គ្មាន​សេចក្ដីសុខ​ឡើយ ។ មិនតែប៉ុណ្ណោះ​គេ​ហ៊ាន​រាយការណ៍​ទៅ​ថ្នាក់លើ​ឱ្យ​ដក​លោក​នាយករង​សាលា​២​រូប​ចេញ​ទៅ​បម្រើ​ការ​ងារ​នៅ​សាលា​ផ្សេង​ដូច​ដក​កូន​ស្ពៃ​ទៀត ។ ប៉ុន្តែ​ការ​ដក​នាយករង​ទាំង​២​រូប​នោះ គ្មាន​ការ​ឯកភាព​ពី​លោកគ្រូ​-​អ្នកគ្រូ​នៅ​ក្នុង​សាលា​នោះ​ឡើយ ។

លោកនាយក​សាលា​ថ្មី ដែល​រង​ការ​ចោទប្រកាន់​នា​ពេល​នេះ​គឺ​លោក ស្វាយ សា​រុន អតីត​គ្រូបង្រៀន​នៅ​ខេត្តតាកែវ និង​បាន​ផ្លាស់​ចូល​មក​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​បាន​រយៈពេល​៣​ឆ្នាំ​ហើយ ។ ក្រោយមក​បាន​ប្តូរ​ទៅ​បង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូ​វ័ន​បាន​រយៈពេល​១​ឆ្នាំ​លើ​ផ្នែក​ភាសា​ខ្មែរ ហើយ​ក៏​ទទួល​បានការ​តែងតាំង​ពី​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ឱ្យធ្វើ​ជា​នាយក​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​នេះ​នៅ​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៥ ។ រហូត​មក​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០១៦ ទើប​មានការ​ប្រកាស​ឱ្យ​ចូល​កាន់​តំណែង​ជា​នាយក​សាលា​ជា​ផ្លូវការ ដែល​ពិធី​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខុស​ប្លែក​គេ​ដែល​ការ​ប្រកាស​ភាគច្រើន​ធ្វើ​ឡើង​នៅ​ក្នុង​សាលា ហើយ​ការ​ប្រកាស​តែងតាំង​នោះ​ក៏​មានការ​ចូលរួម​ពី​បណ្ដា​នាយក​សាលា​ក្នុង​ខណ្ឌ និង​លោកគ្រូ​អ្នកគ្រូ​ក្នុង​សាលា​ផង​ដែរ ។

ដោយឡែក លោក​នាយករង​២​រូប ដែល​ត្រូវ​បាន​ដក​ចេញ​ម្នាក់​ឈ្មោះ ខាត់ សេង​លី ត្រូវ​ដក​ឱ្យទៅ​បម្រើ​ការងារ​នៅ​សាលា​បឋម​សិក្សា​សុភមង្គល ក្នុង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត ឈ្មោះ កែវ គង់ ត្រូវ​ដក​ទៅ​បម្រើ​ការងារ​នៅ​សាលា​បឋម​សិក្សា​ពូន​ភ្នំ ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោកគ្រូ​អ្នកគ្រូ​ខាងលើ​បានឱ្យ​ដឹង​ថា លោក​នាយករង​ទាំង​២​រូប​ខាងលើ​នោះ បាន​បម្រើ​ការងារ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​នេះ​អស់​រយៈ​ពេល​មិន​ក្រោម​ពី​២០​ឆ្នាំ​នោះ​ឡើយ ហើយ​ពួក​គាត់​ទទួល​បានការ​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​ក្នុង​សាលា ព្រោះ​ពួក​គាត់​ជា​មនុស្ស​ល្អ គិត​ពី​ផល
ប្រយោជន៍​រួម ពោល​គឺ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ ។ ម្យ៉ាង​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ក៏​ល្អជា​មួយ​លោកនាយក​ចាស់ ដឹកនាំ​មាន​ភាព​រលូន គ្មាន​ការ​កាច់​កុង​គ្នា​នោះ​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ក្ដៅក្រហាយ​នោះ ចាប់តាំងពី​លោកនាយក​សាលា​ចាស់​ចូល​និវត្តន៍​ទៅ ផ្លាស់​លោកនាយក​ថ្មី​លោក​ស្វាយ សា​រុន នេះ​ចូល​មក​ជំនួស ផ្ទៃក្នុង​សាលា​ចាប់​ផ្ដើម​រង្គោះរង្គើ បែកបាក់​សាមគ្គីភាព មានរឿង​រ៉ាវ​កើតឡើង​ឥត​ឈប់​ឈរ​រហូត​លោកនាយក​ថ្មី​កម្ចាត់​នាយករង​ទាំង​ពីរ​ចេញពី​សាលា​ថែម​ទៀត ។

លោកនាយក​សាលា​ដែល​ទើប​ឡើង​ថ្មី​រូប​នោះ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​នោះ​ឡើយ ហើយ​នៅ​វេលា​ព្រឹក​នោះ​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​សម្របសម្រួល​ដោយ​បានឱ្យ​លោក​នាយករង​សាលា​ទាំង​ពីរ​រូប​នោះ​នៅ​បម្រើ​ការងារ​ក្នុង​សាលា​នោះ​ដដែល​រង់ចាំ​លោក​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​សម្រេច​នៅ​ពេល​ក្រោយ​ទៀត ។ រីឯ​អ្នក​បាតុកម្ម​តវ៉ា​លើក​បដា​ព្រោងព្រាត​នោះ ក៏​បាន​រំសាយ​ដែរ ៕