ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ​ប្រកប​របរ​ដាក់​ចង្រិត​នៅ​តាម​វាលស្រែ

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ដំរីជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នាំ​គ្នា​ប្រកប​របរ​ដាក់​សត្វ​ចង្រិត​នៅ​តាម​វាលស្រែ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ មុខ​របរ​នេះ ជួយ​ឲ្យ​ក្រុម​គ្រួសារ​ខ្លះ​មាន​ជីវភាព​ប្រសើរ​ឡើង ដោយ​ពួក​គេ​អាច​រក​ចំណូល​ពី​ការ​លក់​សត្វ​ចង្រិត​នោះ​បាន។ មិន​តែ​ប៉ុណ្ណោះ មុខ​របរ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អាច​រួច​ផុត​ពី​ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង ឬ​ទៅ​ក្រៅ​ស្រុក ជាដើម។

ថង់​កៅស៊ូ​ដែល​ដាក់​រៀបចំ​ដោយ​ដុំៗ​រាប់​រយ អម​ដោយ​អំពូល​ម៉ែត្រ​មួយៗ និង​អាង​ដាក់​ទឹក​នៅ​ពី​ក្រោម មើល​ទៅ​ជា​ទី​ចាប់​អារម្មណ៍ និង​ជា​ការ​ងឿង​ឆ្ងល់​ពី​សំណាក់​ពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ម្តុំ​ផ្លូវ​វាង​ទី​រួម​ខេត្ត​កំពង់ធំ។

បើ​គេ​គយគន់​នៅ​ពេល​យប់​វិញ ប្រៀប​បាន​ទៅ​នឹង​កន្លែង​កម្សាន្ត​ប្រចាំ​តំបន់​ក្នុង​ខេត្ត​មួយ​នេះ រហូត​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រសិទ្ធិនាម​ថា ជា​ទីក្រុង​ចង្រិត​ទៀត​ផង។ តែ​ធាតុ​ពិត គឺ​ជា​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ដំរីជាន់ខ្លា នាំ​គ្នា​ប្រកប​របរ​ចាប់​ចង្រិត​ពេល​រាត្រី។ ការ​ប្រកប​របរ​ដាក់​ចង្រិត​ដោយ​ប្រើ​អំពូល​ម៉ែត្រ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មាន​ចំណូល​ប្រចាំ​ថ្ងៃ ដោយ​មិន​ចាំបាច់​ចំណាក​ស្រុក ជាដើម។

កសិករ​នៅ​ភូមិ​បល្ល័ង្កខាងលិច សង្កាត់​ដំរីជាន់ខ្លា លោក សឹង សុខនី រៀបរាប់​ថា គ្រួសារ​លោក​បាន​ចាប់​យក​របរ​ដាក់​ចង្រិត​ជាង ១០​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា របរ​នេះ​ធ្វើ​ឲ្យ​គ្រួសារ​លោក​មាន​ចំណូល​ប្រចាំ​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី ៥​ម៉ឺន​រៀល​ទៅ ១០​ម៉ឺន​រៀល ឬ​អាច​លើស​ពី​នេះ ប្រសិន​បើ​មាន​ចង្រិត​ចុះ​ច្រើន។ មិន​តែ​ប៉ុណ្ណោះ វា​ធ្វើ​ឲ្យ​លោក​អាច​រស់នៅ​ក្បែរ​ប្រពន្ធ​កូន​ទៀត​ផង៖ «ពី​ដើម​មក ខ្ញុំ​ជាង​សំណង់​ទេ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ ខ្ញុំ​ចេះ​តែ​ឈឺ​ចង្កេះ ឈឺ​ខ្នង​ពេក ខ្ញុំ​ដាក់​ចង្រិត​ទៅ ក៏​ចេះ​តែ​កាក់​កប​ទៅ»

លោក​បន្ត​ថា ត្បិត​តែ​របរ​នេះ​ជួយ​គ្រួសារ​លោក​ច្រើន​ក៏ដោយ ប៉ុន្តែ​ក៏​ទាមទារ​ឲ្យ​គ្រួសារ​លោក​មាន​ភាព​អត់ធ្មត់​ច្រើន ដូចជា ត្រូវ​អត់​ងងុយ ព្រោះ​ត្រូវ​ដើរ​ប្រមូល​ចង្រិត​នៅ​ពេល​យប់ ពិសេស​នៅ​រដូវ​ចង្រិត​ចុះ​ច្រើន។ មាន​ពេល​ខ្លះ ខ្យល់​បក់​ខ្លាំង ថង់​កៅស៊ូ​រហែក ខ្សែ​អំពូល​ម៉ែត្រ​ឆ្លង​ភ្លើង ហើយ​មាន​ពេល​ខ្លះ​ទៀត មាន​គេ​លួច​ដោះ ឬ​វាយ​អំពូល​ម៉ែត្រ ឬ​ក៏​លួច​ខ្សែ​ភ្លើង ជាដើម។

