ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កាលពី​ថ្ងៃ​ទី​២៦ មក​រា នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​អាណានិគម​របស់​អីុ​ស្រា​អែ​ល​នៅ​តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​ឱ្យ​ផ្អាក​ការ​សាងសង់​លំនៅ​ឋាន​របស់​ពួក​ជ្វី​ហ្វ​ក្នុង​តំបន់​នោះ​ទៀត ។

ក្នុង​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ពេល​ប្រជុំ​ជជែក​គ្នា​ពី​បញ្ហា​មជ្ឈិម​បូព៌ា លោក​បាន គី​មូ​ន ថ្លែង​ថា លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​ថ្មី​ៗ​របស់​អីុ​ស្រា​អែ​ល កសាង​លំនៅ​ឋាន​ថែម​ទៀត​នៅ​ស៊ី​ស​ហ្ស៊​ក​ដា​នី ដោយ​ចាត់​ទុក​ថា ជា​ការ​ផ្តួចផ្តើម​គំនិត​បង្កហេតុ ។ លោក​មាន​ប្រសាសន៍​ថា ការ​ផ្តួចផ្តើម​គំនិត​បង្កហេតុ​ទាំងនេះ​បាន​ត្រឹម​តែ​បង្កើន​ថែម​ទៀត​នូវ​ភាព​តានតឹង ហើយ​បំផ្លាញ​រាល់​ទស្សនវិស័យ​នៃ​ដំណោះស្រាយ​នយោបាយ ។ ដើម្បី​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ឆ្ពោះទៅ​រក​សន្តិភាព គេ​ត្រូវ​ផ្អាក​គំនិត​អាណានិគមនិយម ។

លោក​បាន គី​មូ​ន បន្ត​ថា ការ​តាំងទី​លំនៅ​ជា​ការ​ផ្គើន​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​ដល់​សហគមន៍​អន្តរជាតិ ហើយ​នាំ​ឱ្យ​មានការ​មន្ទិល​លើ​ការ​សន្យា​របស់​អីុ​ស្រា​អែ​ល​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​រដ្ឋ​២​មួយ គឺ​រដ្ឋ​អីុ​ស្រា​អែ​ល និង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ។ លោក​អំពាវនាវ​ថា បណ្តា​ភាគី​ត្រូវ​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ ដើម្បី​ចៀសវាង​កុំឱ្យ​ដំណោះស្រាយ​រដ្ឋ​២​រលាយ​ទៅ​វិញ ។

តាំងពី​ចាប់ផ្តើម​រលក​ថ្មី​នៃ​អំពើ​ហិង្សា​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន​ដែល​បណ្តាល​ឱ្យ​ជនជាតិ​អីុ​ស្រា​អែ​ល​ស្លាប់​២៥​នាក់ ហើយ​ខាង​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​ជិត​១៦០​នាក់​មក នាយក​រដ្ឋមន្ត្រី​អីុស្រា​អែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ាង​ហ៊ូ បដិសេធ​ជា​និច្ច​រាល់​ការ​ពន្យល់​ខាង​នយោបាយ​ចំពោះ​ការ​វាយប្រហារ​ទាំងនេះ ។ នាយក​រដ្ឋមន្ត្រី​រូប​នេះ​បញ្ចេញ​ប្រតិកម្ម​តប​ភ្លាម​ៗ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​បាន គី​មូ​ន ។ លោក​វាយតម្លៃ​ថា លោក​បាន គី​មូ​ន លើកទឹកចិត្ត​ដល់​ភេរវកម្ម​ដែល​ពុំ​អាច​លើក​ហេតុផល​មក​អះអាង ។ លោក​ថា ពួក​ឃាតករ​ប៉ា​ឡេ​ស្ទី​ន​ពុំ​ចង់​កសាង​ប្រទេស​មួយ​ឡើយ ដោយ​ពួក​គេ​ចង់​កម្ទេច​ប្រទេស​មួយ ហើយ​គេ​និយាយ​បែប​នេះ​ដោយ​ចំហ ។ ពួក​គេ​ចង់​សម្លាប់​ពួក​ជ្វី​ហ្វ ទោះជា​ស្ថិត​នៅ​ទីណា​ក្តី ។ លោក​នេ​តាន់ យ៉ា​ហ៊ូ ថា អ​.​ស​.​ប ចាប់តាំងពី​យូរ​មក​ហើយ បាត់បង់​អ​ព្យា​ក្រិត​ភាព និង​អំណាច​ខាង​សីលធម៌ ។

ចំណែក​ឯកអគ្គរដ្ឋទូត​អីុ​ស្រា​អែ​ល​ប្រចាំ អ​.​ស​.​ប លោក DANNY DANON ជា​អ្នកប្រឆាំង​ចំពោះ​ការ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មួយ បញ្ចេញ​ប្រតិកម្ម​មិន​ខុស​គ្នា​នឹង​លោក​នេ​តាន់​យ៉ា​ហ៊ូ​ឡើយ ។ លោក​ថា ជា​ការ​ពិត​ជាក់ស្តែង​មិន​កុហក​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប មានពុត​ត្បុត​ក្នុង​ឥរិយាបថ​របស់​ខ្លួន​ចំពោះ​អីុ​ស្រា​អែ​ល ។ លោក​បន្ត​ថា រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ តាំងពី​មាន​រលក​ហិង្សា​នៅ​អីុ​ស្រា​អែ​លម​ក​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ដំណោះស្រាយ​ដល់​ទៅ​១២ ប្រឆាំង​ភេរវកម្ម​ពិភពលោក តែ​ពុំ​មាន​ដំណោះស្រាយ​ណាមួយ ប្រឆាំង​ភេរវកម្ម​របស់​ប៉ា​ឡេ​ស្ទី​ន​នៅ​អីុ​ស្រា​អែ​ល​ឡើយ ៕