សូម្បីតែ​មន្ត្រីនគរបាល​ក៏ត្រូវ​ចោរប្លន់​ដែរ តើ​ពលរដ្ឋ​សង្ឃឹម​អី​ទៀត​?

ករណី​ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​ភេរវកម្ម កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៨​យប់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ក្នុង​ប្រឡាយ​ខាងជើង​វត្ត​កំពែង ស្ថិតក្នុង​ភូមិ​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​បានដឹង​ព័ត៌មាន​នេះ នាំគ្នា​និយាយថា សូម្បីតែ​មន្ត្រីនគរបាល​ក៏​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​យ៉ាង​គឃ្លើន​ដែរ ដូច្នេះ​ពួកគាត់​មិនដឹង​ជា​ពឹង​លើ​អ្វី​នោះទេ​។

ប្រភពពី​សមត្ថកិច្ច​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម បានធ្វើ​សកម្មភាព​បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូ​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-5389 ពណ៌​ខ្មៅ​។ ជនរងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​នោះ​មានឈ្មោះ ឡេង ឡា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​គឺជា​អ្នកយាម​ការដ្ឋាន​សំណង់​មួយកន្លែង​នៅ​ជិត​កន្លែងកើតហេតុ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ការអះអាង​របស់​ជនរងគ្រោះ​ឈ្មោះ ឡេង ឡា បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​គោលដៅ​ទៅ​យាម​នៅ​សំណង់​វិហារ​ចិន​ជិត​កន្លែងកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​គ្នា​៣​នាក់​ស្ទុះ​ចេញមក​រួម​បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​។ ជនរងគ្រោះ​ឈ្មោះ ឡេង ឡា បាន​ឲ្យ​ដឹង​ទៀតថា គាត់​ក៏បាន​បាញ់​តបត​វិញ​ដែរ ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​ក្រុមចោរ​រងរបួស​នោះទេ គឺ​ពួកគេ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ករណី​ប្លន់​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​អស់ជំនឿ​លើ​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ព្រោះ​សូម្បីតែ​មន្ត្រីនគរបាល​ប្រឆាំង​ភេរវកម្ម​ដែលមាន​កាំភ្លើង​ជាប់​នឹង​ខ្លួន​ក៏ត្រូវ​ក្រុមចោរ​បាញ់​ប្លន់​យក​ម៉ូតូ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

CH-00108 CH-00109