ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ព្រះ​ចៅ​អធិរាជ​ជប៉ុន និង​ព្រះរាជ​អគ្គមហេសី បាន​យាង​ទៅ​ដល់​ប្រទេស​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​២៦ មក​រា ដើម្បី​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ប្រទេស​នេះ ៧១​ឆ្នាំ​ក្រោយ​សង្គ្រាមលោក​លើក​ទី​២ ។

ព្រះ​ចៅ​អា​គី​ហ៊ី​តូ ព្រះ​ជន្ម​៨២​ព្រះ​វស្សា ទ្រង់​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​បណ្តាជន​រង​គ្រោះ ដោយសារ​កងទ័ព​ជប៉ុន ឬ​ពុំ​មែន​ជប៉ុន​នៃ​សង្គ្រាម ។ អម​ដោយ​ព្រះ​អធិរាជ​នី មី​ជី​កូ ព្រះ​ជន្ម​៨១​ព្រះ​វស្សា ព្រះ​ចៅ​អា​គី​ហ៊ី​តូ នឹង​យាង​ទៅ​កាន់​ទីតាំង​គោរពវិញ្ញាណក្ខន្ធ​២​កន្លែង នា​ឱកាស​គង់នៅ​ហ្វ៊ី​លី​ពី​ន​រយៈពេល​៥​ថ្ងៃ ដែល​នេះ​ជា​ព្រះរាជ​ទស្សនកិច្ច​លើក​ដំបូង​នៅ​ប្រទេស​ដែន​កោះ​នេះ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​មួយ​អង្គ ។

ក្នុង​ពិធី​មួយ​មុន​ពេល​យាង​ចាក​ចេញពី​ទីក្រុង​តូ​ក្យូ ព្រះ​ចៅ​អធិរាជ​អា​គី​ហ៊ី​តូ មាន​ព្រះរាជ​បន្ទូល​ថា ជនជាតិ​ហ្វ៊ី​លី​ពី​ន អា​មេ​រិ​ក និង​ជប៉ុន​ជា​ច្រើន​នាក់​បាន​បាត់បង់​ជីវិត​នៅ​ហ្វ៊ី​លី​ពី​ន​សម័យ​សង្គ្រាម ។ យើង​ចង់​បំពេញ​ទស្សនកិច្ច​នេះ​ដោយ​ចង​ចាំ​រឿង​នេះ​ក្នុង​ចិត្ត​ជាប់​ជា​និច្ច ។

ជាមួយ​សារ​សន្តិភាព​និយម​យ៉ាង​ច្បាស់​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ត្រូវ​បាន​ទទួល​ព្រះរាជ​បដិសណ្ឋារកិច្ច​នៅ​ព្រ​លាន​យន្តហោះ ក្រុង​ម៉ានីល ដោយ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក​ប៊ី​នី​ញ៉ូ អា​គី​ណូ ដែល​សារ​នេះ​ផ្ទុយ​គ្នា​នឹង​រដ្ឋាភិបាល​ជាតិនិយម​ជប៉ុន ។

នៅ​ហ្វ៊ី​លី​ពី​ន​ជា​កន្លែង​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​បំផុត​នៃ​ជម្លោះ​ពិភពលោក​នៅ​អាស៊ី ព្រះ​ចៅ​អធិរាជ និង​ព្រះរាជ​អគ្គមហេសី​នឹង​យាង​ទៅ​កាន់​កន្លែង​បញ្ចុះសព​បណ្តា​វីរបុរស​ជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​បណ្តា​ទាហាន​ហ្វ៊ី​លី​ពី​ន ដែល​ស្លាប់ ។ ព្រះ​អង្គ​ក៏​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​មុខ​វិមាន​ជន​រង​គ្រោះ​ជប៉ុន​ក្នុង​ជម្លោះ​ផង​ដែរ ៕