ក្រសួងសុខាភិ បាលបញ្ជាក់ ពីការកើត ឡើងជំងឺកញ្ជ្រិល ក្រោយស្ងប់ស្ងាត់ មួយរយៈ

ភ្នំពេញ៖ ក្រោយពីជំងឺកញ្ជ្រិល មានភាពស្ងប់ស្ងាត់ មួយរយៈពេលកន្លងមក នាពេលថ្មីៗនេះ ជំងឺប្រភេទនេះបាន ងើបឡើងវិញហើយ  ដោយបានកើតឡើង មួយករណីទៅលើទារក អាយុ៧ខែ នៅឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ព័ត៌មានអំពីជំងឺកញ្ជ្រិល ហើយផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៧ មករា បានឲ្យដឹងថា បន្ទាប់ពីមានការ លុបបំបាត់ជំងឺកញ្ជ្រឹល មួយរយៈមក ឥឡូវនេះជំងឺនេះ បានកើតឡើងមួយករណីទៀតហើយ ក្រោយពីគ្រូពេទ្យនៅភ្នំពេញរាយការណ៍មក កាលពីថ្ងៃទី១៥ មករាថា មានទារកម្នាក់បានកើតជំងឺ។

 ករណីសង្ស័យត្រូវ បានបញ្ជាក់ថា មានជំងឺកញ្ជ្រឹល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ(NIPH) និងមន្ទីរពិសោធន៍ប្រចាំតំបន់ របស់អង្គការសុខភាព      ពិភពលោក (WHO)។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បន្ទាប់ពីស្ថានភាពលុបបំបាត់ ជំងឺកញ្ជ្រឹលមានស្ងប់ស្ងាត់ កាលពីអំឡុងខែមីនា ឆ្នាំ២០១៥មក ដោយកម្មវិធីជាតិផ្ដល់ ថ្នាំបង្ការនៃក្រសួងសុខាភិបាល ក្រសួងបានបន្ដការតាមដាន ស្រាវជ្រាវជំងឺកញ្ជ្រឹល ដើម្បីស្វែងរកអំពីករណី វិរុសជំងឺកញ្ជ្រឹលឆ្លងចូលពីប្រទេសក្រៅ និងដើម្បីធានាឲ្យបាននូវវិធានការណ៍ ត្រួតពិនិត្យសមស្របដែលអាចអនុវត្តបាន។

ករណីជំងឺកញ្ជ្រឹលលើទារកអាយុ ៧ខែ ជាករណីពិសេសដែលបានរកឃើញ ពីព្រោះជាទូទៅជំងឺកញ្ជ្រឹលកើតមានឡើងនៅលើទារក អាយុចាប់ពី៩ខែ ហើយអនុលោម តាមប្រតិទិនរបស់អង្គការសុខភាពពិភពលោក។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “យើងប្ដេជ្ញាប្រយុទ្ធ និងចាត់វិធានការណ៍សមស្រប ដើម្បីបញ្ចប់ការចំលងវីរុស ជំងឺកញ្ជ្រឹលនេះជាបន្ទាន់ ដោយសហការជាមួយអង្គការសុខភាពពិភព លោក និង អង្គការ UNICEF”។

សូមបញ្ជាក់ថា ជំងឺកញ្ជ្រឹលនេះ គឺជាផ្នែកមួយនៃការតាមដានស្រាវជ្រាវជំងឺជាប្រចាំរបស់កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ៕

ក្រសួងសុខាភិ បាលបញ្ជាក់ ពីការកើត ឡើងជំងឺកញ្ជ្រិល ក្រោយស្ងប់ស្ងាត់ មួយរយៈ