សិទ្ធិមនុស្សកម្ពុជាល្អប្រសើរ ជាងបណ្តាប្រទេសអាស៊ី

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងថា កម្ពុជា ជាប្រទេសដែលគោរពសិទ្ធិមនុស្សយ៉ាងពេញលេញ និងបានផ្តល់សិទ្ធិសេរីភាពខ្លាំងជាងគេ បើប្រៀបធៀបទៅនឹង បណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី ខណៈ កម្ពុជាជាប្រទេសប្រកាន់ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ហើយកន្លងមករាជរដ្ឋាភិបាល បានធ្វើអ្វីៗប្រកបដោយតម្លាភាព និងយកច្បាប់ជាធំ ។

លោកម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជាបានថ្លែងឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បើប្រៀបធៀបជាមួយបណ្តាប្រទេស នៅអាស៊ី គឺគ្មាន ប្រទេសណាល្អជាងកម្ពុជាទេ កម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យនីតិរដ្ឋ ដូចនេះនៅកម្ពុជា គឺយកច្បាប់ជាធំ ហើយរាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ខ្ជួនទៅតាមនីតិរដ្ឋ ។

លោកបន្តថា «ចំពោះប្រជាពលរដ្ឋ ទាំងមូលនៅក្នុងប្រទេសកម្ពុជា គេបានលើកសរសើរ ថាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពេញលេញ ដោយមានការបោះឆ្នោតទៀតទាត់ ។ប្រជាពលរដ្ឋទាំងអស់ មានសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសតាមបណ្តាញព័ត៌មាន វាជាឋានសួគ៌នៃសេរីភាព គ្មានប្រទេសណាសេរីភាពដូចកម្ពុជាទេ»។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីដែលបានផ្ដល់សច្ចាប័នច្រើនជាងគេបំផុតរហូតដល់ចំនួន១២ សច្ចាប័នដែលពាក់ព័ន្ធនឹងកត្តិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ នយោបាយ សិទ្ធិសង្គម និងវប្បធម៌ដែលជា មូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស៕