ស្នេហាតាមប្រព័ន្ធ អ៊ីនធឺណេត សុទ្ធតែជាការ បោកប្រាស់?

ក្នុងពេលបច្ចុប្បន្ននេះ ទំនាក់ទំនងតាម ប្រព័ន្ធអ៊ីនធឺណេត ឬ សារអេឡិចត្រូនិច ដូចជា ហ្វេសប៊ុក (Facebook), ស្កាយ ( Skype) ឬ វាយបឺ ( Viber ) បានក្លាយជាផ្នែកមួយ នៃជីវិតយុវវ័យ ដែលមិន អាចកាត់ផ្តាច់បាន ឬ ចៀសវាងផុត។ ស្ទើរតែទាំងអស់ នៃរឿងរ៉ាវប្រចាំថ្ងៃ ក្នុងជីវិតរបស់អ្នក ត្រូវបាន ផ្សារភ្ជាប់ទៅនឹង ប្រព័ន្ធអនឡាញ ដែលអាចឲ្យអ្នក ធ្វើការទិញឥវ៉ាន់, ជួបមិត្តភក្តិចាស់ៗ ដែលបែក គ្នាជាយូរមកហើយ ឬ បង្កើតមិត្តថ្មីៗ ដែលអ្នកមិនដែលជួបគ្នា ពីមុនមក និង ថែមទាំងអាចឲ្យ អ្នក ទាក់ទង ជាមួយនឹង ក្រុមគួសារសាច់ញាតិ ដែលរស់នៅក្រៅប្រទេស ឆ្លងទ្វីបផ្សេងគ្នា បានទៀតផង ។ អ្វីដែលកាន់តែ អស្ចារ្យលើសពីនេះ នោះគឺ អ្នកថែមទាំងអាច នឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយនឹងនរណា ម្នាក់ តាមប្រព័ន្ធអនឡាញនេះ ។ ទំនាក់ទំនង តាមប្រព័ន្ធលំហ អាកាសមួយនេះ អាចផ្តល់អោយ យើងរាល់គ្នា នូវការជួបជុំ សម្រាប់ក្រុមមនុស្ស ដែលរស់នៅលើ ពិភពលោកទាំងអស់ អោយជួបប្រាស្រ័យ ទាក់ទងគ្នាបាន និង បង្កើតជាទំនាក់ទំនងថ្មីមួយ ។ ប៉ុន្តែ ស្ថិតក្នុងករណីនេះ វាក៏មានជាសំណួរជាច្រើន ដែលត្រូវបានចោទសួរឡើងថា តើទំនាក់ទំនងតាម ប្រព័ន្ធអនឡាញ ឬ អ៊ីនធឺណេត អាចក្លាយជាការពិត ឬ គ្រាន់តែជាការ បោកប្រាស់ប៉ុណ្ណោះ ? ឬមួយ វាគ្រាន់តែជាការលេងសើច ប្រសិនបើអ្នកមានទំនាក់ ទំនងជាពិសេស តាមប្រព័ន្ធអនឡាញ បើទោះជាអ្នក មានដៃគូររួចទៅហើយ ? ខាងក្រោមនេះ គឺជា ទិដ្ឋភាព និង ការយល់ឃើញខុសៗគ្នា នៃទំនាក់ទំនង ស្នេហាតាមប្រព័ន្ធអនឡាញ ៖

