អ្នក​ចាំទី​ចាស់​វស្សា Buffon សម្រេច​ចូល​និវត្តន៍​ បន្ទាប់​ពី​ World Cup 2018

កីឡាករ Gianluigi Buffon អ្នក​ចាំទី​ជើង​ចាស់​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី និង​ក្លិប Juventus​ បាន​ឲ្យ​ដឹង​ថា រូប​គេ​មាន​បំណង​ចង់​ចូល​និវត្តន៍ បន្ទាប់​ពី​ការ​​ប្រកួត​ជើងឯក World Cup ឆ្នាំ ២០១៨ នៅ​ប្រទេស ​រុស្ស៊ី។ ​

buffonBuffon ដែល​ឈាន​មក​ដល់​វ័យ ៣៨ ឆ្នាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ធ្លាប់​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលីលើក​ពាន​ World Cup ក្នុង​ឆ្នាំ ២០០៦ នឹង​ជួយ​ឲ្យ​ក្រុម Juventus ឈ្នះ​ជើងឯក​លីកកំពូលអ៊ីតាលី Serie A បាន​ ៦ ជំនាន់។ Buffon ​ប្រាប់​សារព័ត៌មាន​ក្នុង​ពិធី​ប្រគល់​រង្វាន់​មួយ​ក្នុង​ទីក្រុង​ Milan ថា៖ «ខ្ញុំ​អាច​ព្យាយាម​លេង​បាន​រហូត​ដល់ World Cup ឆ្នាំ ២០១៨។ បន្ទាប់មកទៀត ខ្ញុំ​នឹង​បិទទ្វា​ លាលែង​ពី​ការ​លេង​បាល់ទាត់»។

Buffon ដែល​មាន​កំណត់​ត្រា​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​បាន​ ១៥៤ លើក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជា​ជម្រើស​ទី មួយ ​នៅ​ក្នុង​ការប្រកួត​ពានរង្វាន់​ទ្វីប​អ៊ឺរ៉ុបនៅ​ប្រទេស​បារាំង​នៅ​រដូវ​ក្តៅ​នេះ។ ​ក្រុម​ជម្រើសជាតិ​អ៊ីតាលីស្ថិត​នៅ​ក្នុង​ពូល E ជាមួយ​នឹង អៀឡង់ ប៊ែលហ្សិក និង​ស៊ុយអ៊ែត។ គួរ​រំលឹក​ផងដែរថា កាល​ពី​ឆ្នាំ ២០០១ កីឡាករ​រូប​នេះ​ត្រូវ​បាន​ផ្ទេរពី​ក្លិប Parma មក​ក្លិប Juventus ក្នុង​តម្លៃ​ខ្លួន 32.5 លាន​ផោន ដែល​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​សម្រាប់​កីឡាករ​អ្នក​ចាំទី៕