ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​​រមណីយដ្ឋាន​ឧទ្យាន​អង្គរ តែង​​នាំ​គ្នា​​ដុត​ក្រឡាន វេច​នំអន្សម​ផ្អាវ អន្សម​ក្បុង ស្ទើរ​គ្រប់​ផ្ទះ ដើម្បី​យក​ទៅ​ចូលរួម​ក្នុង​ពិធី​ប្លុង​​ក្រឡាន​នា​ពេល​យប់ នៅ​សាលាឆទាន​ ឬ​វត្ត​អារាម ​។

ពិធី​នេះ​ ត្រូវ​បាន​អ្នកស្រុក​ធ្វើ​ត​ៗ​គ្នា​តាំងពី​ដូនតា​មក​ទុក​ថា ជា​ទំនៀមទម្លាប់ ពិសេស​ដោយ​ឡែក​​ពី​ភូមិ​ស្រុក​ដទៃ​ ​ដែល​អ្នកស្រុក​ហៅ​​ពិធី​នេះ​ថា គឺជា​​ពិធី​ប្លុង​ក្រឡាន​មាន​ន័យ​ថា ពិធីបុណ្យ​​ដែល​គេ​យក​ក្រឡាន​ទៅ​ប្លុង ​ឬ​ទុក​ចោល ក្នុង​គោលបំណង​ឱ្យ​ព្រះសង្ឃ​ទៅ​ទស់​យក ដើម្បី​ឱ្យ​បាន​បុណ្យ​កុសល​ឧទ្ទិស​ដល់​ញាតិ​កា​ទាំង​ប្រាំពីរ ដែល​បាន​ស្លាប់​ទៅ​ហើយ​។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ថ្មី​ដំរី​សែន​ជ័យ ព្រះ​នាម ម៉ឹង សោម ព្រះ​ជន្ម​៧២​វស្សា ស្ថិត​នៅ​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀម​រាប មាន​សង្ឃដីកា​ថា ឱ្យ​តែ​ដល់​ថ្ងៃ​ពេញ​បូ​ណ៌ ខែបុស្ស អ្នកស្រុក​នេះ​តែង​នាំ​គ្នា​ធ្វើ​ក្រឡាន ធ្វើ​អន្សម យក​ទៅ​ប្លុង​ចោល​តាម​ទម្លាប់​ពី​បុរាណ ដើម្បី​ឱ្យ​លោកទស់​យក ហើយ​ឧទ្ទិស​កុសល​ដល់​ញាតិ​កា​ ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ ។ ពិធី​នេះ​ គេ​ធ្វើ​នៅ​វត្ត​ក៏​បាន សាលាឆទាន​ក្នុងស្រុក ឬ​ទី​អាស្រម​ណា​ក៏​បាន​ដែរ ស្រេច​តែ​ការ​កំណត់​។ នេះ​ជា​ពិធី​តាម​ខែ​មួយ​ក្នុង​ចំណោម​ពិធី​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​របស់​អ្នកស្រុក​អង្គរ​។