ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត​លោក សំ វិចិត្រ មិន​បង្ក្រាប​ឈ្មួញ​បូម​ខ្សាច់​ឈ្មោះ ហួត​

​សកម្មជន​បរិស្ថាន​នៅ​ខេត្តកំពត​បាន​រាយការណ៍​មក​ថា ការ​បូម​ខ្សាច់​ដើម្បី​ធ្វើ​អាជីវកម្ម ត្រូវគេ​ធ្វើឡើង​ទាំង​បើកចំហ ក្នុងភូមិ​សាស្ត្រ​គល់ស្ពាន​ព្រែក​កំពត ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ដោយ​មិនមាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ធ្វើ​ដឹងឮ​នោះឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្នុងភូមិ​សាស្ត្រ​ខាងលើ​មិនគួរ​មានការ​បូម​ខ្សាច់​នោះទេ ព្រោះ​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន ខណៈ​ឈ្មួញ​បូម​ខ្សាច់​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ពី​មន្ត្រី​ជំនាញ​នៅឡើយ​។​

​ចំពោះ​ករណី​បូម​ខ្សាច់កណ្តាល​ក្រុង​កំពត​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត​លោក សំ វិចិត្រ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិនទាន់​បានដឹងថា​មាន​សកម្មភាព​នេះ​នៅឡើយ​ទេ និង​ចាំ​លោក​ចុះទៅ​មើល​។ តែ​ប្រជាពលរដ្ឋ​ខេត្តកំពត​បាន​អះអាង​សកម្មភាព​បូម​ខ្សាច់ ក្នុងភូមិ​សាស្ត្រ​គល់ស្ពាន​ព្រែក​កំពត ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត បាន​កើតឡើង​ច្រើន​ខែ​មកហើយ ដូច្នេះ​ការដែល​លោក សំ វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត​ឆ្លើយថា​ចាំ​ចុះទៅ​មើល​នោះ​វា​គ្រាន់តែ​ជា​ពាក្យ​ដោះស្រាយ​យករួចខ្លួន​ជាមួយ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​។​

​សកម្មភាព​បូម​ខ្សាច់​ក្នុង​ព្រែក​កំពត ត្រូវបាន​សកម្មជន​ប​រិ​ស្ថាន​អះអាងថា មិនមាន​ច្បាប់​អនុញ្ញាត​អ្វី​នោះទេ ពោលគឺ​ធ្វើឡើង​ដោយ​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដោយមាន​ថៅកែ​ម្នាក់​ឈ្មោះ ហួត ជា​អ្នក​រត់ការ បូម​ខ្សាច់​ពី​ព្រែក​ធម្មជាតិ​យកទៅ​ចាក់​បំពេញ​ដី​របស់​ពួកគេ និង​ធ្វើ​អាជីវកម្ម​លក់​បន្ត ហើយ​ថែមទាំង​ចាក់ដី​បំពាន​ចំណី​ព្រែក ដើម្បី​វាត​យក​ដី​សង់​សំណង់​ទៀតផង​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជា​ពល​ដ្ឋ​ក្រុង​កំពត​បាន​រិះគន់ថា បញ្ហា​នៅក្នុង​ខេត្តកំពត​មាន​ច្រើន​ស្អេកស្កះ តែ​មន្ត្រី​ជំនាញ​មិនដែល​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​នោះទេ ព្រោះ​បើ​ប្រជាពលរដ្ឋ​មិន​តវ៉ា ឬ​សារព័ត៌មាន​មិន​ផ្សាយ​រិះគន់ ពួក​មន្ត្រី​ជំនាញ​មិន​ដោះស្រាយ​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅក្នុង​ខេត្តកំពត​ក៏មាន​ករណី​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​យួន​ផងដែរ តែ​លោក ខូ​យ ឃុន​ហួរ ជា​អភិបាលខេត្ត​មិនដែល​ហ៊ាន​សួរនាំ​មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​នោះទេ បើទោះជា​ទំនិញគេចពន្ធ​បន្ត​នាំចូល​ខេត្តកំពត​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ​៕

vlcsnap-2016-01-27-08h52m56s154 vlcsnap-2016-01-27-08h53m03s227