បរិមាណ​ឈើ​ស្តុក​ទុក​ក្នុង​ឃ្លាំង​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា មានការ​ថយចុះ​គួរ​ឲ្យ​សង្ស័យ​

នៅពេលដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចុះទៅពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​រប​ស់មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា កាលពី​ថ្ងៃទី​២១​និង​២២ ខែមករា ឆ្នាំ​២០១៦ បាន​រកឃើញ​ឈើ​ប្រណីត​នៅក្នុង​ឃ្លាំង​នោះ​៣០៨៤​ម៉ែត្រគូប​។ ប៉ុន្តែ​នៅពេលដែល​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ ងី វីរៈ ចុះទៅ​វាស់វែង​ឈើ​ក្នុង​ឃ្លាំង​នោះ គឺមាន​តែ​៨៥០​ម៉ែត្រគូប​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ព្រោះ​តួលេខ​ទាំង​២​ខុសគ្នា​ដូច​មេឃ​និង​ដី ហើយ​មហាជន​ជឿជាក់​ទៅលើ​តួលេខ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​វែកញែក​ថា ឈើ​នៅក្នុង​ឃ្លាំង​តែមួយ​បែរជា​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រកឃើញ​ដល់​ទៅ​៣០៨៤​ម៉ែត្រគូប ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ រកឃើញ​តែ​៨៥០​ម៉ែត្រគូប​ប៉ុណ្ណោះ ពិតជា​មិនអាច​ទទួលយក​បានឡើយ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជំរុញ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បង្ហាញ​លទ្ធផល​ឡើងវិញ​ដើម្បី​ឲ្យ​មជ្ឈដ្ឋាន​នានា​អស់​ការសង្ស័យ​។ ជាពិសេស​ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការវាស់វែង​ឈើ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក ងី វីរៈ ជាបន្ទាន់​។

តាម​ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា កន្លងមក​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នក​បើកដៃ​ឲ្យ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា សឹង សំអុល និង​ឈ្មួញ​ជាច្រើន​នាក់​ទៀត​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ឥឡូវនេះ​លោក ងី វីរៈ កំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​សង្ស័យ​យ៉ាងខ្លាំង​អំពី​បរិមាណ​ឈើ​ស្តុក​នៅក្នុង​ឃ្លាំង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ព្រោះ​មាន​តួលេខ​ខុសគ្នា​ជាមួយ​លទ្ធផល​ដែល​រកឃើញ​ដោយ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ហេតុនេះ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​គួរបញ្ជាក់​ឲ្យ​បានច្បាស់លាស់​ផងដែរ ព្រោះ​អភិបាលខេត្ត​ត្បូងឃ្មុំ​រូបនេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាត់វិធានការ​លើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែល​រត់ពន្ធ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​៕

abc-9 abc-27 12473869_1546501758997523_2126091326535025724_o1