ជប៉ុន និងកូរ៉េខាងត្បូងឡើងប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ AFC U-23 កក់កៅអីទៅអូឡាំពិក

ក្រុមយក្ស ២នៅអាស៊ី គឺក្រុមជម្រើសជាតិ បាល់ទាត់ជប៉ុន និងកូរ៉េខាងត្បូង នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ AFC U-23 Championship ដែលត្រូវធ្វើឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតារ។ ការឡើងផ្ដាច់ព្រ័ត្រនេះ ក៏មានន័យថា ក្រុមទាំង២ នឹងត្រូវទៅលេង ព្រឹត្តិការណ៍កីឡាអូឡាំពិក ២០១៦ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលផងដែរ។

ជប៉ុន និងកូរ៉េខាងត្បូងឡើងប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ AFC U-23 កក់កៅអីទៅអូឡាំពិក

U23 ជប៉ុនបានយកឈ្នះ U23 អ៊ីរ៉ាក់ ២-១ ចំណែកឯ U23 កូរ៉េខាងត្បូង បានបំបាក់ម្ចាស់ផ្ទះ U-23 កាតារ ៣-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្នុងការប្រកួតរវាងជប៉ុន និងអ៊ីរ៉ាក់ ចាប់ផ្ដើមបាន២៦នាទី ខ្សែប្រយុទ្ធ Yuya Kubo បានស៊ុតឲ្យជប៉ុននាំមុខមុន ១-០ ប៉ុន្តែនៅចុងតង់ទី១ នាទី៤៣ ខ្សែការពារ Saad Natiq បានតាមស្មើឲ្យអ៊ីរ៉ាក់ ១-១។ គ្រប់យ៉ាងត្រូវចប់សព្វ គ្រប់នៅពេលខ្សែបម្រើ Riki Harakawa ស៊ុតបញ្ចូលទី នាទី ទី៩០+៣ ជួយឲ្យជប៉ុនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែកកូរ៉េខាងត្បូងវិញ បានយកឈ្នះកាតា នៅចុងម៉ោងដូចគ្នា ដោយ៣គ្រាប់ របស់ពួកគេធ្វើបាន ដោយ Ryu Seung Woo នាទី៤៨, Kwon Chang Hoon នាទី ៨៩ និង Moon Chang Jin នាទី ៩០+៥ ឯ១គ្រាប់របស់ កាតារស៊ុតបញ្ចូលទីនាទី ៧៩ ដោយកីឡាករ Ahmed Alaaeldin។

ការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ AFC U-23 Championship នេះបានធ្វើឲ្យជប៉ុន និងកូរ៉េខាងត្បូងក្លាយ ជាក្រុមនៅអាស៊ីមុនគេ ដែលបានកក់កៅអី ជាស្វ័យប្រវត្តិនៅការ ប្រកួតកីឡាអូឡាំពិក វិញ្ញាសាបាល់ទាត់បុរស៕

ប្រភព៖ សប្បាយ