ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​៤​នាក់ នៅ​ស្រុក​ស្អាង​

កណ្តាល: ​មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​បង្កឡើង​ដោយ​ម៉ូតូ​២គ្រឿង បុក​គ្នា​កាលពី​វេលា​ម៉ោង​១០ និង​៥៥​នាទី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១១០ ស្ថិតក្នុង​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាងខេត្ត​​កណ្តាល ។​

​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រើយ​ស្លា បាន​ឲ្យ​ដឹងថា ភាគី​បង្ក​មានឈ្មោះ សៀនសំភាស់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កសិករ (​ជា​អ្នកបើកបរ​មិន​ពាក់មួសុវត្ថិភាព​) ទី​២-​ឈ្មោះ ស្រ៊ី​ប ប្រុស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កសិករ (​ជា​អ្នករួមដំណើរ​មិន​ពាក់មួក​សុវត្ថិភាព​) ។ ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ព្រែ​កតា​ឯក ឃុំត្រើយ​ស្លា ស្រុក​ស្អាង ។ ចំណែក​ភាគី​រងគ្រោះ​ឈ្មោះ ថា​ល់ ថេ​ង ភេទ ប្រុស អាយុ១៧​ឆ្នាំ មុខរបរ សិស្ស (​ជា​អ្នកបើកបរ​ម៉ូតូ​មាន​ពាក់មួក​សុវត្ថិភាព​) ទី​២-​ឈ្មោះ វុ​ធមួយ​គីម​ភេទ​ស្រី អាយុ​១១​ឆ្នាំ មុខរបរ សិស្ស ។ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​វាលត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា គុប​មូលធុន​សេ​៥០ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ​ក្នុង​ល្បឿន​លឿន តាមបណ្តោយ​ផ្លូវជាតិ​លេខ​១១០ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ស្រុក​កៀនស្វាយ​ទៅស្រុក​ស្អាង​) ខណៈ​បើក​ដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ជ្រុលទៅបុក​ជាមួយ​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខភ្នំពេញ​1FH-3201 ឌុប​គ្នា​២​នាក់ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ពេញ​មួយ​ទំហឹងបណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​៤​នាក់ ។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែង​និងយក​មធ្យោបាយ​ទាំង​២ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បីចាត់ការ​តាមច្បាប់ ។ ចំណែក​ជនរងគ្រោះ​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ៕​