​​ប្ដី​ប្រពន្ធ​អូស្ត្រាលី​ ​​​​​ស្វែង​រក​ប្រាក់​ជួយ​​បុរស​ខ្មែរ​​ដុះ​​សាច់​គ្រប​មុខ

​​ប្ដី​ប្រពន្ធ​អូស្ត្រាលី​ ​​​​​ស្វែង​រក​ប្រាក់​ជួយ​​បុរស​ខ្មែរ​​ដុះ​​សាច់​គ្រប​មុខ

​​សារព័ត៌មាន​ដ៏​ល្បី​របស់​អង់គ្លេស Dailymail ​បាន​ចុះ​ផ្សាយ​​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា ​បុរស​ខ្មែរ​​ម្នាក់​​ ​​ដែល​មាន​​ដុំ​​សាច់​​​​ដ៏​ធំ​ ដុះ​គ្រប​មុខ​​ស្ទើរ​ជិត​ អាច​មាន​ឱកាស​​វះកាត់​យក​ចេញ​​បាន​ ​បន្ទាប់​ពី​​​​អ្នក​ទេសចរ​​​ពីរ​នាក់​ ចាប់​ផ្ដើម​​​អំពាវនាវ​រៃអង្គាស​ប្រាក់​តាម​បណ្ដាញ​សង្គម Facebook ​ដើម្បី​ជួយ​​​បាន​វះកាត់។

 

​​ប្ដី​ប្រពន្ធ​អូស្ត្រាលី​ ​​​​​ស្វែង​រក​ប្រាក់​ជួយ​​បុរស​ខ្មែរ​​ដុះ​​សាច់​គ្រប​មុខ

 

 

​ស្ត្រីជនជាតិ​អូស្ត្រាលី អ្នក​ស្រី​ Diana Koski និងស្វាមី​លោក​ John Nettleton ​បាន​ជួប​​​​បុរស​ខ្មែរ​ឈ្មោះ​ វីដ ​អាយុ ៣៤​ឆ្នាំ​ ដោយ​ចៃដន្យ ​ខណៈ​ពេល​​​​ដើរ​កម្សាន្ត​​​​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន។ ​ វីដ ​​​​ជា​​ជនអនាថា និង​គ្មាន​ការងារ​ធ្វើ ​​​មាន​ដុំ​សាច់​ដុះ​តាំង​ពី​កំណើត ហើយ​កាន់​តែ​លូត​វែង​ទៅ​ៗ សំយុង​​ចុះ​ក្រោម​ដល់​ទ្រូង ​និង​គ្រប​​មុខ​ផ្នែក​ខាង​ស្ដាំ​ជិត។

 

​​​​​​​​​​​អ្នក​ស្រី Koski ​​និយាយ​ប្រាប់​សារព័ត៌មាន​ Daily Mail ​​ប្រចាំ​ប្រទេស​អូស្ត្រាលី​ថា “​​​ ​វីដ ​បាន​ដើរ​កាត់​មុខ​​​ពួក​យើង​នៅ​តាម​ផ្លូវ​ជិត​សណ្ឋាគារ​​យើង​​ស្នាក់​នៅ​ ធ្វើ​ឲ្យ​យើង​​ភ្ញាក់​ផ្អើល​មែន​ទែន។ ខ្ញុំ​​និយាយ​ជា​មួយ​ប្ដី​ខ្ញុំ​ថា ​យើង​ត្រូវ​តែ​ជួយ​​​គាត់​ហើយ។ ​ខ្ញុំ​បាន​​និយាយ​ទៅ​កាន់​ វីដ​ ដែរ ​ប៉ុន្តែ​មាន​ភាព​​ពិបាក​ដោយ​វីដ ពុំ​ចេះ​អង់គ្លេស រួច​ក៏​មាន​អ្នក​នៅ​ក្បែរ​នោះ​​ពីរបី​នាក់​ ជួយ​មក​បកប្រែ​ដែរ​។ ​ខ្ញុំ​និយាយ​ប្រាប់ វីដ​ ថា ​ខ្ញុំ​ចង់​ជួយ​​​អ្នក”។

 

​ដោយ​ក្ដី​ត្រេក​អរ លោក​វីដ ​បាន​​យល់ព្រម​​​ទៅ​ជា​មួយ​ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​ទាំង​ពីរ​ ទៅ​កាន់​​​សណ្ឋាគារ Monsoon Boutique ​ដែល​ម្ចាស់​សណ្ឋាគារ​​លោក​ចាន់ ​សុធន ​​​បាន​ជួយ​រក​វិធី​​​ ជួយ​បុរស​ដុះ​សាច់​រូប​នេះ។ ​​ប្ដី​ប្រពន្ធ​បន្ត​ថា ​”ពេល​ណា​ដែល​​ខ្ញុំ​ដើរ​ជាមួយ វីដ ​គាត់​​​មិន​ហ៊ាន​ដើរ​ទន្ទឹម​ជាមួយ​ពួក​យើង​ទេ គឺ​ចម្ងាយ​ ៧ជំហាន​​ក្រោយ​យើង។ ​ចំណែក​​​​អ្នក​​រស់​នៅ​ទី​នោះ ​តែង​​តែ​​ព្យាយាម​ដេញ​គាត់​ទៅ​ឆ្ងាយ​ពួកគេ ​និង​ខ្លះ​​​​ព្យាម​យាម​រារាំង​គាត់​​មិន​ឲ្យ​ដើរ​មក​កាន់​សណ្ឋាគារ​ស្នាក់​នៅ​​របស់​យើង​ថែម​ទៀត”។

