ដី​ចង្កេះ​ភ្នំ​ក្រាំង​ដី​មាស​នៅ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

ក្រាំង​ដី​មាស គឺ​ជា​ភ្នំ​មួយ​សម្បូរ​ទៅ​ដោយ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​សម្ភារៈ​ប្រើប្រាស់​អំពី​ដី។ ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ចាត់​ទុក​ភ្នំ​ក្រាំង​ដី​មាស ជា​អត្តសញ្ញាណ​សម្គាល់​ខេត្ត​របស់​ខ្លួន​មួយ​ដែរ ក្រៅ​ពី​រូប​សំណាក​ឆ្នាំង ដែល​គេ​ធ្វើ​ពី​ស៊ីម៉ងត៍​ដាក់​បញ្ឈរ​លើ​ជើង​ទម្រ​ធំ​មួយ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ក្រុង។ បច្ចុប្បន្ន អ្នក​ភូមិ​ខ្លះ​បាន​បំផ្លាញ​ទាំង​កូន​ឈើ និង​ហ៊ុមព័ទ្ធ​ដី​ក្បែរ​ចង្កេះ​ភ្នំ​នោះ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ។

ក្រុម​ពលរដ្ឋ​ដែល​គេ​សង្ស័យ​ថា​មាន​មេ​ខ្យល់​ជា​អ្នក​មាន​លុយ និង​មាន​អំណាច​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​អ្នក​កាង​ពី​ក្រោយ​ខ្នង បាន​ទន្ទ្រាន​ព្រៃ និង​ហ៊ុមព័ទ្ធ​ដី​ភ្នំ​ចំនួន ៤​កន្លែង ដាំ​ចេក និង​ស្វាយ ហើយ​ដី​នៅ​កន្លែង​ខ្លះ​ទៀត​នៃ​ជួរ​ភ្នំ មាន​ដាក់​ស្លាក​ដី​លក់​ទៀត​ផង។ អាជ្ញាធរ​ភូមិ​ដែល​មាន​តួនាទី​គ្រប់គ្រង​ទឹក​ដី​រដ្ឋបាល​ជាប់​នឹង​ភ្នំ​នេះ បាន​បង្ហាញ​ការ​លំបាក​ពី​ការ​ទប់ស្កាត់​សកម្មភាព​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ។

មេ​ភូមិ​ត្រពាំងពោធិ៍ ឃុំ​ពង្រ គឺ​លោក ឈឹម សាត មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ត្រពាំងពោធិ៍ ចំនួន ១៩០​គ្រួសារ គឺ​មាន​តែ​ពលរដ្ឋ​ប្រមាណ ១០​គ្រួសារ​ប៉ុណ្ណោះ បាន​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ​ប៉ែក​ខាង​លើ​ផ្លូវ​រទេះ ដែល​អាជ្ញាធរ​ហាម​ឃាត់។ លោក​ថា ក្រុម​ពលរដ្ឋ​មាន​មេ​ខ្យល់​ដែល​លោក​មិន​អាច​បញ្ចេញ​ឈ្មោះ បាន​ចូល​ទៅ​កាប់​រាន​កាល​ពី​ជាង ៤​ឆ្នាំ​មុន ហើយ​អាជ្ញាធរ​ឃុំ ឲ្យ​លោក​ហៅ​ពលរដ្ឋ​មក​ណែនាំ បន្ទាប់​ពី​រូប​លោក​បាន​រាយការណ៍​រឿង​នេះ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​វិធានការ​អ្វី​ច្បាស់លាស់​ទៅ​លើ​អ្នក​ទាំង​នោះ​នៅ​ឡើយ​ទេ៖ «អ៊ីចឹង​បាន​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​ថ្នាក់​លើ​ហៅ​ទៅ​និយាយ​ដឹក​នាំ​គេ​ទៅ ព្រោះ​ខ្ញុំ​ដឹក​នាំ​គេ​មិន​បាន​ទេ ព្រោះ​គេ​ថា​គេ​មាន​សិទ្ធិ គេ​ថា​ដី​របស់​រដ្ឋ គេ​អាច​កាន់​កាប់​បាន។ អ៊ីចឹង​ខ្ញុំ​អត់​ហ៊ាន។ លោក ជិន ជេដ្ឋា៖ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ៊ំ​មាន​ទទួល​បាន​គោលការណ៍​ពី​ខាង​ថ្នាក់​លើ ដើម្បី​រៀបចំ​ពួក​គាត់​ទាំង​ហ្នឹង​ទេ? អត់! អត់​ទាន់​មាន គេ​អត់​ទាន់​ចុះ​មក​សួរ ទោះ​បី​ជា​យ៉ាង​ម៉េច​ក៏​អត់​ដែរ»

