ម.ស.ម.ក ស្នើរដ្ឋមន្រ្ដី ក្រសួងបរិស្ថាន បំភ្លឺពីការផ្ដល់ សម្បទានដីសេដ្ឋកិច្ច

ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានស្នើឲ្យ លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បំភ្លឺពីការផ្ដល់សម្បទាន ដីសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះ ទៅឲ្យក្រុមហ៊ុនមួយចំនួន។

កាលស្នើរបស់លោកស្រី ចក់ សុភាព នាយិកា ម.ស.ម.កនេះ បានធ្វើឡើងក្រោយពីសារព័ត៌មាន ដឹខេមបូឌា ដេលី បានចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ពីការ ផ្ដល់សម្បទានដីសេដ្ឋកិច្ច។

ក្នុងលិខិតចំហរបស់លោកស្រី ចក់ សុភាព បានផ្ញើទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ មករា បានបញ្ជាក់ថា “នាងខ្ញុំបារម្ភថា ការផ្តល់សម្បទានដៅសេដ្ឋកិច្ចទាំងនេះ រំលោភទៅលើបទបញ្ជា ស្ដីពីការផ្អាកសម្បទានដីសេដ្ឋកិច្ច ជាបណ្ដោះអាស្ននតាមរយៈបទបញ្ជា(០១ ) ស្ដីពីការពង្រឹងវិធានការ និងប្រសិទ្ធភាពនៃការគ្រប់គ្រង សម្បទានដីសេដ្ឋកិច្ចលេខ (០១បប) ដាក់ចេញឲ្យអនុវត្ត កាលពីខែឧសភា ឆ្នាំ២០១២”។

លិខិតខាងលើបន្តថា សម្បទានដីសេដ្ឋកិច្ចទាំងនោះ មានទីតាំងស្ថិតនៅ ខាងក្នុងតំបន់ជម្រកសត្វព្រៃភ្នំព្រិច ដែលពីមុនធ្លាប់បានកាន់កាប់ ដោយក្រុមហ៊ុន កសិកម្មខែ្មរអង្គរ និងក្រុមហ៊ុនដាណាណាម នៅមុនពេលត្រូវបានដកហូតយកមកវិញ ដោយសារតែបានរំលោភ ទៅលើលក្ខខណ្ឌ នៃការប្រកអាជីវកម្មរបស់ខ្លួន។

ប្រភពបន្ថែមថា “សូមក្រសួងបរិស្ថានបំភ្លឺ ចំពោះការផ្ដល់ដីសេដ្ឋកិច្ចទាំងនេះ ពិតជាធ្វើឡើងស្របតាមបទបញ្ជា ឲ្យផ្អាកការផ្ដល់សម្បទាន នាពេលបច្ចុប្បន្ននេះ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១២ ដែរឬទេ។ ឬក៏ការផ្ដល់ដីនេះ មិនមែនជាសម្បទាន ដីសេដ្ឋកិច្ចថ្មីទេ ប៉ុន្ដែជាកិច្ចព្រមព្រៀង ប្រើប្រាស់ដីប្រភេទផ្សេងវិញ។ សម្បទានដីសេដ្ឋកិច្ចថ្មីនេះ ក្រសួងមេត្តាផ្ដល់ព័ត៌មាន អំពីសិទ្ធិដែលក្រុមហ៊ុនទាំងនេះមាន និងធានាថា មិនឲ្យមានការកាប់ព្រៃឈើថ្មីទៀតឡើយ”។

លិខិតចំហររបស់ម.ស.ម.ក ក្នុងខែមករា ឆ្នាំ២០១៥ ផ្ទៃដីទំហំជាង ៦០០.០០០ ហិកតា ត្រូវបានដកហូតយកមកវិញ ពីក្រុមហ៊ុនចំនួន៧១ ដោយដាក់ឲ្យ ស្ថិតនៅក្រោមការគ្រប់គ្រង របស់រាជរដ្ឋាភិបាល ដោយសារតែរំលោភ ទៅលើលក្ខខណ្ឌសម្បទានដីសេដ្ឋកិច្ច៕