ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ទីតាំង​ផលិត​កែ​ច្នៃ​ស្ករអំពៅ ទៅ​ជា​ស្ករត្នោត​​លាយ​សារធាតុ​គីមី​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ធ្វើការ​ចុះ​ត្រួតពិនិត្យ និងធ្វើ​ការ​​បង្ក្រាប ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ចាប់តាំងពី​ម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​០២ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​០៨ ផ្លូវ​​​៦៦៤ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដោយ​ត្រូវ​កម្លាំង​រក​ឃើញ​ស្ករ​ជា​វត្ថុធាតុដើម​រាប់​តោន និង​សារធាតុ​គីមី (​អ៊ី​សូល​ដ្យូ​ម​)​ រាប់​សិប​ធុង ។

​ការ​ចុះ​បង្ក្រាប​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ និង​ដឹកនាំ​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា លោក មាស ច័ន្ទ​ពិសិដ្ឋ កម្លាំង​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការ​រាជ​ធានី​​ភ្នំពេញ និង​មន្ត្រី​កាំកុងត្រូល​ជាច្រើន​នាក់ទៀត​ ។

លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង ស្រេង ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ទីតាំង​ខាងលើ​នេះ ជា​កន្លែង​កែ​ច្នៃ​ស្ករអំពៅ​ប្រភេទ​លេខ​៤ យក​មក​កែ​ច្នៃ​ធ្វើ​ជា​ស្ករត្នោត​ប្រភេទ​លេខ​១ ដោយ​មាន​លាយ​សារធាតុ​គីមី (​អ៊ី​សូល​ដ្យូ​​ម​) ដែល​សារធាតុ​នេះ ត្រូវ​បានគេ​​ហាម​ប្រើប្រាស់​លើ​ចំណី​​អាហារ​គ្រប់​ប្រភេទ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ក្រពះ និង​ពោះវៀន​មនុស្សជាខ្លាំង ។

បច្ចុប្បន្ន រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​នេះ កម្លាំង​កំពុងធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង​ផ្សេង​ទៀត ដែល​ទើបរក​ឃើញ​ថា ជាទី​តាំង​ផលិត​ស្ករ​ដូច​គ្នា ស្ថិត​នៅ​ផ្លូវ​លេខ​២៥៥ ក្នុង​សង្កាត់​បឹង​សាឡា​ង​ដែរ ។