ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ BERNAMA ដែល​ដកស្រង់​សម្តី​ប៉ូលិស​រាយការណ៍​ថា មនុស្ស​១៣​នាក់​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ មក​រា ដោយសារ​ការ​លិច​នាវា​មួយ​គ្រឿង​ដឹក​ពួក​អន្តោប្រវេសន៍​លួចលាក់​ឥណ្ឌូ​ណេ​ស៊ី ។ នាវា​នេះ​លិច​ក្នុង​ដែនទឹក​ម៉ា​ឡេ​ស៊ីពេល​ទឹកសមុទ្រ​មាន​រលក​ធំ​ៗ ។

នាវា​នេះ​ដឹក​ពួក​អន្តោប្រវេសន៍​ឥណ្ឌូ​ណេ​ស៊ី​ទៅ​ស្រុក​វិញ ហើយ​វា​លិច​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងត្បូង​របស់​រដ្ឋ JOHOR ម៉ា​ឡេ​ស៊ី ។ ប៉ូលិស​បាន​ធ្វើ​ប្រតិបត្តិការ​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​ជាយថាហេតុ ព្រមទាំង​ជន​រង​គ្រោះ​ឯទៀត​ៗ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១៣​នាក់ មាន​នារី​៩​នាក់ និង​បុរស​៤​នាក់ ដែល​សាកសព​ពួក​គេ​ត្រូវ​រលក​បោក​មក​ទើរ​នៅ​មាត់ច្រាំង​សមុទ្រ ។ ពុំ​មាន​តួលេខ​ណាមួយ​បញ្ជាក់​ពី​ចំនួន​មនុស្ស​ដែល​ជិះ​ក្នុង​នាវា​នោះ​ឡើយ ។

ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទី​៣​នៅ​អាស៊ី​អាគ្នេយ៍ ជា​ប្រទេស​រុងរឿង​ទាក់ទាញ ពួក​ពលករ​ចំណាកស្រុក​នៃ​បណ្តា​ប្រទេស​ជិតខាង​ដែល​ក្រីក្រ​ជាង ដូច​ជា​ឥណ្ឌូ​ណេ​ស៊ី បង់​ក្លា​ដែ​ស និង​ភូមា ។ ជនអន្តោប្រវេសន៍​លួចលាក់​យ៉ាងតិច​២​លាន​នាក់​ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី ។

គ្រោះថ្នាក់​ប្រភេទ​នេះ​តែង​កើត​មាន​ជា​ញឹកញាប់ ។ ពួក​អន្តោប្រវេសន៍​ជា​ច្រើន​ពាន់​នាក់ ប៉ុនប៉ង​ទៅ​កាន់​ម៉ា​ឡេ​ស៊ី​តាម​នាវា​ដែល​ពុំ​ងាយ​កើត​គ្រោះថ្នាក់​ក្នុង​ក្តី​សង្ឃឹម​អាច​រក​ការងារ​ធ្វើ​ក្នុង​ការដ្ឋាន​សាងសង់​អគារ ក្នុង​រោងចក្រ ឬ​ក្នុង​ចម្ការ​ជា​ការងារ​ដែល​ពួក​ម៉ា​ឡេ​ស៊ី​មិន​ចង់​ធ្វើ ៕