ក្រុមហ៊ុន​៣​ដែល​ដុត​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​គួរ​ប្រឈម​នឹង​ច្បាប់​

​នៅពេល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​ប្រតិបត្តិការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​នោះ គឺមាន​ក្រុមហ៊ុន​៣​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី ធ្វើ​សកម្មភាព​ដុត​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​យ៉ាង​គឃ្លើន​។ រូបភាព​នៃ​ការដុត​បំផ្លាញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ទាំងនោះ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​គេហទំព័រ សារព័ត៌មាន​នានា និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​មានការ​ចែករំលែក​យ៉ាង​ទូលំទូលាយ​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនត្រូវ​ទុក​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​គេចផុត​ពី​វិធានការ​ច្បាប់​ឡើយ​។

ពីដំបូង​គេ​ឃើញ​មាន​ភ្លើង​ឆេះ​គំនរ​ឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ បំផ្លាញ​ឈើ​អស់​៨៨​កំណាត់ ហើយ​នៅ​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​ដុត​ឈើ​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​២​ទៀត គឺ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ និង​ក្រុមហ៊ុន​ដាយ​ណា​ម​។ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​មានការ​ដុតបំផ្លាញ​ឈើ​អស់​៣៨​កំណាត់ ហើយ​នៅក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ដាយ​ណា​ម មានការ​ដុតបំផ្លាញ​ឈើ​អស់​២០០​កំណាត់​។ ការដុត​បំផ្លាញ​ឈើ​នោះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​ថ្កោលទោស​ថា ជាការ​ផ្គើន​ទៅនឹង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភពពី​មន្ត្រីរាជការ និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​លាតត្រដាង​ថា ក្រុមហ៊ុន​ទាំង​៣​ខាងលើ​បាន​បំពាន​កាប់​ឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ហើយ​ដឹក​ចូលទៅ​ស្តុក​ទុក​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​។ នៅពេលដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទើប​ឈ្មួញ​ដុត​ឈើ​ចោល ដើម្បី​បំបាត់ភស្តុតាង​និង​គេចវេះ​ពី​ការស៊ើបអង្កេត​។ អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​ខាងលើនេះ ត្រូវគេ​ចង្អុល​បង្ហាញថា គឺ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​ទាំង​៣​រូបនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​លើ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​៕

khada1310 khada1311 khada1313