ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ជួញដូរ ​និងប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ ត្រូវ​បាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញមុខ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៦ រួម​ជា​មួយ​​កាំភ្លើងខ្លី​បាញ់​គ្រាប់កង់​មួយ​ដើម​ និង​គ្រឿងញៀន​៧​កញ្ចប់​ ។

​ជនសង្ស័យ​ដែល​បង្ហាញមុខ​​​ទាំង​​នោះ មាន ​១.​ឈ្មោះ​ ឡុ​ង ធា​រ័​ត្ន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មាន​លំនៅឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​ ២.​​ឈ្មោះ ចេ​វ លី​ហេង ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រែក​កាំភ្លើង ឃុំ​កំពង់ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​ ​៣.​ឈ្មោះ ​យុន គឹ​ម​ស្រុ​ន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ មាន​លំនៅ​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង និង​៤.​ឈ្មោះ​ ស៊ីវ ដា ហៅ​ឌួ​ង ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ មាន​លំនៅ​ភូមិ​ចុង​កោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ។

​មន្ត្រី​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បានឱ្យ​​ដឹង​ថា ​ជនសង្ស័យ​ទាំង​៤​នាក់​ ត្រូវ​បាន​​នគរបាល​​ឃាត់​ខ្លួន​ក្នុង​២​ករណី​ផ្សេង​គ្នា ដែល​ជនសង្ស័យម្នាក់​ឈ្មោះ​ ស៊ីវ ដា ហៅ​ឌួ​ង ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦​ នៅ​កំពង់​ដកោះដាច់​ក្នុងភូមិ​រនះ សង្កាត់​កោះដាច់​ ដោយ​ដកហូត​បាន​គ្រឿងញៀន​ម៉ា​ទឹកកក ១​កញ្ចប់​ធំ ។ បន្ទាប់​ពី​ឃាត់ខ្លួន​សាកសួរ​ ជន​នោះ​ឆ្លើយ​សារភាព​ថា ទិញ​ពី​ឈ្មោះ ​ប្រាក់ ពេជ្រ ​នៅ​​ភួ​មិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ហើយ​សមត្ថកិច្ច​ចុះ​ទៅ​សហការ​ឆែកឆេរ​លំនៅ​ឋាន​ដកហូត​បាន​គ្រឿងញៀន​៥កញ្ចប់​ទៀត ​ក្នុង​នោះ​មាន​១​កញ្ចប់ធំ​ ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់​គ្រាប់កង់​១​ដើម ​។

​ដោយឡែក​ ជនសង្ស័យ​៣​នាក់​ទៀត ត្រូវ​បាន​​​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦ ​មករា នៅ​មុខ​វត្ត​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ​​​ពេល​មក​ពី​ទិញ​គ្រឿងញៀន​ជួប​កម្លាំង​ល្បាត​ ។

តាម​ព័ត៌មាន​បាន​ឱ្យ​​ដឹង​ទៀត​ថា នៅ​មុន​ពេល​ចាប់ខ្លួន ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​បាន​ប្រមូលប្រាក់​គ្នា​​ជិះ​ម៉ូតូ​ម៉ាក​SUZUKI  LETS ​ពណ៌​សលាយ​បៃតង​ខ្ចី​ ​ពាក់​​ស្លាក​លេខ​ភ្នំពេញ​១FQ-៧២៦៧ ​មួយ​គ្រឿង ចេញពី​ស្រុក​កំណើត មក​ទិញ​គ្រឿងញៀន​នៅ​ម្តុំ​ក្តាន់​២ ​ក្នុង​ខណ្ឌ​៧​មក​រា ​ដើម្បី​យក​ទៅ​ប្រើប្រាស់ ។​ នៅ​ពេល​ទិញ​គ្រឿងញៀន​បាន​១​កញ្ចប់​ ក៍បាន​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លុះ​មក​ដល់មុខ​វត្ត​គៀន​ឃ្លាំង ក៍​ត្រូវ​បាន​​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្តង ​៕