លោក នាង ផាត នឹងចូលរួម ប្រជុំគណៈកម្មការ ព្រំដែនទូទៅ កម្ពុជា-ថៃ លើកទី១១ នៅថៃ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំ គណៈប្រតិភូទៅចូលរួមកិច្ចប្រជុំ គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១១ (GBC) រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០១៦ នាទីក្រុងបាងកក ប្រទេសថៃ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលកម្ពុជានិងថៃស្តីពី ការបង្កើតគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ក្រុមលេខាធិការ GBC នឹងជួបប្រជុំគ្នាដូចការគ្រោងទុក ដោយនឹងចាប់ផ្តើមនៅទីក្រុងបាងកក ប្រទេសថៃនៅចុងខែមករា ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែលបន្តថា ”នេះជាលើកទី១១ហើយ ដែលក្រុមការងារលេខាធិការ គណៈ កម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ បានជួបប្រជុំគ្នា ដើម្បីស្វែងរកដំណោះស្រាយនិងវិធានការ ប្រឆាំង ទប់ទល់នឹងការរត់ពន្ធថ្នាំញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានាសំដៅរក្សាបាន ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែន រវាងប្រទេសជិតខាងទាំងពីរ (កម្ពុជា-ថៃ)” ។

បើយោងតាមមន្រ្តីក្រសួងការពារដែលសុំមិនឲ្យបញ្ចេញឈ្មោះ កិច្ចប្រជុំនេះ ក៏អាចនឹងនិយាយអំពី បញ្ហាពលករខ្មែរ ដែលបានកំពុងធ្វើការនៅថៃផងដែរ ជាពិសេសពលករខ្មែរដែលលួចចូលទៅធ្វើការ និងកាប់ឈើថៃដោយខុសច្បាប់ ដែលករណីនេះភាគច្រើនត្រូវបានអាជ្ញាធរថៃ បាញ់សម្លាប់ និង រងរបួសជាញឹកញាប់៕