ភ្នំ​ក្រាំង​ដី​មាស លាត​សន្ធឹង​ពី​កើត​ទៅ​លិច ឋិត​នៅ​ក្នុង​ទឹក​ដី​រដ្ឋបាល​ឃុំ​ចំនួន​បី គឺ​ឃុំ​ស្រែថ្មី ឃុំ​ពង្រ និង​ឃុំ​ស្វាយជ្រុំ នៃ​ស្រុក​រលាប្អៀរ។ ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ក៏​មាន​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​ជួរ​ភ្នំ​នេះ​ដែរ។

មេ​ភូមិ​អណ្ដូងឫស្សី នៃ​ឃុំ​ស្រែថ្មី លោក ឡេង ហេង ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​មាន​អ្នក​ភូមិ​របស់​លោក​ប្រមាណ ៣០​គ្រួសារ បាន​ចូល​ទៅ​ចាប់​ដី​នៅ​ជើង​ភ្នំ​ក្រាំង​ដី​មាស ប៉ុន្តែ​បាន​សង់​ផ្ទះ​ចំនួន ៦​ខ្នង​ប៉ុណ្ណោះ។ លោក​ថា អាជ្ញាធរ​មិន​អាច​ហាម​ឃាត់​ប្រជាពលរដ្ឋ​ឈ្នះ ដោយ​ពួក​គាត់​ភាគ​ច្រើន​ឡើង​លើ​ភ្នំ​ព្រឹក​ល្ងាច ដើម្បី​កាប់​ឧស បោច​វល្លិ និង​ជីក​ដី​ធ្វើ​ក្អម​ឆ្នាំង​សម្រាប់​លក់​ដូរ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ៖ «បើ​យើង​ហាម​ឃាត់​គាត់ ក៏​ហាម​អត់​កើត ព្រោះ​វា​អត់​លូក​ទៅ​ដល់​ចង្កេះ​ភ្នំ តែ​វា​មាន​តិចតួច។ ការ​ចាប់​នេះ គឺ​គាត់ (ពលរដ្ឋ) ចេះ​តែ​ចាប់​ទៅ​ទេ ឲ្យ​យើង​ចេញ​ជា​លក្ខណៈ​ស្រប​ច្បាប់ គឺ​ច្បាប់​គេ​មិន​ឲ្យ​យើង​ចាប់​យក​ទេ​ដី​នេះ»

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​រលាប្អៀរ និង​ជា​ប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក គឺ​លោក សោម វឺន ថ្លែង​យ៉ាង​ខ្លី​ថា កាល​ពី​ជាង​មួយ​ខែ​មុន លោក​បាន​ចេញ​លិខិត​ហាម​ឃាត់​មួយ​ច្បាប់​ជូន​អាជ្ញាធរ​ឃុំ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​រំលោភ​កាន់​កាប់​ដី​នៅ​ក្បែរ​ជើង​ភ្នំ​នោះ​ហើយ ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ពី​ចំនួន​គ្រួសារ​ដែល​ចូល​ទៅ​កាប់​រាន​ដី​រដ្ឋ​នោះ​ទេ៖ «ហើយ​ដី​អស់​នេះ គឺ​ពុំ​មាន​ចេញ​ប័ណ្ណ​អី​ទទួល​ស្គាល់​ទេ។ ចំពោះ​គ្រួសារ​ដែល​ចូល​ទៅ​ធ្វើ​នេះ គេ​ធ្វើ​មុន​យូរ​ណាស់​ហើយ។ កាល​ពី​មុន ខ្ញុំ​នៅ​ស្រុក​ទឹកផុស ទើប​មក​កាន់​ជា​អភិបាល​ស្រុក​រលាប្អៀរ នេះ​បាន​មួយ​ឆ្នាំ។ ខ្ញុំ​កំពុង​ឲ្យ​ខាង​មេ​ភូមិ មេ​ឃុំ ស្រង់​មើល​មាន​គ្រួសារ​ណា​ខ្លះ​ដែល​នៅ​ជើង​ភ្នំ​ហ្នឹង»

ឆ្លើយ​តប​នឹង​ប្រសាសន៍​របស់​អភិបាល​ស្រុក​រលាប្អៀរ មេ​ឃុំ​ពង្រ គឺ​លោក ខែក សុផល បញ្ជាក់​ថា រូប​លោក​មិន​ទាន់​បាន​ទទួល​លិខិត​ហាម​ឃាត់ ឬ​ទប់ស្កាត់​សកម្មភាព​ចូល​ទន្ទ្រាន​ព្រៃ​ក្បែរ​ជើង​ភ្នំ​ក្រាំង​ដី​មាស នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ចាត់​ឲ្យ​ជំទប់​ឃុំ​ម្នាក់ ចុះ​ទៅ​ត្រួត​ពិនិត្យ និង​ប្រមូល​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ហើយ​មក​ដល់​ពេល​នេះ មិន​ទាន់​បាន​ព័ត៌មាន​ត្រឡប់​នៅ​ឡើយ​ទេ។

ស្ត្រី​ម្នាក់​វ័យ ៥០​ឆ្នាំ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បញ្ជាក់​ថា រូប​គាត់ និង​ប្ដី បាន​ចូល​កាប់​រាន​ដី​ភ្នំ​នេះ​នៅ​មុន​ឆ្នាំ​២០០០ ហើយ​បាន​ព័ទ្ធ​របង​នៅ​ឆ្នាំ​២០១៣។ គ្រួសារ​គាត់​បាន​ចំណាយ​កម្លាំង និង​ប្រាក់​ច្រើន​ដែរ​ក្នុង​ការ​ទិញ​បង្គោល​ឈើ​គ្រាក់ និង​លួស​បន្លា​ធ្វើ​ជា​របង ព្រម​ទាំង​ថ្នាំ​បាញ់​ឲ្យ​វល្លិ ឬ​កូន​ឈើ​តូចៗ​ងាប់ ទើប​បច្ចុប្បន្ន​រូប​គាត់​ចង់​លក់​ដី​នេះ​មួយ​ផ្នែក​គ្រាន់​ដោះស្រាយ។

ភ្នំ​ក្រាំង​ដី​មាស ដែល​នៅ​រដូវ​ប្រាំង​មើល​ពី​ចម្ងាយ​ឃើញ​តែ​ថ្ម និង​បង្គោល​អង់តែន​ទូរស័ព្ទ​ចំ​កំពូល​ប៉ែក​ខាង​កើត​នោះ ត្រូវ​បាន​អ្នក​ស្រុក និង​អាជ្ញាធរ​ក្នុង​ខេត្ត​ខ្លះ ចាត់​ទុក​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​ពិសិដ្ឋ ហើយ​ពួក​គាត់​មិន​ចង់​ឲ្យ​ភ្នំ​នេះ​បាត់បង់ ឬ​ខូច​ទ្រង់ទ្រាយ​ដើម ដោយសារ​ប្រយោជន៍​បុគ្គល​ណា​ម្នាក់​នោះ​ទេ។ ចាស់​ព្រឹទ្ធាចារ្យ​ខ្លះ​ពន្យល់​ថា ភ្នំ​នេះ​ក៏​មាន​តំណាល​រឿង​ព្រេង និង​ប្រភេទ​រ៉ែ​មាស​ខ្ចី​នៅ​បាត​ភ្នំ​ទៀត​ផង។

អ្នក​ភូមិ​កាន់​តែ​ជឿ​ថា នៅ​បាត​ភ្នំ​នេះ​មាន​រ៉ែ​មាស តែ​មិន​អាច​ប្រើ​ការ​កើត តាម​រយៈ​ការ​ជីក​កកាយ​យក​ដី​ស្អិត​ក្បែរ​ជើង​ភ្នំ​ទៅ​ធ្វើ​ក្អម ឬ​ឆ្នាំង​ប្រើប្រាស់។ ភាព​ភ្លឺ​ផ្លេក​ដូច​មាស​ល្អិតៗ​លេច​ចេញ​នៅ​លើ​សាច់​ក្អម ឬ​ឆ្នាំង គឺ​នៅ​ក្រោយ​ពេល​ដែល​គេ​យក​ផលិតផល​ដែល​ធ្វើ​ពី​ដី​ភ្នំ​នោះ​ទៅ​ដុត។

ភ្នំ​ក្រាំង​ដី​មាស ក៏​ជា​កន្លែង​សាង​អនុស្សាវរីយ៍​ស្នេហា​របស់​កំលោះ​ក្រមុំ​មួយ​គូ ដូច​មាន​នៅ​ក្នុង​ខ្លឹមសារ​បទ​ចម្រៀង​របស់ លោក ស៊ិន ស៊ីសាមុត មាន​ចំណង​ជើង​ថា "ភ្នំ​ក្រាំង​ដី​មាស"។

«ចម្រៀង»

បច្ចុប្បន្ន ភ្នំ​ក្រាំង​ដី​មាស របស់​ខេត្ត​កំពង់ឆ្នាំង ត្រូវ​អ្នក​ភូមិ​ក្បែរ​ខាង​មួយ​ចំនួន ចូល​ទៅ​ទន្ទ្រាន និង​ហ៊ុមព័ទ្ធ​របង​ដី​ក្បែរ​ជើង​ភ្នំ និង​ខ្លះ​លយ​ដល់​ចង្កេះ​ភ្នំ​ទៀត​ផង ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បង្ហាញ​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​របស់​ប្រជាពលរដ្ឋ​នេះ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថ្នាក់​លើ​មិន​ទាន់​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​ដី​តំបន់​ភ្នំ​នេះ​នៅ​ឡើយ។

មាត្រា​២៥៩ នៃ​ច្បាប់​ភូមិបាល ចែង​ថា ការ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដោយ​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ​ដល់ ៥០​លាន​រៀល ឬ​អាច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ​ដល់ ៥​ឆ្នាំ។ ចារី ឬ​អ្នក​ដែល​ប្រព្រឹត្ត​ខុស ត្រូវ​មាន​កាតព្វកិច្ច​ចាក​ចេញ​ពី​ទ្រព្យ​សម្បត្តិ​នោះ​ជា​បន្ទាន់ ហើយ​ចារី​គ្មាន​សិទ្ធិ​ទារ​កម្រៃ​ពលកម្ម ឬ​ការ​រៀបចំ​ដែល​បាន​ធ្វើ​លើ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នោះ​ឡើយ។

ទោះ​បី​ជា​ច្បាប់​ភូមិបាល​បាន​ចែង​ដូច្នេះ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ និង​អ្នក​មាន​អំណាច​មួយ​ចំនួន នៅ​តែ​រំលោភ​យក​ដី​ភ្នំ ឬ​ថ្ម​ភ្នំ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ឬ​លក់​ដូរ​ដូចជា​ដី​កម្មសិទ្ធិ​ឯកជន​ដូច្នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។