 

​អ្នក​ស្រី​បន្ថែម​ថា “​វីដ ​មិន​​មែន​ដើរ​សុំទាន​ទេ ​គាត់​គ្រាន់​តែ​ដើរ​តាម​ផ្លូវ។ ខ្ញុំ​ស្រមៃ​ថា​ វីដ ​ពិត​ជា​មាន​ជីវិត​លំបាក​ណាស់”។

 

ប្ដី​ប្រពន្ធ​​ខាង​លើ​ បាន​​​​សុំ​ការ​អនុញ្ញាត​​ពី​មេភូមិ​ដែល​ វីដ កើត​ទៅ​វះកាត់​បាន​ហើយ​​ ប្រសិន​បើ​ពួកគាត់​​រក​ប្រាក់​បាន។ ​វីដ ​​មិន​បាន​និយាយ​​ពី​ក្រុម​គ្រួសារ ​​និង​កន្លែង​រស់​នៅ​បច្ចុប្បន្ន​​ទេ ប៉ុន្តែ​​គាត់ទំនង​​ជា​​ពុំ​មាន​ឪពុកម្ដាយ​មើល​ថែ​ឡើយ។ ​​ពេល​​អ្នក​ស្រី​ប្រាប់​ថា​ ចង់​ជួយ​វះ​កាត់​ដុំ​សាច់​ចេញ វីដ​ បាន​ឆ្លើយ​​យល់​ព្រម​ភ្លាម​ៗ​ ​អ្នក​ស្រី​មិន​ដឹង​ថា វីដ ​ខ្លាច​ទៅ​ក្រៅ​ប្រទេស​ ឬ​អត់​ទេ។ ​អ្នក​ស្រី​​ថា ​​គាត់​នឹង​ជួយ​​​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន ​តែ​​ប្រហែល​ជា​ច្រើន​ខែ​បន្តិច។

 

​ក្រោយ​ពី​ប្ដី​ប្រពន្ធ​ទាំង​ពីរ ​​បង្ហោះ​រូប​ថត​ទាំង​នេះ​លើ​គណនី Facebook ​និង​សាកសួរ​​​​រក​អ្នក​ដែល​ស្គាល់​កន្លែង​វះ​កាត់ ​ ភ្លាម​ៗ​នោះ​មាន​អ្នក​ជំនួញ​​​ម្នាក់​​​​ ប្រាប់​ថា​គាត់​ស្គាល់​គ្រូ​ពេទ្យ​​នៅ​សិង្ហបុរី។ ​ពេល​នេះ​អ្នក​ទាំង​ពីរ​កំពុង​​រង់​ចាំ​លទ្ធផល​ពិនិត្យ​សុខភាព​របស់ វីដ ​ថា​ត្រូវ​ព្យាបាល ឬ​វះកាត់។ ​ប្រសិន​បើ​​​គ្រូ​ពេទ្យ​យល់​ព្រម​​វះកាត់​​ ​គាត់​នឹងជួយ​ ​​​​​ធ្វើ​ទិដ្ឋាការ លិខិត​ឆ្លង​ដែន និង​​សំបុត្រ​យន្តហោះ​ជូន​ វីដ​ ជា​មិនខាន៕

 

​​ប្ដី​ប្រពន្ធ​អូស្ត្រាលី​ ​​​​​ស្វែង​រក​ប្រាក់​ជួយ​​បុរស​ខ្មែរ​​ដុះ​​សាច់​គ្រប​មុខ

 

 បុរស​ខ្មែរ​ដុះ​សាច់​គ្រប​មុខ​ឈ្មោះ វីដ

 

ចុចអាន៖ ​​​សហគ្រិន​អូស្ត្រាលី​សុខ​ចិត្ត​​​​​​ចោល​ប្រទេស​កំណើត​មក​​​​ចាប់​ផ្តើម​អាជីវកម្ម​​​​នៅ​កម្ពុជា

ចុចអាន៖ ​អ្នក​ដំណើរ​១៨២​នាក់​លើ​កប៉ាល់​​ប្រណិត​​ ឆ្លង​មេរោគ​នៅ​អូស្ត្រាលី​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail