ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តកំពង់ធំ ៖ កសិដ្ឋាន​​ចិញ្ចឹម​មាន់​ទ្រង់​ទ្រាយ​ធំ​​បង្គួរមួយ​​កន្លែង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​​សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់​ធំ គឺ​មាន​​​មាន់​ងាប់​ជា​ច្រើន​ពាន់​ក្បាល​ បង្ក​​ការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជាពលរដ្ឋ និង​មន្ត្រី​បសុព្យាបាល​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត ​ចុះ​ជួយ​អន្ត​រា​គម​ន៍​​ដុត​កម្ទេច​ចោល និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ។

ជុំវិញ​​ករណី​ខាងលើ​នេះ លោកប៊ិ​​ន វ​ណ្ណា​រ៉ា អ្នក​ទទួល​គ្រប់គ្រង​ផ្នែក​ចិញ្ចឹមសត្វ​​របស់​ក្រុមហ៊ុន​ស៊ី​ភី (CP) ​ប្រចាំ​ខេត្តកំពង់ធំ​ ​បានឱ្យ​​​ដឹងថា ​នៅ​កសិដ្ឋាន​ចិញ្ចឹម​​មាន់​ទួល​ពោរ​​អំ​ប៉ិ​ស​នេះ មាន​ទ្រុង​មាន់​ធំ​ៗ​ចំនួន​៣ ហើយ​ក្នុង​១​​ទ្រុង​ៗ​ ក្រុមហ៊ុន​ស៊ី​ភី​(​CP) បាន​ដាក់​មាន់​ឱ្យ​កសិករ​ចិញ្ចឹម​ចំនួន​៥.០០០​ក្បាល និង​បាន​បណ្តុះបណ្តាល​ផ្នែក​ជំនាញ​​ដល់​​ពួក​គាត់​ឱ្យ​​​ចេះ​​ពី​​របៀប​ថែទាំ និង​ការពារ​​នៅ​ពេល​មាន​ជំងឺ​​ទៅ​តាម​បច្ចេកទេស​ ។​

​រោង​​មាន​២​កន្លែង​ទៀត ​បាន​ចាប់​លក់​អស់​ហើយ នៅ​សល់​១​កន្លែង​ដែល​មាន​ម្ចាស់​ឈ្មោះ​ខាត់ គឹ​ម​លឿន ភេទ​ស្រី ដែល​ខាង​ក្រុម​ហ៊ុន​ស៊ី​ភី​ ទើបតែ​ដាក់​មាន់​ឱ្យ​​៥.០០០​​ក្បាល កាលពី​ថ្ងៃ​ទី​២១ ​ធ្នូ  ២០១៥ ទើបតែ​បាន​រយៈ​ពេល​ជាង​១​ខែ ហើយ​មាន់​​ទម្ងន់​ប្រហែល​ជា​៤​ ទៅ​៥​ខាំ​ប៉ុណ្ណោះ ។ ក្នុងរយៈ​​ពេល​១​អាទិត្យ​នេះ​ ក្នុង​១​ថ្ងៃ​មាន​មាន់​ងាប់​​ចាប់ពី​​២០​ក្បាល ​ដល់ទៅ​​៦០ក្បាល​ សរុប​​ជិត​៣០០​ក្បាល ហើយ​អ្នក​ចិញ្ចឹម​បាន​យក​ទៅ​កប់​ចោល​ខ្លះ និងនៅ​សល់​ខ្លះ ។ ចំណែក​មាន់​ងាប់ ​ដែល​​គេ​ច្រក​បោះ​ចោល​ក្នុង​ទឹក​​ប្រឡាយ​នោះ ​មិនមែន​ជា​របស់​ខាង​ក្រុមហ៊ុន​នោះ​ទេ ពីព្រោះ​មាន់​ងាប់​ក្នុង​បេ​ គឺ​មាន់​ធំ​ៗ​ទម្ងន់​១​ជាង​១​គឺ​ឡូ​ឯណោះ​ ។​