អាជ្ញាធរសិង្ហបុរី រឹតបន្តឹង និងទប់ស្កាត់ ហានិភ័យនៃវីរុស Zika

សំាងហ្គាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា នៅថ្ងៃពុធនេះ ទីភ្នាក់ងារបរិស្ថានជាតិ ហៅកាត់ (NEA) ចំណុះឲ្យក្រសួង សុខាភិបាលសិង្ហបុរី បានចាប់ផ្តើមត្រួតពិនិត្យ ដើម្បីទប់ស្កាត់ ហានិភ័យដែលបង្ក ឡើងដោយវីរុស Zika ចូលក្នុងតំបន់របស់ខ្លួន ដោយធ្វើការណែនាំ ដល់ពលរដ្ឋឲ្យបាន យល់ដឹង ។

ក្រុមអាជ្ញាធរ បានបញ្ជាក់ថា "មិនប្រាកដថា នឹងពេលណាមួយដែលវីរុស Zika ឆ្លងចូលមកដ ល់ទឹកដីសិង្ហបុរី ដរាបណាវីរុសនេះ បានបន្តឆ្លងរាលដាល ពីតំបន់មួយទៅតំបន់ តាមរយៈពលរដ្ឋសិង្ហបុរី ធ្វើដំណើរចុះឡើង និងភ្ញៀវទេសចរផងដែរ" ។

សេចក្តីរាយការណ៍ ព័ត៌មានបានបញ្ជាក់ថា កោះតៃវ៉ាន់ បានឆ្លងចូល ដោយមានករណី Zika រួចទៅហើយ ដោយវត្តមានវីរុស ឆ្លងពីប្រទេសថៃឡង់ដ៏ កាលពីថ្ងៃទី១៩ ខែមករា កន្លងមកនេះ ។ បណ្តាប្រទេស មួយចំនួនទៀត កំពុងរាតត្បាត ក្នុងនោះរាប់បញ្ចូល ទាំងប្រទេសប្រេស៊ីល ខែបវើដ កូឡុមប៊ី អ៊ែល សាវ៉ាឌ័រ ហុងឌុយរ៉ាស់ ម៉ាទីនិក ប៉ាណាម៉ា និងស៊ូរីណាម ជាដើម ។

ក្រុមអាជ្ញាធរ បានដាក់ចេញនូវវិធានចំនួន ៣ប្រការដែលមានខ្លឹមសារ ដូចខាងក្រោម៖

-អ្នកធ្វើដំណើរ ចេញពីបណ្តាប្រទេស ដែលមានការ រាតត្បាតវីរុស Zika ត្រូវឆ្លងកាត់ការ ត្រួតពិនិត្យសុខភាព និងមានស្លាកណែនាំ ដែលបានបិទនៅឯ ព្រលានយន្តហោះនានា ។

-អ្នកដែលបានវិលមក ពីបណ្តាប្រទេសដែល កំពុងឆ្លងវីរុស Zika ដោយពួកគេមាន អាការៈគ្រុនក្តៅ មានស្នាមនៅលើស្បែក ឈឺចាប់ក្នុងសាច់ដុំ ជាដើម ត្រូវធ្វើការត្រួតពិនិត្យ និងព្យាបាល យ៉ាងម៉ត់ចត់បំផុត ។

-ប្រសិនបើមាន វត្តមានវីរុស Zika ឆ្លងចូលសិង្ហបុរី អាជ្ញាធរ នឹងប្រកាសអាសន្ន និងចាត់វិធានការ ត្រួតពិនិត្យយ៉ាង តឹងរឹងបំផុត និងសហការជាមួយ ទីភ្នាក់ងារប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាមអន្តរជាតិ ដើម្បីទប់ស្កាត់ការ ឆ្លងជំងឺនេះខ្លាំងក្លា ៕

អាជ្ញាធរសិង្ហបុរី រឹតបន្តឹង និងទប់ស្កាត់ ហានិភ័យនៃវីរុស Zika