ប្រធានាធិបតីហ្វីលីពីន ទទួលរាជដំណើរមកដល់ នៃព្រះចៅអធិរាជជប៉ុន និង មហាក្សត្រី

ម៉ានីល៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និង ព្រះមហាក្សត្រី មិជិកុ ត្រូវបានលោក ប្រធានាធិបតី ហ្វីលីពីន ប៊ែណីកនូ អាគីណូ ទី៣ រៀបចំពិធីទទួលព្រះរាជដំណើរយ៉ាងកក់ ក្តៅ និង ខ្ពង់ខ្ពស់បំផុត នៅឯវិមានរដ្ឋ ពេលទ្រង់ទាំងពីរ យាងមកដល់រដ្ឋធានីម៉ានីល និង ចាប់ផ្តើម ព្រះរាជទស្សនកិច្ចជាផ្លូវការ នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ ២០១៦ នេះ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយបន្តទៀតថា ព្រះអង្គទាំងពីរ យាងមកកាន់ហ្វីលីពីន ពេលនេះ នឹងបំពេញព្រះរាជទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធ ទាហាន ជប៉ុន ៥១៨.០០០នាក់ និង ប្រជាជនហ្វីលីពីន ១,១ លាននាក់ ដែលបានស្លាប់ កាលពីសម័យ សង្គ្រាមលោកលើកទីពីរ។

នេះជាព្រះរាជទស្សនកិច្ចលើកទី ១ ហើយសម្រាប់ព្រះចៅអធិរាជប៉ុន មកកាន់ប្រទេស ហ្វីលីពីន ដើម្បីរំលឹកដល់ជនរងគ្រោះសម័យសង្គ្រាម ទាំងទាហាន និង ស៊ីវិល។ ជាងនេះ ទៅទៀតព្រះអង្គ ក៏ចង់បំពេញតួនាទីសំខាន់មួយទៀត គឺការលើកស្ទួយទំនាក់ទំនង ប្រកប ដោយឆន្ទៈថ្លៃថ្លា នៅក្នុងសកលលោកទាំងមូល ផងដែរ។

គួរបញ្ជាក់ថា ស្ត្រីហ្វីលីពីន មិនតិចនោះទេ ដែលត្រូវបានទាហានជប៉ុន បង្ខំឲ្យបម្រើការងារ គ្រប់យ៉ាងក្នុងបន្ទាយរបស់ខ្លួន។ ប្រការនេះហើយ ទើបមានការតវ៉ា កើតឡើងក្នុងទីក្រុង ម៉ានីល ដើម្បីទាមទារឲ្យរដ្ឋាភិបាល និង រាជវង្សជប៉ុន ធ្វើការសូមទោសជាផ្លូវការមកកាន់ ប្រជាជាតិហ្វីលីពីន ដែលធ្លាប់រងគ្រោះនាសម័យកាលនោះ៕

ប្រធានាធិបតីហ្វីលីពីន ទទួលរាជដំណើរមកដល់ នៃព្រះចៅអធិរាជជប៉ុន និង មហាក្សត្រី