លោក ចន ឃើរី ជួបពិភាក្សា ជាមួយលោក វ៉ាង យី នៅទីក្រុងប៉េកាំង

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្រ្តីការបរទេស អាមេរិកលោក ចន ឃើរី នៅរសៀល ថ្ងៃពុធនេះ បាននិងកំពុងជួបពិភាក្សា និងសំណេះសំណាលគ្នា នៅទីក្រុងប៉េកាំង ប្រទេសចិន ក្រោយពីបំពេញ ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃរួមមក ហើយការ ជួបគ្នារវាងអ្នកការទូតកំពូលទាំងពីរនេះ ត្រូវបានគេរំពឹងថា បានលើករឿងកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា នេះជាដំណើរ ទស្សនកិច្ចលើកដំបូង របស់អ្នកការទូតកំពូលរបស់អាមេរិក មកកាន់ប្រទេសចិន ចាប់តាំងពីប្រទេសកូរ៉េខាងជើង បានបង្កភាពចលាចលដល់សហគមន៍អន្ដរជាតិ កាលពីថ្ងៃ ទី០៦ ខែមករា ដើមឆ្នាំ២០១៦នេះ ដោយបានធ្វើ តេស្តគ្រាប់បែកអ៊ីដ្រូសែន។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី ធ្វើឡើងបន្ទាប់ពីអាមេរិក និង សម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងជប៉ុន និងកូរ៉េខាងត្បូង កំពុងស្វែងរកការដាក់ទណ្ឌកម្មយ៉ាង តឹងរឹង ពីអង្គការសហប្រជាជាតិ ទៅលើ ប្រទេសកូរ៉េខាងជើង និងជឿជាក់ថា កិច្ចសហប្រតិបត្តិការ ដ៏រឹងមាំ ពីសំណាក់ភាគីចិន ពិតជាមានសារៈសំខាន់ ណាស់ដើម្បីជួយដល់ពួកគេ៕

លោក ចន ឃើរី ជួបពិភាក្សា ជាមួយលោក វ៉ាង យី នៅទីក្រុងប៉េកាំង