កសិករ​ដែល​មាន​តែ​មុខ​របរ​ដាក់​ចង្រិត​រូប​នេះ និយាយ​ទៀត​ថា រដូវ​ចង្រិត​ចុះ​ខ្លាំង គឺ​នៅ​ខែ​ឧសភា ឬ​ខែ​មិថុនា ក្រៅ​ពី​នោះ គឺ​មិន​សូវ​មាន​ច្រើន​ឡើយ។ នៅ​រដូវ​សម្បូរ​ចង្រិត គ្រួសារ​លោក​អាច​ប្រមូល​ចង្រិត​បាន​ពី ៣០​គីឡូក្រាម ឬ ៤០​គីឡូក្រាម​ក្នុង​មួយ​យប់ ហើយ​មាន​យប់​ខ្លះ​រហូត​ដល់ ១០០​គីឡូក្រាម​ក៏​មាន ប៉ុន្តែ​លោក​ថា នៅ​ពេល​មាន​ចង្រិត​ច្រើន តម្លៃ​បាន ១​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​នៅ​ខែ​មិន​សូវ​មាន​ចង្រិត​វិញ លោក​ប្រមូល​បាន​មួយ​យប់​ចន្លោះ​ពី ៣​គីឡូក្រាម​ទៅ ១០​គីឡូក្រាម​ប៉ុណ្ណោះ រីឯ​តម្លៃ​វិញ គឺ​រហូត​ដល់​ទៅ ១៥.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ យ៉ាង​ណា លោក​ថា បញ្ហា​ទីផ្សារ គឺ​មិន​បាន​ចោទ​ឡើង​ខ្លាំង​នោះ​ទេ៖ «ម៉ូយ​ពេល​យើង​ប្រមូល​បាន​ផង ម៉ូយ​ព្រលឹម​ឡើង​មក​ដល់ៗ ម៉ោង ៤ ម៉ូយ​មក​ដល់។ ម៉ូយ​មាន​ច្រើន​ណាស់ ម៉ូយ​ចង្រិត​នោះ»

ក្រោក​ពី​ព្រលឹម​ល្អះៗ​ម៉ោង​ប្រមាណ ៣ ឬ ៤​ព្រឹក លោក សឹង សុខនី និង​ប្រពន្ធ នាំ​គ្នា​កាន់​ធុង​ប៉េត្រូ និង​កញ្ច្រែង អម​ដោយ​ភ្លើង​ពិល​មួយ​ម្នាក់ ដើរ​ដួស ឬ​ចូក​ចង្រិត​តាម​ថ្នក់​ចង្រិត​នីមួយៗ។ បន្ទាប់​ពី​ប្រមូល​រួច អ្នក​ទាំង​ពីរ​យក​មក​រែង​ឲ្យ​ស្អាត​យក​សត្វ​ល្អិត​ចេញ ដោយ​យក​តែ​សត្វ​ចង្រិត​លាយ​កណ្ដូប​ធំៗ​មួយៗ រួម​នឹង​កន្តេះឡង់ ពីព្រោះ​លោក​បញ្ជាក់​ថា នៅ​ខែ​ខ្នើត គឺ​មាន​សត្វ​ល្អិត​ចុះ​ច្រើន។

របរ​ដាក់​ចង្រិត មិន​ត្រឹម​តែ​ជួយ​គ្រួសារ លោក សឹង សុខនី ឲ្យ​មាន​ចំណូល​ប្រចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​វា​ជួយ​ឲ្យ​កសិករ​ធ្វើ​ស្រែ​ក្បែរ​ទីតាំង​ដាក់​ចង្រិត រួច​ផុត​ពី​ការ​បំផ្លាញ​ពី​សំណាក់​សត្វ​ល្អិត​ចង្រៃ​ផ្សេងៗ​បាន។ លើស​នេះ សត្វ​ល្អិត​ផ្សេងៗ​ដែល​ប្រមូល​បាន​នោះ គឺ​វា​ក្លាយ​ជា​ចំណី​របស់​មាន់​យ៉ាង​ពិសេស ហើយ​កសិករ​រូប​នេះ ក៏​អាច​រក​ចំណូល​បន្ថែម​តាម​រយៈ​លក់​មាន់​ទា​របស់​ខ្លួន​ថែម​ទៀត៖ «ផល​ល្អ​នេះ កុំ​ឲ្យ​ប្រជាជន​យើង​ធ្វើ​ចំណាក​ស្រុក ព្រោះ​របរ​ដាក់​ចង្រិត​នេះ ត្រូវ​តាម​ដាន​រហូត​ម៉ង»

ក្រោយ​ពេល លោក សឹង សុខនី និង​ប្រពន្ធ សម្អាត​ចង្រិត​រួច​សឹងតែ​មិន​ទាន់ ម៉ូយ​ចាំ​ទិញ​ចង្រិត​ក៏​ទៅ​ដល់​ភ្លាម។

ម៉ូយ​ទិញ​ចង្រិត គឺ​លោកស្រី ពេញ ងាម មាន​ប្រសាសន៍​ថា ក្រោយ​ពេល​យក​ចង្រិត​ទៅ លោកស្រី​ត្រូវ​យក​វា​ទៅ​លាយ​គ្រឿង ហើយ​ចម្អិន​ឲ្យ​ឆ្អិន បន្ទាប់​មក​ត្រូវ​ដើរ​លក់​តាម​ចំណត​ឡាន ឬ​តាម​ផ្សារ​នៅ​ទី​រួម​ខេត្ត​កំពង់ធំ។ លោកស្រី​ថា របរ​នេះ​ពិបាក​បន្តិច ព្រោះ​ទម្រាំ​លក់​ដាច់​មួយ​កំប៉ុងៗ ប៉ុន្តែ​យ៉ាង​ណា មិន​ដែល​នៅ​សល់​ទេ ដោយ​លោកស្រី​លក់​មួយ​កំប៉ុង​តម្លៃ​ពី ១.៥០០​រៀល​ទៅ ២.០០០​រៀល ហើយ​ផល​ចំណេញ គឺ​អាស្រ័យ​លើ​ចង្រិត​តិច ឬ​ច្រើន៖ «អស់ៗ​ហ្នឹង គឺ​ខ្ញុំ​ធ្វើ​ដាក់​គ្រឿង រ៉តឌី​អី​ឲ្យ​ឆ្ងាញ់ ម៉ូយ​ធ្លាប់​ហូប​អី គឺ​មិន​ដែល​សល់​ទេ»

ទាក់ទង​របរ​ចាប់​ចង្រិត​នេះ ចៅ​សង្កាត់​ដំរីជាន់ខ្លា លោក ព្រុំ ផាន់នី មាន​ប្រសាសន៍​ថា រដូវ​នេះ​មិន​សូវ​មាន​ចង្រិត​ចុះ​ច្រើន ទើប​ធ្វើ​ឲ្យ​ចំនួន​អ្នក​ប្រកប​របរ​ដាក់​ចង្រិត​ថយ​ចុះ។ លោក​ថា កន្លង​មក ប្រសិន​បើ​នៅ​រដូវ​សម្បូរ​ចង្រិត​វិញ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ផ្ទះ​ប្រកប​របរ​នេះ ប៉ុន្តែ​បច្ចុប្បន្ន មាន​ជាង ១០​គ្រួសារ ពោល​គឺ​សម្រាប់​អ្នក​មាន​អំពូល​ភ្លើង​ច្រើន​ប៉ុណ្ណោះ។ លោក​គាំទ្រ​របរ​នេះ ពីព្រោះ​វា​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល​ប្រចាំ​ថ្ងៃ ហើយ​វា​ក៏​មិន​ប៉ះពាល់​អ្វី​នោះ​ដែរ៖ «គឺ​ថា​គាត់​ដាក់​តាម​វាលស្រែ គឺ​កាត់​បន្ថយ ដោយ​សត្វ​ហ្នឹង​ចូល​មក​ហ្នឹង​អស់​ទៅ ស្រូវ​ហ្នឹង​មិន​សូវ​សត្វ​ស៊ី»

ដោយឡែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ លោក ធីវ វណ្ណធី មាន​ប្រសាសន៍​ថា ដោយសារ​រដូវ​នេះ​មិន​សូវ​មាន​ចង្រិត​ចុះ​ច្រើន ទើប​ធ្វើ​ឲ្យ​កសិករ​ប្រមាណ ១០% ទៅ ២០% ប៉ុណ្ណោះ កំពុង​ប្រកប​របរ​មួយ​នេះ។ លោក​បន្ត​ថា ដ្បិតតែ​របរ​ចាប់​ចង្រិត​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក៏ដោយ ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​នៃ​ជីវិត​សត្វ​ល្អិត​ផ្សេងៗ​ទៀត​ដែរ៖ «អាច​ប៉ះពាល់​ទៅ​នឹង​វដ្ដ​ជីវិត​សត្វ​ល្អិត​ផ្សេង​ទៀត ព្រោះ​អា​ហ្នឹង​អត់​មួយ​ជួយ​មួយ»

ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ​បន្ថែម​ថា ប្រជាពលរដ្ឋ​គប្បី​បង្កើត​មុខ​របរ​កសិកម្ម​ផ្សេងៗ ដូចជា ដាំ​បន្លែ ផ្លែ​ឈើ ចិញ្ចឹម​ត្រី ឬ​ចិញ្ចឹម​សត្វ ដើម្បី​ឧបត្ថម្ភ​ជីវភាព​ក្នុង​គ្រួសារ​បន្ថែម​ទៀត គឺ​ល្អ​ជាង​រង់ចាំ​មុខ​របរ​តែ​មួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។