១. ហេតុអ្វីបានជា មនុស្សភាគច្រើន ចូលចិត្តធ្វើការស្វែងរក ទំនាក់ទំនងតាមប្រព័ន្ធ អ៊ីនធឺណេត?
នៅក្នុងជីវិតប្រចាំថ្ងៃ របស់យើងម្នាក់ៗ គឺតែងប្រឈមនឹង បញ្ហាផ្សេងៗគ្នា ជាច្រើន នៅក្នុងទំនាក់ទំនងជុំវិញខ្លួន ដែលមានដូចជា នៅកន្លែងធ្វើការ, សាលារៀន ឬ ក្នុងក្រុមគ្រួសារ។ នៅក្នុងករណីភាគច្រើន ពួកគេអាចនឹង ចង់ស្វែងរកច្រកចេញពី ទុក្ខព្រួយ ឬ បញ្ហាក្នុងជីវិតរបស់ពួកគេ ជាមួយនឹង នរណាម្នាក់ ដែល អាចស្តាប់, ចែករំលែក និង យល់នូវអារម្មណ៍ក្នុងចិត្ត ហើយអ្វីជាចំបងនោះគឺ ជាមនុស្សម្នាក់ដែល មិនស្ថិតក្នុង ជីវិតប្រចាំថ្ងៃរបស់ពួកគេ ដែលអាចជាមនុស្ស ដែលមិនដែលស្គាល់ ឬ ជួបមុខគ្នាពីមុនមក ។ នោះពួកគេ នឹងមិនចាំបាច់បារម្ភថា អាថ៌កំបាំង ឬ ព័ត៌មានទាំងឡាយដែល ពួកគេបាននិយាយ ប្រាប់អ្នកថ្មីនេះ អាច នឹងត្រូវបានផ្សព្វផ្សាយ ចេញទៅពិភពខាងក្រៅ ។ ពួកគេ ហាក់នឹងមានអារម្មណ៍ថា នឹងមានសុវត្ថិភាព ក្នុងការនិយាយជាមួយ មនុស្សប្លែកមុខម្នាក់នេះ តាមដែលពួកគេ ប្រាកដថា វាមិន ងាយនឹង ធ្វើអោយពួកគេទាំងពីរ ត្រូវប្រឈមមុខដាក់គ្នា ពិតប្រាកដ នៅពិភពខាងក្រៅ។ នោះពួកគេ នឹងអាច និយាយនូវអ្វីៗ ដែលចេញអស់ពីក្នុងចិត្ត ។ ម្យ៉ាងវិញទៀត គេក៏បានសម្គាល់ ឃើញដែរថា មនុស្សភាគច្រើន តែងស្វែងរកទំនាក់ទំនង មិត្តភាពតាម ប្រព័ន្ធអនឡាញ នៅពេលណា ដែលពួកគេ មានបញ្ហា ជាមួយនឹង មិត្តជិតស្និទ្ធ ឬ ដៃគូស្នេហារបស់ខ្លួន ។

២. ធានាបាននូវ ភាពអាថ៌កំបាំង ឬ សិទ្ធជាបុគ្គល
បន្ទាប់ពីពួកគេ បានបញ្ចេញនូវរាល់បញ្ហា ដែលមាននៅក្នុងចិត្ត នោះរាល់ពេលដែលពួកគេ ធ្វើការបិទ កុំព្យូរទ័រ ឬ ឡេបថប់ និង រាល់ឧបករណ៍ទំនាក់ទំនង តាមប្រព័ន្ធអ៊ីនធឺណេតនេះ ហើយ នោះបានន័យថា ពួកគេ នឹងអាចត្រលប់ទៅរក ជីវិតពិតប្រចាំ ថ្ងៃរបស់ពួកគេ បានដូចជាធម្មតាវិញ ។ ប៉ុន្តែការពិតនោះគឺ ថា នៅក្នុងចិត្តរបស់ពួកគេ គឺបានស្វែងរកវិធី ក្នុងការដោះស្រាយនូវទុក្ខកង្វល់ និង ហាក់នឹងមានអារម្មណ៍ បានធូរស្បើយ បន្ទាប់ពី ពួកគេបានចែករំលែកនូវ អារម្មណ៍ពិសេសក្នុងចិត្ត ជាមួយនឹងមនុស្សម្នាក់ថ្មី ដែលមិនដែលស្គាល់គ្នា ហើយវាក៏នឹងអាច រក្សាបាននូវ ភាពជាបុគ្គល ឬ អាថ៌កំបាំង ចំពោះជីវិតរាល់ថ្ងៃ ដែលគេ ត្រូវប្រឈមនឹងមនុស្សជុំវិញខ្លួន ។

៣. តើនៅពេលណាដែល បញ្ហាក្លាយជា ស្នូរប្រកាសអាសន្ន ?
ការសន្ទនាជាប្រចាំ ជាមួយនឹងមនុស្សដដែលៗ ក្នុងអំឡុងពេល នៃការជជែកកំសាន្ត អាចនឹង បង្កើត និង ផ្សារភ្ជាប់ នូវអារម្មណ៍នៃទំនាក់ទំនង ជិតស្និទ្ធបានជាពិសេស រវាងមនុស្សពីរនាក់។ ចំណងនេះ នឹងកាន់ តែស្អិតរមួត តាមរយៈការផ្សារ ភ្ជាប់អារម្មណ៍ ដែលនឹង កាន់តែរឹងមាំឡើងៗ ជាមួយនឹងការ ចែករំលែក នូវអាថ៌កំបាំង ក្នុងជីវិតផ្ទាល់ខ្លួន តាមរយៈពាក្យសន្ទានា ដែលបានសាសង គ្នាជារៀងរាល់ថ្ងៃ ។ ហើយជា ធម្មតា វានឹងបញ្ចប់ជាមួយនឹង អារម្មណ៍ស្នេហាចម្លែក ចំពោះគ្នាទៅវិញទៅមក ។ ហើយ ក្នុងចំណោម ពួកគេមួយចំនួន បានក្លាយជា ទំនាក់ទំនងស្នេហា តាមប្រព័ន្ធអនឡាញមួយនេះ ។ សេចក្តីស្នេហា ចម្លែក មួយនេះ គួរតែអាចនាំយកមក នូវសញ្ញា ប្រកាសអាសន្ន ដែលអ្នករាល់គ្នា គួរឆាប់ចាត់វិធាការណ៍ ដោះស្រាយ ឬ ប្រឈមនឹងការពិត អោយបានភ្លាមៗ ។

