ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ មក​រា ថា ប្រទេស​រុ​ស្ស៊ី​មាន​ចេតនា​កសាង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​លោក​ខាងលិច ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព និង​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក រួច​នឹង​មិន​ចុះ​ញ៉ម​ដាច់ខាត​ចំពោះ​ការ​គាបសង្កត់​ពី​ខាងក្រៅ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​មួយ លោក​ឡាវ​រ៉ូ​វ អះអាង​ថា មាន​ពេល​ខ្លះ​ពួក​លោក​ខាងលិច​និយាយ​ថា នឹង​ពុំ​មានការ​រកស៊ី​ជួញដូរ​ជាមួយ​រុ​ស្ស៊ី​ឡើយ រួច​ខ្ញុំ​ជឿជាក់​ថា បែប​នេះ​ជា​រឿង​ពិត ។ សេចក្តីថ្លែងការណ៍​ទាំងនេះ​របស់​បណ្តា​ប្រទេស​លោក​ខាងលិច មាន​គោលបំណង​ចាប់បង្ខំ​យើង​ឱ្យ​ទទួលយក​កិច្ចព្រមព្រៀង​នានា ដែល​ជា​ពិសេស​គិតដល់​បណ្តា​ផលប្រយោជន៍​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​យើង​ជឿជាក់​ថា ការ​គាបសង្កត់​ទាំងនេះ​នឹង​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​យើង​ឡើយ​។ រឿងរ៉ាវ​បែប​នេះ​វា​ចប់​ទៅ​ហើយ ។

លោក​ឡាវ​រ៉ូ​វ បន្ត​ថា រុ​ស្ស៊ី​បាន​អនុវត្ត​ការ​កែទម្រង់​រចនាសម្ព័ន្ធ ហើយ​កាត់​បន្ថយ​ការ​នាំ​ចូល ដើម្បី​កុំឱ្យ​ចំណុះ​លើ​បណ្តា​លក្ខខណ្ឌ​នៃ​នយោបាយ​របស់​លោក​ខាងលិច ។

ទន្ទឹម​នឹង​នេះ​ក្រុង​មូ​ស្គូ​នៅ​តែ​បើកចំហ ហើយ​ត្រៀម​រួម​សហការ​ជាមួយ​លោក​ខាងលិច ក៏​ប៉ុន្តែ​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព និង​ផ្អែក​លើ​គោលការណ៍​ឯទៀត​ៗ​នៃ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​។

អំពី​ការ​ពង្រីក​អង្គការ​អូតង់​សំដៅ​មក​អឺរ៉ុប​ខាងកើត និង​ក្បែរ​ព្រំដែន​រុ​ស្ស៊ី ព្រមទាំង​ការ​បង្កើត​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​នៅ​អឺរ៉ុប និង​អាស៊ី​ភាគ​ឦសាន ប្រមុខ​ការទូត​រុ​ស្ស៊ី​អះអាង​ថា នោះ​ជា​នយោបាយ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត និង​បង្ក​អ​ស្ថេ​រ​ភាព ។

លោក​ឡាវ​រ៉ូ​វ ក៏​គូសបញ្ជាក់​ផង​ដែរ​ថា មនោគមន៍វិជ្ជា​ឯក​ប៉ូ​ល​មិន​អាច​គ្របដណ្តប់​នយោបាយ​អន្តរជាតិ​បាន​ឡើយ ៕