អង្គការ​តម្លាភាព​រក​ឃើញថា អំពើពុករលួយ​នៅ​កម្ពុជា​ខ្លាំងជាងគេ​គឺ​ក្នុង​ប្រព័ន្ធតុលាការ​

តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា​ស្ថានភាព​អំពើពុករលួយ​នៅក្នុង​សង្គម​កម្ពុជា​នៅតែមាន​ភាព​ធ្ងន់ធ្ងរ​ដដែល​។ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ទោះបីជា​រដ្ឋាភិបាល​ក្រោម​ការគ្រប់គ្រង​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត មាន​កំណែទម្រង់​ខ្លះ​កដោយ ការយល់ឃើញ​ពី​អំពើពុករលួយ​ក្នុង​វិស័យ​សាធារណៈ របស់​ប្រទេស​កម្ពុជា​ក្នុង ឆ្នាំ​២០១៥ នៅតែមាន​កម្រិត​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៤​។

​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​បាន​សង្កត់ធ្ងន់ថា ក្នុងចំណោម​ការប្រព្រឹត្ត​អំពើពុករលួយ​ដែល​កើតមានឡើង​នៅ​ស្ទើរតែ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​នោះ ប្រព័ន្ធតុលាការ​មាន​អំពើពុករលួយ​ខ្លាំងជាងគេ​។ របាយការណ៍​អង្គការ​តម្លាភាព​កម្ពុជា​បាន​រៀបរាប់ថា ក្នុងនោះ​ប្រទេស​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ទី​១៥០ ក្នុងចំណោម​ប្រទេស​១៦៨ បើ​ធៀប​នឹង​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ចំណាត់ថ្នាក់​១៥៦ ក្នុងចំណោម​ប្រទេស​១៧៥​។ ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​គេ​យល់ឃើញថា មាន​កម្រិត​អំពើពុករលួយ​ខ្ពស់ ហើយ​ទទួលបាន​ចំណាត់​ថ្នាក់ទាប​បំផុត​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​។

ការវាយតម្លៃ​របស់រ​បាយ​ការណ៍​អង្គការ​តម្លាភាព ត្រូវបាន​ប្រធាន​អង្គការ តម្លាភាព​កម្ពុជា លោក ព្រាប កុល អះអាងថា គឺធ្វើឡើង​តាមរយៈ​ការច្របាច់បញ្ចូល​ទិន្នន័យ​ផ្សេងៗ​គ្នា ដែល​បានមកពី អ្នកជំនួញ និង​អ្នកជំនាញ​នានា​របស់​ប្រទេស​នីមួយៗ​ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​។ គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​អង្គការ តម្លាភាព​អន្តរជាតិ តែងតែ​ធ្វើ​ចំណាត់ថ្នាក់​ទៅលើ​ប្រទេស​នីមួយៗ​លើ​កម្រិត នៃ​អំពើពុករលួយ នៅក្នុង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋាភិបាល​។​

​គួរ​បញ្ជាក់ថា​អំពើពុករលួយ​នៅតែ​ជា​ឧបសគ្គ​ដ៏​ចម្បង​មួយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​។ ជាក់ស្តែង​លោក ច​ន ឃើ​រី រដ្ឋមន្ត្រីក្រសួង​ការ​ទេស​សហរដ្ឋអាមេរិក​ដែល​ទើបតែ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា​លទ្ធិប្រជាធិបតេយ្យ​ដើរតួនាទី​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស ហើយ​វា​ក៏​ជា​តួនាទី​សំខាន់​នៅក្នុង​ការកំណត់​អំណាច​របស់​អ្នកដឹកនាំ​ផងដែរ​។ លោក ច​ន ឃើ​រី បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ជាទី​ផ្សារ​នាំចេញ​ធំជាងគេ​របស់​កម្ពុជា ហើយ​ប្រទេស​ទាំងពីរ​នឹង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការបណ្ដាក់ទុន​តាមរយៈ​ការជួយ​កម្ចាត់​អំពើពុករលួយ និង​ការពង្រឹង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​៕

preapkol-620