តុលាការ ខេត្តកណ្តាល បើក សវនាការ សំណុំរឿង លោក អាំង មាលតី

កណ្តាល៖ សំណុំរឿងលោក អាំង មាលតី អតីតប្រធាន សាលាដំបូង រាជធានីភ្នំពេញ ជាប់ចោទពីបទបំផ្លាញ ដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ពាក់ព័ន្ធការ ដោះលែងមេខ្លោង ជួញដូរគ្រឿងញៀនឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្ត ម៉ាកអូឌីមួយគ្រឿងតម្លៃជិត១០ម៉ឺនដុល្លារ ត្រូវបានសាលាដំបូង ខេត្តកណ្ដាល បើកសវនាការនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីលោក អាំង មាលតី ជាប់ពន្ធនាគារជាង៦ខែរួចមក ។

មន្ត្រីពន្ធនាគារខេត្ត កណ្ដាល បានឲ្យដឹងថា សវនាការនេះដឹកនាំដោយលោក ងួន វុទ្ធី ជាអនុប្រធានសាលាដំបូងខេត្តកណ្ដាល និង លោកព្រះរាជអាជ្ញារង ឯក សុនរស្មី ជាតំណាអយ្យការ ។

មួយរយៈពេលចុងក្រោយនេះ លោក អាំង មាលតី ត្រូវបានអនុញ្ញាតឲ្យចេញ ព្យាបាលជម្ងឺជារៀងរាល់ល្ងាច នៅគ្លីនិកខេមា ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មន្ត្រីពន្ធនាគារ ថ្លែងថា លោកពុំដឹងជម្ងឺពិតប្រាកដរបស់លោក អាំង មាលតី ជាជម្ងឺអ្វីនោះទេ គ្រាន់តែដឹងថាគាត់មានអាការៈចុកទ្រូងខ្លាំង ហើយឈានដល់ដំណាក់ កាលវះកាត់ថែមទៀតផង ។

លោក អាំង មាលតី ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ បញ្ជូនទៅឃុំ ខ្លួនក្នុងពន្ធនាគារ ខេត្តកណ្តាល ក្រោមការចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើស នេះកំណត់ការ ផ្ដន្ទាទោសពី ៥ឆ្នាំទៅ១០ឆ្នាំ ៕

តុលាការ ខេត្តកណ្តាល បើក សវនាការ សំណុំរឿង លោក អាំង មាលតី