នាយឧត្តម សេនីយ៍ទៀ បាញ់ ស្រាយបំភ្លឺ ជុំវិញលោក ឈៀ ស៊ីដារ៉ា រងការចោទ ប្រកាន់មាន ភាពមិន ប្រក្រតីក្នុងតួនាទី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការបកស្រាយទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជុំវិញបញ្ហារបស់លោក ឧត្តមសេនីយ៍ត្រី ឈៀ ស៊ីដារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលរងការចោទ ប្រកាន់ពាក់ព័ន្ធនឹងភាព មិនប្រក្រតីក្នុងការអនុវត្តតួនាទី។

 យោងតាមការ ចេញផ្សាយរបស់ ACU ដែលបានទទួលពាក្យប្តឹងចោទប្រកាន់ ឧត្តមសេនីយ៍ត្រី ឈៀ ស៊ីដារ៉ា ពាក់ព័ន្ធនឹងភាពមិន ប្រក្រតីចំនួន ៩ចំណុច៖ ទី១. កាត់លុយពីនាយទាហាន, ទី២. យកកម្លាំងរបស់អង្គភាព ទៅធ្វើការងារផ្ទះ និងចំការរបស់ខ្លួន, ទី៣. បំប៉ោងចំនួនកម្លាំងក្នុងអង្គភាព, ទី៤. បំប៉ោងចំនួនកម្លាំងហ្វឹងហ្វឺន, ទី៥. ស្នើសុំថវិកាបំប៉នសម្រាប់ កម្លាំងហ្វឹងហ្វឺនលើសចំនួនពិត, ទី៦. កិបកេងសម្ភារៈឧបត្ថម្ភរបស់អភិបាលខេត្ត ចាប់ពីឆ្នាំ១៩៩៩, ទី៧. អនុញ្ញាតឲ្យមន្ត្រីក្នុងអង្គភាព ប្រើប្រាស់ឈ្មោះពីរ, ទី៨. កិបកេងភ្លើងរដ្ឋ និងទី៩. យកអគ្គិសនីរបស់អង្គភាព ទៅប្រើប្រាស់នៅ ដីស្រែចំការជាប្រយោជន៍ខ្លួន។

 ពាក់ព័ន្ធនឹងបញ្ហានេះ ACU កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ បានទទួលលិខិតរបស់ នាយឧត្តមសេនីយ៍ ទៀ បាញ់  បានឲ្យដឹងថា ក្រោយពីទទួលបាន លិខិតសំណើសុំពិនិត្យ និងដោះស្រាយពាក់ព័ន្ធ នឹងបញ្ហានេះ ក្រសួងការពារជាតិបាន ប្រគល់ភារកិច្ចនេះជូនទៅ ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការនៃបញ្ជាការដ្ឋាន កងទ័ពជើងគោក ដើម្បីចុះអង្កេតស្រាវជ្រាវ ប្រមូលភស្តុតាង។

 លិខិតដដែល បានបន្តថា ក្រោយចុះអង្កេតស្រាវជ្រាវប្រមូលភស្តុតាង និងជួបផ្ទាល់ជាមួយ សាក្សីពាក់ព័ន្ធ ពិនិត្យឃើញថា ករណីប្តឹង ឧត្តមសេនីយ៍ ឈៀ ស៊ីដារ៉ា គឺពុំត្រឹមត្រូវដូចការចោទប្រកាន់ទេ។ ក្នុងចំណុចទាំង៩ ដែលបានប្តឹងចោទប្រកាន់ មានតែចំណុច១ប៉ុណ្ណោះ ពាក់ព័ន្ធនឹងការកាត់ប្រាក់បៀវត្ស ដែលគាត់ធ្វើខុស គោលការណ៍ថ្នាក់លើ ប៉ុន្តែការអនុវត្តនោះ ក៏មានការឯកភាពយល់ព្រម ពីថ្នាក់ក្រោមផងដែរ ព្រោះដើម្បីយកប្រាក់នេះសម្រាប់ឧបត្ថម្ភ នៅពេលដែលមានយោធិនពលី ឬមរណៈ ចំណែកចំណុចផ្សេងៗ ពុំមានអ្វីខុសឆ្គងឡើយ៕