មុខសញ្ញាប្លន់នៅកំពង់ស្ពឺ ត្រូវនគរបាលឃាត់ខ្លួនបានពីរនាក់

កំពង់ស្ពឺ៖ ក្រោយពីមានកិច្ចសហការ រវាងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាល នៃក្រសួងមហាផ្ទៃ ជនសង្ស័យជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ពីរនាក់ត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់ ដោយម្នាក់ត្រូវបានឃាត់ខ្លួននៅ ថ្ងៃទី២៣ ខែមករា និងម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៥ ខែមករា ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ អ៊ុក គឿន ហៅ ឃុន គឿន មានស្រុកកំណើតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៣ ខែមករា នៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ឯជនសង្ស័យទី២.ឈ្មោះ បាត សំណាង ហៅ ឡូ ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកំណើតនៅភូមិតាឡាត ឃុំអូរ ឃាត់ខ្លួននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្បែរខេត្តបាត់ដំបង បន្ទាប់ពីមានកិច្ចសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យទំាងពីរនាក់នេះ ជាមុខសញ្ញាចាស់ ហើយធ្លាប់ជាប់ពន្ធនាគារផងដែរ ក្នុងម្នាក់ៗ ១៤ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ បច្ចុប្បន្នជនសង្ស័យទំាងពីរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីរង់ចំាមន្រ្តីជំនាញ កសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