ហុក សុចិត្រា រកបាន​៤​គ្រាប់​ជួយ​ឲ្យ​ក្រុមពោធិ៍​សែន​ជ័យឈ្នះ​ថ្ងៃ​បើក​ឆាក

អតីត​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ហុក សុចិត្រា ដែល​បាន​វិឌ្ឍន៍​ខ្លួន​ទៅ​ជា​គ្រូ​បង្វឹក​ទៅ​ហើយ​នោះ នៅ​តែ​មាន​សមត្ថភាព​ប្រកួតខ្លាំង​នៅ​លើ​ទី​លាន ​តាម​រយៈ​ការ​រក​បាន​៤​គ្រាប់​តែ​ម្នាក់​ឯង ដើម្បី​ជួយ​ឲ្យក្រុម​ពោធិ៍​សែន​ជ័យ ឈ្នះ​ក្រុម​ Dewhirst FC ក្នុង​លទ្ធ​ផល ៧-៣ ក្នុង​ការ​ប្រកួត​បាល់ទាត់មិន​មែន​អាជីព KMH Champions League 2016 យប់​ថ្ងៃ​អង្គារ ម្សិល​មិញ។

kh-soc-1 សម្រាប់ការ​ប្រកួត​បើក​ឆាក​រវាង​ក្រុម​ពោធិ៍​សែន​ជ័យ និង​ក្រុម Dewhirst FC ដែល​ធ្វើ​នៅ​លើ​ទី​លាន MKH ​កាល​ពី​ម្សិល​មិញ​នោះ គឺ​មាន​ភាព​ស្វិតស្វាញ​បំផុត ខណៈ​ក្រុម​ទាំង​២​បាន​ធ្វើ​ការ​វាយ​បក​សង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។ យ៉ាង​ណា​ក៏​ដោយ ​ក្រុម​ពោធិ៍​សែន​ជ័យ បាន​គ្រប់​គ្រង​ឱកាស​មាស​បាន​ល្អ​ជាង ដែល​នាំ​ឲ្យ​ពួក​គេ​អាច​យក​ឈ្នះ​លើ​ក្រុម​ Dewhirst FC រហូត​ដល់ ៧-៣។

នៅ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ពាក់​ស្លាក​លេខ​៩ ហុក សុចិត្រា រក​​បាន​៤​គ្រាប់​តែ​ម្នាក់​ឯង​នៅនាទីទី ២, ១៥, ៤១ និង​៧៩ ខណៈ​៣​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ រស់ រតនៈ នៅនាទីទី​១០ និងនាទីទី​៣១ និង ពល រតនា នៅនាទីទី​៤៤ ខណៈ​៣​គ្រាប់​របស់ Dewhirst FC រក​បាន​ដោយ​កីឡាករ Be Pusotha នៅនាទីទី​៧ ស្រ៊ន បូរិ នៅនាទីទី​៤៧ និង ណុល សម្បត្តិ នៅ​នាទីទី​៩០។
ជាមួយ​ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ពោធិ៍​សែន​ជ័យ ទទួល​បាន​៣ពិន្ទុ​ស្មើក្រុម​ឈរ​នៅ​ពូល​Bជាមួយ​គ្នា Home Sport FC ដែល​បាន​យក​ឈ្នះ​ក្រុម Bassac FC ៥-១ កាល​ពី​ថ្ងៃ​ចន្ទ។ ប៉ុន្តែ​​តាម​រយៈ​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង​៨ ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​៣២​ ចំនួន​៣ថ្ងៃ​កន្លង​មក​នេះ​គឺ​មាន​តែ ហុក សុចិត្រា ម្នាក់​គត់​ដែល​អាច​រក​បាន​៤​គ្រាប់​តែ​ម្នាក់​ឯង នៅ​ក្នុងការ​ប្រកួត​តារាង​ធំ ដែល​មាន​សមាជិក​ម្ខាង​១០នាក់នេះ។
ចំណែក​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល​C កាល​ពី​យប់​ថ្ងៃ​អង្គារ ម្សិល​មិញ​នោះ​ដែរ ក្រុម​Rolling FC បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ឧត្ថម​កម្ម​វិធី​ប្រកួត ISI Steel FC ក្នុង​លទ្ធ​ផល ៤-២ ដើម្បី​មាន​៣​ពិន្ទុ​មុន​គេ​ប្រចាំ​ពូល​មួយ​នេះ។

kh-soc-2
ដោយ​ឡែក សម្រាប់​ការ​ប្រកួត​នា​ល្ងាច និង​យប់​ថ្ងៃ​ពុធនេះ ក្រុមឈរ​នៅ​ពូល​Cចំនួន​២​ក្រុម​ទៀត​គឺ​ក្រុម​ Iber FC និង​​ក្រុម Bun La Soccer ត្រូវ​ប្រកួត​គ្នា​​ចាប់​ពី​ល្ងាច​ម៉ោង ១៧:៣០ ដល់ម៉ោង ១៩:០០។ រីឯ​ក្រុម Kompong Cham Youth FC និង​ក្រុម Daun Penh FC នឹង​ត្រូវ​ប្រកួត​បើក​ឆាក​សម្រាប់​ពូល​D ចាប់​ពី​យប់​ម៉ោង ១៧:១៥ ដល់​ម៉ោង ២០:៤៥ នៅ​លើ​ទីលាន KMH នោះ​ដូច​គ្នា៕

kh-soc-3 kh-soc-4