ពលករ​កម្ពុជា នៅ ៣​ប្រទេស ត្រូវបាន​ក្រសួងការបរទេស ជួយ​ដោះស្រាយ និង​សង្គ្រោះ​

ភ្នំពេញ​: លោក ជុំ សុន្ទរី​ អ្នកនាំពាក្យ​ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអោយដឹង នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​ថា​ តាម​ការណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ បាន​ចុះ ទៅ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​តម្លើង​ប្រាក់​ឈ្នួល ជូន​ពលករ​ខ្មែរ​ស្របច្បាប់​ចំនួន ២៦០​នាក់ ដែល​ធ្វើការ​នៅ​ការដ្ឋាន​សាងសង់​ក្នុង​ឃុំ​បាង​វួ​រ ស្រុក​បាង​ស្ម័គ្រ ខេត្ត​ឆាក់​ឆឹង​សៅ (Chachoengsao) ប្រទេស​ថៃ ហើយ​ទទួលរង​នូវ​ការរំលោភបំពាន​ពី​សំណាក់​និយោជក​នៃ​ក្រុមហ៊ុន​សំណង់​ឈ្មោះ POTEAM BUILDER CO., LTD​។​

​អ្នកនាំពាក្យ​បន្តថា បន្ទាប់ពី​មាន​ជំនួប​ប្រជុំ​រវាង​តំណាង​ស្ថានទូត តំណាង​មន្ទីរ​ការងារ​ខេត្ត​ឆាក់​ឆឹង​សៅ តំណាង​និយោជក និង​តំណាង​ពលករ​រួចមក ជា​លទ្ធផល​តំណាង​និយោជក​បាន​ឯកភាព តម្លើង​ប្រាក់​ឈ្នូ​ល ៣០០ បាត ក្នុង​មួយថ្ងៃ​ស្មើៗ​គ្នា​សំរាប់​បុរស​និង​ស្ត្រី និង​យល់ព្រម​ប្រគល់ លិខិតឆ្លងដែន​ជូន​ពលករ​វិញ​។​

​លោក ជុំ សុន្ទរី បន្តថា នៅ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ រងគ្រោះ​ចំនួន ២​នាក់ ដែល​ត្រូវ​ប្ដី​ធ្វើបាប មានឈ្មោះ ដូចខាងក្រោម​៖
​ហួន ស្រី​តូច អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។
​សេង សា អាយុ​២៨​ឆ្នាំ រស់នៅ ភូមិ​សណ្ដាន់ ឃុំ​បា​ជ័យ ខេត្តកំពង់ធំ​។
​ស្ដ្រី​ខ្មែរ​រងគ្រោះ​ទាំងពីរ​នាក់ ហួន ស្រី​តូច និង សេង សា នឹង​មកដល់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ វេលា​ម៉ោង ១៣:៣០ នាទី រសៀល តាម​ជើងយន្តហោះ CZ 6059​។​

​អ្នកនាំពាក្យ​បន្ថែមទៀតថា ចំណែក​នៅឯ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ចំនួន​១​នាក់ ឈ្មោះ សុខ សាន អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កំ​ប៉ី ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០១៤ ហើយ​ជួបប្រទះ​នឹង​ការលំបាក​ក្នុង​ការងារ អោយបាន​ត្រឡប់មក​កម្ពុជា​វិញ​។

​តាម​ការតវ៉ា​ពី​ស្ថានទូត នៅ​ថ្ងៃទី​១៥ ខែ មករា ឆ្នាំ ២០១៦ ថៅកែ​បាន​យល់ព្រម​បើកប្រាក់​ខែ គ្រប់​ចំនួន​អោយ​ពល​ការិនី សុខ សាន​។

​កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប ចុក​ជូន​ដល់​ពល​ការិនី រូបនេះ​។

​ពល​ការិនី សុខ សាន បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០១៦ ម៉ោង ៤​រសៀល តាម​ជើងយន្តហោះ AK ៥៣៤៕​