៤. តើអ្វីជាបញ្ហាចំពោះ សេចក្តីស្នេហា តាមប្រព័ន្ធអ៊ីនធឺណេត?
បញ្ហាជាចំបង នៅទីនេះ នោះគឺ អ្នកបានផ្តល់នូវទំនុក ចិត្តជាខ្លាំងទៅលើ មនុស្សម្នាក់ដែលអ្នក មិនដែល បានស្គាល់ពីមុនមក ហើយវាអាចនឹង ចោទជាបញ្ហា ប្រសិនបើគេ មិនមានចិត្តស្មោះចំពោះអ្នក ។ ដោយសារតែការ មិនដែលប្រឈមមុខនឹងគ្នា ពិតប្រាកដ វាអាចនឹងធ្វើឲ្យអ្នក ស្មានខុសនូវ ព័ត៌មាន ឬ អត្តចរិត ពិតប្រាកដរបស់គេ ដែលគេបានប្រាប់អ្នក ។ ទំនាក់ទំនង ដ៏ជ្រាលជ្រៅ មិនគួរត្រូវបាន បង្កើតជា ស្ថាពរនោះទេ ដរាបណា ឬ លុះត្រាតែអ្នក បានប្រាកដពីអ្វីៗ ដែលជាភាព ជាក់ស្តែងទាំងអស់ របស់បុគ្គលម្នាក់នោះ ។

៥.តើវាជាការបោកប្រាស់ឬ ?
នៅក្នុងករណី ដែលអ្នកបានមានដៃគូ ស្នេហារួចទៅហើយ តែអ្នកក៏មិនបានផ្តេកផ្តួល ចូលទៅក្នុង ទំនាក់ទំនងស្នេហាតាមប្រព័ន្ធ អនឡាញជ្រាលជ្រៅទេ នោះវាក៏មិនត្រូវបានចាត់ទុកថា ជាការបោក ប្រាស់នោះដែរ ដរាបណា វាមិនជះឥទ្ធិពល ជាអវិជ្ជមានចំពោះ ស្នេហាពិតប្រាកដ នៅខាងក្រៅរបស់អ្នក ។ ប៉ុន្តែប្រសិនបើវា បានជ្រៀតជ្រែក ចូលទៅក្នុង ទំនាក់ទំនងស្នេហាពិត នោះអ្នកគួរតែធ្វើការពិចារណា អោយបានច្បាស់លាស់ មុននឹងសម្រេចចិត្តបន្តវា ទៅថ្ងៃអនាគតទៀត ព្រោះថាវានឹង ផ្តល់ផលអាក្រក់ សម្រាប់អ្នក ទាំងក្នុងទំនាក់ទំនងក្រៅផ្លូវការ និង សង្គមជីវិតជាក់ស្តែងប្រចាំថ្ងៃ ។

ដូច្នេះ ទំនាក់ទំនងមិត្តភាព ឬ ស្នេហាតាមប្រព័ន្ធអនឡាញ គឺមិនចោទជាបញ្ហាអ្វីនោះទេ ឬ យ៉ាងហោចណាស់ ក៏វា មិនគួរត្រូវបាន គេចាត់ទុកថា ជាការបោកប្រាស់នោះដែរ ដរាបណា អ្នកមិនបាន លលេង និង បំផ្លាញដល់ ផ្លូវចិត្ត ឬ រំខានដល់ជីវិតជាក់ស្តែង របស់បុគ្គលណាម្នាក់ ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺថា ត្រូវចេះបែងចែក អោយច្បាស់ នូវអ្វី ដែលល្អ និង អាក្រក់ នៅក្នុងថ្ងៃអនាគត និង ភាពជាក់ស្តែង នៅក្នុងជីវិត ពិតរបស់អ្នកទាំងពីរ ៕

ស្នេហាតាមប្រព័ន្ធ អ៊ីនធឺណេត សុទ្ធតែជាការ បោកប្រាស់?

ប្រភព៖ គេហទំព័រ www.health.com.kh