​មុន​ពេល​រួមភេទ យុវវ័យ គួរ​សួរ​ខ្លួនឯង ៤ សំណួរ​សិន​

​មុន​ពេល​រួមភេទ យុវវ័យ គួរ​សួរ​ខ្លួនឯង ៤ សំណួរ​សិន​

​ការ​រួមភេទ មិនមែន​ជា​កាយវិការ​រាងកាយ​ធម្មតាៗ ដូច​ការ​ចាប់ដៃ ឬ​ថើប​គ្នា​នោះ​ទេ​។ ដូច្នេះ មុន​នឹង​សម្រេច​ចិត្ត​រួមភេទ អ្នក​ត្រូវ​គិតពិចារណា ឲ្យបាន​ដឹត​ដល់​ជាមុនសិន​។​

១. ដើម្បី​អ្វី​?
​តើ​ការ​រួមភេទ​ផ្តល់​អត្ថប្រយោន៍​អ្វី​ខ្លះ ចំពោះ​អ្នក​? តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើឲ្យ​អ្នកសម្រេចចិត្ត​រួមភេទ​? តើ​អ្នក​ពិត​ចង់​សាកល្បង ឬ​ដើម្បី​បំពេញចិត្ត​ដៃគូ​របស់​អ្នក​? តើ​អ្នកដឹង​ពី​ការ​រួមភេទ ដល់​ក្រិត​ណា​ទៅ​?

២. តើ​ជីវិត​របស់​អ្នក នឹង​ទៅជា​យ៉ាងណា ក្រោយពេល​រួមភេទ​រួច​?
​ប្រសិនបើ​អ្នក និង​ដៃគូ ពិតជា​សន្យា ឬ​ស្មោះស្ម័គ្រ ថា​នឹង​យក​គ្នា​ជា​គូ​អនាគត នោះ​ការ​រួមភេទ មុន​ពេល​រៀបការ ប្រហែលជា​មិនសូវ​មាន​ផល​ប៉ះពាល់​ទេ ប៉ុន្តែ អ្នក​ត្រូវ​ចេះ​ការពារ កុំឲ្យ​ឆ្លង​មេរោគ ឬ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់​បាន​ជាដើម​។ ប៉ុន្តែ ប្រសិន​ជា​អ្នក មិន​ប្រាកថ​ថា យក​គេ​ជា​គូ​អនាគត​ទេ ដូច្នេះ អ្នក​ត្រូវ​គិត​ម្តងទៀត​ហើយ អំពី​ការ​រួមភេទ​នេះ ពីព្រោះ វា​នឹង​អាច​មាន​ផលប៉ះពាល់​ច្រើន ទៅ​ថ្ងៃក្រោយ​។​

៣. តើ​មនុស្ស​ម្នាក់​នោះ មានតម្លៃ ឬ​ជា​ជម្រើស​ត្រឹមត្រូវ សម្រាប់​អ្នក​ដែរឬទេ​?
​អ្នក​ត្រូវ​ប្រាកដថា គេ​ម្នាក់​នោះ​ជា​ជម្រើស​ត្រឹមត្រូវ​របស់​អ្នក ហើយ​អ្នក​នឹងមិន​ស្តាយ​ក្រោយ ប្រសិនបើ​អ្នក​រួម​ភេទ​ជាមួយ​គេ​។ សម្រាប់​មនុស្ស​មួយចំនួន ចូលចិត្ត​រួមភេទ​ម្តង​ម្កាល ជាមួយនឹង​សេវា​ខាងក្រៅ ឬ​ដៃគូ​ស្នេហា​របស់​ខ្លួន ដោយ​មិន​គិត​អំពី​ប្រវត្តិ រូបរាង ឬ​ជំងឺ​អ្វី​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​គេ ប្រឈម​មុខ​ខ្លាំង​ទៅនឹង ជំងឺឆ្លង​នានា​។ អ្នក​ត្រូវ​ប្រាកដថា អ្នក និង​ដៃគូ​របស់​អ្នក មិន​បាន​រួមភេទ​ជាមួយ​គ្នា ដោយសារ​តែ​ស្រវឹង ខឹង ឬ​ដោយ​ការចាប់​បង្ខំ​នោះ​ទេ​។​

៤. តើ​វា​ជា​ពេល​សមរម្យ​ដែរឬទេ​?
​ពេលខ្លះ ដៃគូ​រួមភេទ ជា​មនុស្ស​ដែល​យើង​អាច​ទទួលយកបាន ប៉ុន្តែ គ្រាន់​តែ​ពេលវេលា មិន​អំណោយផល ឬ​មិន​ទាន់​ដល់ពេល​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ស្គាល់គ្នា រាប់អាន​គ្នា​យូរហើយ ដូច្នេះ មុន​នឹង​សម្រេច​ចិត្ត​រួមភេទ អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់ ថា​ដៃគូ​របស់​អ្នក​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​កុំឲ្យ​មាន​បញ្ហា​នានា​កើត​ឡើង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។