អ្នក​ផ្ទុក​​មេរោគ​អេដស៍​នៅ​ឃុំ​រកា​រន្ធត់​ពេល​ឃើញ​គេ​ប្រគេន​​មឈូស​ច្រើន​នៅ​វត្ត​រកា

​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ស្ទើរ​គ្រប់​ផ្ទះ​នាំ​គ្នា​ភ័យរន្ធត់​ បន្ទាប់​ពី​ឃើញ​ពុទ្ធបរិស័ទ​យក​មឈូស​ជា​ច្រើន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​រកា។ ពួកគាត់​ព្រួយ​បារម្ភ​ខ្លាច​ការ​ដាក់​មឈូស​នោះ​ មាន​រឿង​រ៉ាវ​​​មិន​ល្អ​កើត​ឡើង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់។ ទាក់ទិន​បញ្ហា​នេះ​ព្រះចៅ​អធិការ​វត្ត​រកា មាន​ថេរដីកា​ថា​ ការ​ដាក់​មឈូស​នេះ​ ពុំ​មែន​ជា​​រឿង​អាក្រក់​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​នោះ​ទេ។

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ មួយ​ចំនួន​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​អ្នក​សារព័ត៌មាន​សាកសួរ​ពួកគាត់ ទាក់ទិន​នឹង​រឿង​ការ​ដាក់​មឈូស​ក្នុង​វត្ត​រកា​នោះ។

អ្នក​ភូមិ​​មួយ​ចំនួន​ថ្លែង​​ក្នុង​ពិធី​បុណ្យ​សព​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​​វត្ត​រកា ថ្ងៃ​ទី​២៦ ខែ​មករា ថា ពួកគាត់​មាន​ការ​ភ័យរន្ធត់​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ក្ដារមឈូស​ជា​ច្រើន​ដាក់​តម្រៀប​គ្នា​គរ​ដូច​ថ្នូរ​ខ្មោច​ក្នុង​ព្រះវិហារ​វត្ត​រកា។ ពួកគាត់​មាន​មន្ទិល​ថា ពុំ​ដឹង​​ការ​ដាក់​មឈូស​នេះ​ក្នុង​គោល​បំណង​អ្វី​នោះ​ទេ តែ​បាន​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ពួកគាត់៖ «មិន​ឲ្យ​ខ្ញុំ​បារម្ភ​ម៉េច​បាន! បើ​រាល់​ឆ្នាំ​មិន​ដែល​មាន​អ្នក​ណា​គេ​យក​ក្ដារមឈូស​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​រកា ផង។ ម្យ៉ាង​ទៀត​នៅ​ពេល​គេ​ដឹក​ក្ដារមឈូស​មក​ដល់​​ គេ​ថា​ដាក់​សម្រាប់​ទុក​ឲ្យ​អ្នក​កើត​អេដស៍​ប្រើ ដល់​តែ​លឺ​អ៊ីចឹង​ទៅ​ ខ្ញុំ​និយាយ​មិន​ចេញ​ទេ»

ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នេះ​​ ព្រះចៅ​អធិការ​វត្ត​រកា​ ព្រះតេជព្រះគុណ មុំ ហេង​ មាន​ថេរដីកា​ថា ក្ដារមឈូស​ដែល​រក្សា​ទុក​ក្នុង​ព្រះវិហារ​វត្ត​​នោះ ជា​អំណោយ​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​នៅ​សហរដ្ឋអាមេរិក ប្រគេន​​ឲ្យ​ព្រះអង្គ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ដើម្បី​ចែក​ជូន​ញាតិញោម​ដែល​មាន​ជីវភាព​ទាល់ក្រ ហើយ​ស្លាប់ ដោយ​ពុំ​គិត​ថា​ ជា​អ្នក​ផ្ទុក​មេរោគ​​ ឬ​អ្នក​គ្មាន​មេរោគ​អេដស៍​នោះ​ឡើយ៖ «បញ្ហា​នេះ​ដោយសារ​ពួកគាត់​លឺ​តាម​ពាក្យ​ឃោសនា​របស់​គេ​ ដោយ​គ្មាន​ការ​ពិត​ ទើប​ធ្វើ​ឲ្យ​ពួកគាត់​ភ័យ​ព្រួយ»

ការ​ព្រួយ​បារម្ភ​​របស់​ប្រជាពលរដ្ឋ​នេះ​ ស្រប​ពេល​​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ម្នាក់​ទៀត​បាន​ស្លាប់ កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មករា បន្ទាប់​ពី​ឈឺ​ធ្ងន់​ជាង​កន្លះ​ខែ​មក។ សាច់​ញាតិ​អ្នក​ស្លាប់​ លោកស្រី ចាន់ រតនា ថ្លែង​ថា អ្នក​ស្លាប់​នោះ​គឺ​លោកស្រី​ វិត ​ឡេង អាយុ ៣១​ឆ្នាំ​ បាន​ស្លាប់​ដោយ​​ក្អក​ធ្លាក់​ឈាម។

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ លោក​ ស៊ូ សានិត​ មាន​ប្រសាសន៍​ថា​ អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​ស្លាប់​នោះ ដោយសារ​​ជំងឺ​ក្រពះ​រ៉ាំរ៉ៃ​ និង​​ធ្លាក់​ឈាម​ច្រើន​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន។ ចំណែក​ឯ​ការ​ដាក់​មឈូស​ក្នុង​វត្ត​រកា​ លោក​បញ្ជាក់​ថា ​ពុំ​ពាក់​ព័ន្ធ​នឹង​រឿង​សុខភាព​របស់​ប្រជាពលរដ្ឋ​ឡើយ។

លោក​អំពាវនាវ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​អស់​កុំ​បារម្ភ​អំពី​ការ​ដាក់​មឈូស​នេះ​អី​ គឺ​​​មន្ត្រី​សុខាភិបាល​បាន​យក​ចិត្ត​ទុកដាក់​មើល​ថែ​សុខភាព​របស់​ពួកគាត់​ជា​ប្រចាំ​ហើយ៖ «យើង​មាន​គ្រូពេទ្យ​តាម​ដាន​ជាប់ អ៊ីចឹង​យើង​ដូច​អត់​មាន​ហេតុ​ផល​អី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ គឺ​យើង​មាន​ហេតុ​ផល​ចំពោះ​តែ​យាយៗ ដែល​គាត់​ឈប់​ប្រើ​ថ្នាំ​ពន្យារ​អាយុ​ជីវិត​ទៅ​វិញ​ទេ»

បើ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​បណ្ដាញ​អ្នក​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​នៅ​កម្ពុជា លោក ស៊ន សុធារិទ្ធ​ មាន​ប្រសាសន៍​ថា ការ​ដាក់​ក្ដារមឈូស​ក្នុង​វត្ត​រកា ច្រើន​បែប​នេះ​ បាន​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍៖ «ខ្ញុំ​គិត​អ៊ីចឹង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​កណ្ដាល​ដែល​មាន​សុខភាព​ល្អ។ ប៉ុន្តែ​បញ្ហា​នេះ​ បើ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពន្យល់​ពួកគាត់​ឲ្យ​បាន​ច្បាស់លាស់ ខ្ញុំ​គិត​ថា​ពុំ​មាន​បញ្ហា​​អ្វី​នោះ​ទេ»

រហូត​មក​ទល់​ពេល​នេះ​ អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ សរុប​ចំនួន ២៩២​នាក់​ ក្នុង​នោះ​អ្នក​ស្លាប់ ១៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។