ផល​ប៉ះពាល់​នៃ​ថង់​ប្លាស្ទិក​ចំពោះ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​បរិស្ថាន

នៅ​ពេល​ទិញ​សម្ភារៈ​ផ្សេងៗ​តាម​ទីផ្សារ​នានា ថង់​ប្លាស្ទិក​ត្រូវ​បាន​គេ​ផ្តល់​ជូន​អតិថិជន​ដោយ​មិន​គិត​លុយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ហាក់​មិន​យល់​ពី​ផល​ប៉ះពាល់​របស់​ថង់​ប្លាស្ទិក​នោះ​ទេ។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​យ៉ាង​ច្បាស់​ថា ថង់​ប្លាស្ទិក បង្ក​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ទីក្រុង និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន ទេសចរណ៍ សុខភាព​មនុស្ស​សត្វ និង​ជីវចម្រុះ​ផ្សេងៗ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​លើក​ឡើង​ថា ការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លាស្ទិក គឺ​ជា​ជម្រើស​ល្អ​មួយ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​រូប។

អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា កម្ពុជា ត្រូវ​ហាម​ប្រាម​កុំ​ឲ្យ​ប្រើប្រាស់​ថង់​ប្លាស្ទិក និង​ត្រូវ​ដំឡើង​ពន្ធ​ចំពោះ​ការ​នាំ​ចូល​ថង់​ប្លាស្ទិក និង​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ដឹង​ពី​ផល​ប៉ះពាល់​របស់​ថង់​ប្លាស្ទិក ក្នុង​ន័យ​ការពារ​កុំ​ឲ្យ​មាន​ផលវិបាក​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន។

គេ​សង្កេត​ឃើញ​ថា ថង់​ប្លាស្ទិក​មាន​ភាព​ងាយ​ស្រួល​ប្រើ ស្រាល មិន​ជ្រាប​ទឹក និង​មាន​តម្លៃ​ថោក ហើយ​លក់​ចេញ​ជា​គីឡូក្រាម។ ម្ល៉ោះ​ហើយ ការ​ប្រើ​ថង់​ប្លាស្ទិក ក្លាយ​ជា​ទម្លាប់​សាមញ្ញ​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា។

អ្នក​លក់​បន្លែ​ម្នាក់​នៅ​ផ្សារ​ដើមគរ លោក ឈុំ អឿន និយាយ​ថា សព្វថ្ងៃ​លោក​តែង​តែ​ប្រើ​ថង់​ប្លាស្ទិក​សម្រាប់​ដាក់​បន្លែ​ផ្លែ​ឈើ ត្រី​សាច់​ឲ្យ​ភ្ញៀវ​ដែល​មក​ទិញ​បន្លែ​នៅ​កន្លែង​លោក។ លោក​ថា លោក​ទិញ​ថង់​ប្លាស្ទិក​ពី​អ្នក​លក់​ដូរ​ផ្សេង​ទៀត​ក្នុង​មួយ​គីឡូក្រាម ៦​ពាន់​រៀល​ទៅ ៧​ពាន់​រៀល ហើយ​មួយ​គីឡូក្រាម បាន​ថង់​ប្លាស្ទិក​ប្រហែល​ជិត ១០០​ថង់៖ «»។

ស្រដៀង​នឹង​ការ​លើក​ឡើង​នេះ​ដែរ អ្នក​លក់​បន្លែ​ម្នាក់​ទៀត លោកស្រី ទិន ស្រីម៉ាប់ និយាយ​ថា បើ​សិន​មិន​ឲ្យ​ថង់​ប្លាស្ទិក​ទៅ​អ្នក​ទិញ​ទេ គេ​ថា​អ្នក​លក់​ចិត្ត​អាក្រក់ សូម្បី​តែ​ថង់​ក៏​មិន​ហ៊ាន​ឲ្យ។ លោកស្រី​បន្ត​ថា លោកស្រី​ចង់​ប្រើ​ថង់​ក្រដាស ឬ​ថង់​បរិស្ថាន​ដែរ ប៉ុន្តែ​ថង់​នោះ​លក់​ក្នុង​តម្លៃ​ថ្លៃ និង​អតិថិជន​មិន​និយម​ប្រើ ព្រោះ​ជ្រាប​ទឹក និង​ងាយ​រហែក៖ «»។

ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី​មិន​ដឹង​ពី​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន ការ​រស់នៅ​ប្រចាំ​ថ្ងៃ​អ្វី​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​អ្វី​នោះ​ដែរ។

ខុល​ប្លែក​ពី​អាជីវករ​ខាង​លើ ស្ត្រី​អ្នក​ទិញ​បន្លែ​ផ្លែ​ឈើ​ម្នាក់​នៅ​ផ្សារ​ថ្មី មាន​មតិ​ថា លោកស្រី​តែង​តែ​លាង​សម្អាត​ថង់​ប្លាស្ទិក​ដែល​នៅ​ស្អាត​ល្អ ហាល​ឲ្យ​ស្ងួត ហើយ​យក​មក​ប្រើ​ឡើង​វិញ។ លោកស្រី​បន្ថែម​ថា លោកស្រី​ដឹង​ពី​ផល​ប៉ះពាល់​របស់​ថង់​ប្លាស្ទិក​ចំពោះ​សុខភាព បរិស្ថាន និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​លោកស្រី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​ប្រើ​ថង់​ប្លាស្ទិក​នោះ​ទេ៖ «»។

លោកស្រី​បន្ត​ថា ម្តងម្កាល លោកស្រី​ក៏​ទិញ​ថង់​បរិស្ថាន ឬ​ក្រណាត់​ប្រើ​ដែរ ប៉ុន្តែ​ថង់​បរិស្ថាន​នេះ គឺ​លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ថ្លៃ។

ថង់​បរិស្ថាន ឬ​ថង់​ក្រណាត់ ត្រូវ​បាន​ក្រសួង​បរិស្ថាន លក់​ចេញ​នៅ​លើ​ទីផ្សារ​តម្លៃ ១​ដុល្លារ​ក្នុង​ថង់​មួយ។ គេ​សង្កេត​ឃើញ​ថា នៅ​តាម​ផ្សារ​ទំនើប​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ ដាក់​លក់​ថង់​ក្រណាត់​ដែរ ប៉ុន្តែ​តម្លៃ ១​ដុល្លារ​ក្នុង​ថង់​មួយ ហាក់​បាន​រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ មិន​ហ៊ាន​លើក​ដៃ​លូក​យក​លុយ​ពី​ហោប៉ៅ ដើម្បី​ទិញ​ថង់​បរិស្ថាន​ប្រើ​ឡើយ។

ថង់​ប្លាស្ទិក ២០១៦ ៨៥៥
ថង់​ប្លាស្ទិក​ដែល​ប្រើ​រួច ត្រូវ​គេ​បោះ​ចោល កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦។ RFA/Sereymuny

ការ​សិក្សា​របស់​អង្គការ​មូលនិធិ​អករា (ACRA Foundation) បង្ហាញ​ថា បរិមាណ​កាក​សំណល់ និង​សំរាម​ដែល​ប្រមូល​បាន​ជា​រៀង​រាល់​ឆ្នាំ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​មាន​ចំនួន​រាប់​រយ​តោន គឺ ៣០០​តោន​នៅ​ខេត្ត​សៀមរាប ចំនួន ៣៧០​តោន​ក្នុង​ខេត្ត​ព្រះសីហនុ និង ១៧.៨០០​តោន​នៅ​ភ្នំពេញ។

កម្ពុជា ត្រូវ​ចំណាយ​លុយ​ប្រចាំ​ឆ្នាំ​លើ​សម្ភារៈ​សម្អាត​ប្លាស្ទិក​ប្រមាណ ៤.៥០០​ដុល្លារ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខេត្ត​សៀមរាប ១៥.០០០​ដុល្លារ និង​ភ្នំពេញ ៣១.០០០​ដុល្លារ។

សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន លោក ស្ពាន់ វិន និយាយ​ថា ប្លាស្ទិក​បណ្ដាល​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ពិសេស​ក្មេង​ត្រូវ​ផ្អាក​ការ​សិក្សា​យ៉ាង​តិច​មួយ​ថ្ងៃ នៅ​ពេល​មាន​ទឹក​លិច និង​ស្ទះ​លូ​ដោយសារ​ថង់​ប្លាស្ទិក។

ការ​សិក្សា​លើ​ប្រជាពលរដ្ឋ​ជាង ២០០​នាក់ បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​បាត់បង់​ចំណូល​ជា​មធ្យម ១០៣​ដុល្លារ​ក្នុង​មួយ​ខែ​ដោយ​ស្ទះ​លូ ហើយ​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន​លើ​ជំងឺ​ផ្សេងៗ​ដែល​បណ្ដាល​មក​ពី​ការ​ស្ទះ​លូ៖ «»។

លោក​សាស្ត្រាចារ្យ ស្ពាន់ វិន បន្ត​ថា នៅ​កម្ពុជា ពលរដ្ឋ​មិន​សូវ​យល់​ពី​ផល​ប៉ះពាល់​ឡើយ ដោយសារ​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​មាន​កម្រិត​តិចតួច និង​មិន​ទូលំទូលាយ​នោះ​ទេ។ ម្យ៉ាង​វិញ រដ្ឋាភិបាល​ហាក់​មិន​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទេ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន លោក ហេង ណារ៉េត មាន​ប្រសាសន៍​ថា ថង់​ប្លាស្ទិក​បណ្ដាល​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ក្លាយ​ជា​សំរាម​រាយប៉ាយ​នៅ​តាម​ដង​ផ្លូវ និង​ធ្វើ​ឲ្យ​ទីលាន​ចាក់​សំរាម​ងាយ​ពេញ​យ៉ាង​ឆាប់​រហ័ស។ លោក​បន្ត​ថា លោក​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​នៅ​ពេល​ការ​សិក្សា​បង្ហាញ​ថា នៅ​ភ្នំពេញ​មាន​សំរាម​រហូត​ដល់ ១៧.៨០០​តោន។ ប្រការ​នេះ ត្រូវ​មាន​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លាស្ទិក និង​មិន​ត្រូវ​បោះ​សំរាម​ចោល​ផ្ដេសផ្ដាស​នោះ​ទេ។

មាត្រា​៤៨ នៃ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ចែង​ថា បុគ្គល​ដែល​ធ្វើ​ការ​ទុក​ដាក់ វេច​ខ្ចប់ ឬ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ទីប្រជុំជន លាយឡំ​ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម សំណល់​វេជ្ជសាស្ត្រ ឬ​សំណល់​គ្រោះថ្នាក់ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥​សែន​រៀល​សម្រាប់​អាជីវកម្ម​សិប្បកម្ម មន្ទីរពេទ្យ និង​សម្ភព ៨​សែន​រៀល​សម្រាប់​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង ១​លាន​រៀល​សម្រាប់​ក្រុមហ៊ុន​សេវា​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​សំណល់​រឹង​ទីប្រជុំជន។

របាយការណ៍​សង្ខេប​របស់​អង្គការ​អករា (ACRA Foundation) បង្ហាញ​ថា ថង់​ប្លាស្ទិក​ត្រូវ​បាន​ប្រជាជន​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩០។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា កម្ពុជា ត្រូវ​បង្កើត​ច្បាប់​ស្ដីពី​ការ​ប្រើ​ប្លាស្ទិក ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ប្លាស្ទិក ការ​ប្រើ​ថង់​ប្លាស្ទិក និង​ត្រូវ​កែច្នៃ​ថង់​ប្លាស្ទិក​ដែល​ប្រើ​រួច​ឡើង​វិញ។ បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់​នៃ​ថង់​ប្លាស្ទិក​ចំពោះ​បរិស្ថាន ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ វិស័យ​ទេសចរណ៍ និង​សុខភាព​ដល់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។