អ្នកវិទ្យាសាស្ត្រ​ជឿថា ក្រូចឆ្មារ​ស្រស់​ទាំងមូល ជួយ​ឲ្យ​សុខភាព​យើង​រឹងមាំ​

អ្នកវិទ្យាសាស្ត្រ​ជឿថា ក្រូចឆ្មារ​ស្រស់​ទាំងមូល ជួយ​ឲ្យ​សុខភាព​យើង​រឹងមាំ​

១. ក្រូចឆ្មារ អាច​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​
​រ៉ាឌីកាល់​សេរី គឺជា​ភ្នាក់ងារ​ដែល​បង្ក​ការខូចខាត ដល់​កោសិកា និង​ភ្នាស​កោសិកា​។ វា​អាច​ធ្វើឲ្យ​រលាក បង្ក​ជំងឺ​រ៉ាំរ៉ៃ និង​ធ្វើឲ្យ​យើង​ឆាប់​ចាស់​។ វីតាមីន C ដ៏​ច្រើន​ដែល​មាន​នៅក្នុង​ក្រូចឆ្មារ អាច​ទប់ស្កាត់​នឹង​រ៉ាឌីកាល់​សេរី​នេះ​បាន​។​

២. ក្រូចឆ្មារ ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​
​វា​អាច​កម្ចាត់រោគ​ផ្តាសាយ តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ អាស៊ីត​ស៊ី​ទ្រិ​ច វីតាមីន C កាល់ស្យូម និង​ប៉ិច​ទីន (pectin) គឺជា​សារធាតុ​ចាំបាច់ សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការពារ​ជំងឺ​នានា​។​

៣. ក្រូចឆ្មារ ការពារ​កោសិកា ពី​ជំងឺ​មហារីក​
​ក្រូចឆ្មារ មាន​សារធាតុ limonene ដែល​អាច​បញ្ឈប់​ការលូតលាស់ របស់​កោសិកា​មហារីក​។ សារធាតុ limonoids ដែល​មាន​នៅក្នុង​ផ្លែឈើ​ជូរ អាច​ការពារ​កោសិកា ពី​ការខូចខាត​នានា ដែល​ជា​ដើម​ហេតុ​នៃ​ជំងឺមហារីក​។​

៤. ក្រូចឆ្មារ ធ្វើឲ្យ​មាន​តុល្យភាព សារធាតុ​គីមី​នៅក្នុង​រាងកាយ​
​ក្រូចឆ្មារ ធ្វើឲ្យ​សារធាតុ​នានា នៅក្នុង​រាងកាយ​របស់​យើង មាន​ភាព​ស្មើៗ​គ្នា​។ ក្រូចឆ្មារ អាច​កាត់បន្ថយ​ការឈឺចាប់ និង​ការ​រលាក​នៅក្នុង​សន្លាក់​។​

៥. ក្រូចឆ្មារ ជួយ​បង្កើន​ថាមពល និង​ធ្វើឲ្យ​យើង​ស្វាហាប់​
​អ្នក​ចូលចិត្ត​ឡើង​ភ្នំ Everest ដ៏​ជោគជ័យ​ម្នាក់ លោក Sir Edmund Hillary បាន​និយាយថា “​ក្រូចឆ្មារ ជួយ​ខ្ញុំ​”​។ ក្រូចឆ្មារ ជួយ​បង្កើន​លំហូរ​អុកស៊ីសែន ទៅកាន់​ខួរក្បាល ដែលជា​មូលហេតុ​ធ្វើឲ្យ​រហ័សរហួន ស្វាហាប់ មិន​ងងុយគេង និង​មាន​កម្លាំង​។​

៦. ក្រូចឆ្មារ ធ្វើឲ្យ​ពោះវៀន​រត់​ស្រួល​
​ក្រូចឆ្មារ ជួយ​ឲ្យ​រាងកាយ ស្រូប​យក​ជាតិ​សរសៃ​បាន​ស្រួល ហើយ​ជាតិ​សរសៃ ដែល​មាន​នៅក្នុង​ក្រូចឆ្មារ អាច​ជួយ​ការពារ​យើង ពី​ការ​ទល់លាមក និង​ជំងឺ​ឬ​ស​ដូង​បាត​។​

៧. ក្រូចឆ្មារ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​
​រសជាតិ​ជូរ​របស់​ក្រូចឆ្មារ មិនមែន​ធ្វើឲ្យ​មនុស្ស​អសកម្ម ឬ​ពិបាក​ជាង​មុន​នោះ​ទេ ប៉ុន្តែ ក្រូចឆ្មារ អាច​ជួយ​យើង ឲ្យមាន​អារម្មណ៍​ល្អ​។ ក្រូចឆ្មារ ជួយ​លើកកម្ពស់​ស្មារតី ការគិត​ច្បាស់លាស់​ជាង​មុន ហើយ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស ឬ​ធ្លាក់​ទឹកចិត្ត​ថែមទៀត​ផង​។​

៨. ក្រូចឆ្មារ ជួយ​កម្ចាត់​ជាតិពុល និង​កាក​សំណល់​ចេញពី​រាងកាយ​
​ទឹក​ក្រូចឆ្មារ ជួយ​ឲ្យ​ថ្លើម​បញ្ចេញ​ទឹកប្រមាត់​ច្រើន និង​សម្អាត​កាក​សំណល់ ឬ​ជាតិពុល ចេញពី​ក្នុង​រាងកាយ​របស់​យើង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។