បក្សនយោបាយ បានទទួលលិខិត ឲ្យចូលរួមប្រជុំលើ សេចក្ដីព្រាងបទបញ្ជានិ ងនីតិវិធីចុះ ឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញ៖ក្រុមគណបក្ស នយោបាយ បានទទួលលិខិតអញ្ជើញ ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យចូលរួមប្រជុំពិភាក្សា លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី ចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ រួចរាល់ហើយ។

អ្នកនាំពាក្យ គ.ជ.ប លោកហង្ស ពុទ្ធា ប្រាប់ឲ្យមជ្ឈមណ្ឌល ដើមអម្ពិលនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា គ.ជ.ប  បានចេញលិខិតអញ្ជើញឲ្យគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល មន្រ្តីទូតបរទេសនានា និងមន្រ្តីគ.ជ.ប នៅតាមបណ្តាខេត្តឲ្យចូលរួមប្រជុំផងដែរ។

លោកបន្តថា នៅក្នុងកិច្ចដែលរៀបចំឡើងនៅថ្ងៃទី២៨ មករាស្អែកនេះ មានអ្នកចូលរួមសរុប២៤០នាក់។

លោកបញ្ជាក់ថា “គ.ជ.បឯករាជ្យ ចឹងក្នុងន័យនេះ ចង់ឲ្យអ្នកទាំងអស់គ្នា ចូលរួមនូវការសម្រេចចិត្ត ទាំងឡាយពាក់ព័ន្ធ និងនីតិវិធីបោះឆ្នោតនេះឯង ពីព្រោះថា នេះគឺជាលើកទី១ ដែលកម្ពុជាមិន ធ្លាប់មានការបោះឆ្នោតតាមបែបអេឡិចត្រូនិច ។ ចឹងរបៀបថ្មីនេះគ.ជ.បត្រូវការចូលរួមទាំងអស់គ្នាដើម្បីកែលម្អលើបទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះបោះ ឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនេះ ឯងឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំង”។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានឲ្យដឹងថា “ខាងគណបក្សរបស់លោក បានទទួលលិខិតអញ្ជើញរួចហើយ ហើយគណបក្សនឹងបញ្ជូនមន្រ្តី១រូប និងនាយករងខុទ្ទកាល័យ១រូប និងជំនួយការ២រូបទៀត”។

សម្រាប់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិវិញ លោក ញ៉ែម បុញ្ញឫទ្ធិ ក៏បានថ្លែងថា «យើងបានទទួលហើយ យើងបានចាត់តាំងមន្រ្តីគណបក្សសង្គ្រោះជាតិចូលរួមសិក្ខាសាលានៅថ្ងៃស្អែក ដោយចាត់មន្ត្រី២រូបឲ្យចូលរួម»។

សូមបញ្ជាក់ថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ចុះឈ្មោះបោះឆ្នោត ដែលមាន ០៦ជំពូក និងមួយ ឧបសម្ព័ន្ធ ស្មើនឹង ១០៧ ទំព័រ នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃទី២៨ មករា ស្អែក ម៉ោង ៨ព្រឹក៕

បក្សនយោបាយ បានទទួលលិខិត ឲ្យចូលរួមប្រជុំលើ សេចក្ដីព្រាងបទបញ្ជានិ ងនីតិវិធីចុះ ឈ្មោះបោះឆ្នោតថ្មី