ក្រោយ​ទាត់​ខ្យល់ ៥ខែ Adebayor បាន​កុងត្រា​លេង​ជាមួយ Crystal Palace

កីឡាករ Emmanuel Adebayor បាន​វិល​ត្រលប់​មកកាន់​លី​ក​អង់គ្លេស Premier League វិញ​បន្ទាប់ពី​បាន​ចុះ​កុងត្រា​ជាមួយនឹង Crystal Palace រហូតដល់​បញ្ចប់​រដូវ​កាល​ក្រោយ និង​បានបញ្ចប់​ភាព​អត់​ការងារ​ធ្វើ​រយៈពេល ៥ ខែ របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​តុង​ហ្គូ​នេះ​ផងដែរ។

adebayorកីឡាករ​ខ្សែប្រយុទ្ធ​ដែល​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន ៩៦គ្រាប់​ក្នុង ២៣០ប្រកួត អត់​មាន​ក្លិប​ទទួលយក​លេង ចាប់តាំងពី​ខែកញ្ញា​មក នៅពេលដែល​កិច្ចសន្យា​របស់គេ ជាមួយនឹង Tottenham Hotspur ត្រូវបាន​បញ្ចប់​ដោយ​ការយល់ព្រម​រវាង​ភាគី​ទាំងពីរ (កុងត្រា​បញ្ចប់​មុនពេល​ផុតរលត់)។ សូមបញ្ជាក់ថា ខណៈពេល​កីឡាករ​នេះ ក្លាយជា​កីឡាករ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន ក្លិប​ត្រូវ​ផ្តល់ប្រាក់​បៀវត្សរ៍​ចំនួន ១០ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ដល់​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ តាម​កិច្ចសន្យា​ចាស់។

ប៉ុន្តែ​ការផ្តល់​ប្រាក់បៀវត្ស៍​នេះ នឹងត្រូវ​ផ្ទេរ​ទៅ​ក្លិប Crystal Palace ជា​អ្នក​រាប់​រ៉ង់​ចំពោះ​កីឡាករ​នេះ​វិញ។ Adebayor ធ្លាប់មាន​ការចាប់អារម្មណ៍​ពី​ក្លិប​នៅ​ប្រទេស​ចិន តួ​ក​គី និង​កាតា ក៏ដូចជា​ក្លិប Watford ផងដែរ ប៉ុន្តែ​កីឡាករ​រូបនេះ​សម្រេចយក​ឳ​កាស​រស់នៅ និង​លេង​នៅក្នុង​ទីក្រុង​ឡុង​ដ៍​វិញ ដែលជា​ផ្នែក​មួយ​នៃ​ការសម្រេចចិត្ត​ចូល​មកលេង​ជាមួយនឹង ក្រុម​ឥន្ទ្រី​នេះ។ ថ្លែងប្រាប់​គេហទំព័រ​ក្លិប អតីត​ខ្សែប្រយុទ្ធ​កាំភ្លើង​ធំ Arsenal នេះ​បាន​និយាយថា «ខ្ញុំ​ជ្រើស​រើសយក Palace ដោយសារ​គ្រួសារ​របស់ខ្ញុំ​សប្បាយចិត្ត​នៅក្នុង​ទីក្រុង ឡង​ដ៍​នេះ។ Palace មាន​ទម្រង់​លេង​ដែល​ខ្ញុំ​ចូលចិត្ត និង​មាន​កីឡាករ​ខ្លះ​ជា​មិត្តភក្តិ​របស់ខ្ញុំ​ផងដែរ»។ «ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​នាំយក​បទពិសោធន៍​កាន់តែច្រើន​មកដល់​ក្លិប Palace និង​សម្រេច​អ្វីដែល​ក្លិប​នេះ​ចង់​សម្រេចបាន»៕