ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២៧ មក​រា ២០១៦ បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំរឿង​ប្តឹង​ឧទ្ធរណ៍​របស់​ជន​ជាប់ចោទ​ម្នាក់​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រោះ​សម្លាប់​មនុស្ស​ប្លន់​យក​ម៉ូតូ​១​គ្រឿង​។​តុលាការ​បាន​បដិសេធ​បណ្តឹងឧទ្ធរណ៍​របស់​ជន​ជាប់​ចោទ និង​បើកផ្លូវ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ក្នុង​រយៈ​កំណត់​នៃ​ច្បាប់​។

ជន​ជាប់​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង ដើម្បី​បន្ត​នីតិវិធី​តែ​ចៅក្រម​បាន​រក​ឃើញ​ថា ជន​ជាប់​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ និង​បាន​សន្និដ្ឋាន​ថា ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ត្រឹមត្រូវ គឺ​គ្មាន​ភស្តុ​តាង​ថ្មី​ដែល​តុលាការ​អាច​ពិចារណា​បាន​ក្នុង​ការ​ដោះ​បន្ទុក​ឡើយ​។ ការ​ប្រកាស​សាលដីកា​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​.​ស​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ២០១៦ បាន​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ សុខ សម្ផស្ស អាយុ​២៥​ឆ្នាំ មក​កាន់​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍ ដើម្បី​ប្រកាស​សាលដីកា​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ចៅក្រម​លោក ចាយ ច័ន្ទ​តារា​វណ្ណ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ គឺ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល​។

តុលាការ​បាន​លើក​ឡើង​ថា តាម​អង្គហេតុ គឺ​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ២០១៣ ជនជាប់ចោទ​បាន​ជួល​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៣ ជិះ​ពី​ទីក្រុង​តា​ខ្មៅ​មក​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​មក​ជួប​ប្រពន្ធ​នៅ​ម្តុំ​រោងចក្រ​៧​ជាន់​ផ្លូវ​វេ​ង​ស្រេង ក្នុង​ខណ្ឌមានជ័យ​។

ដោយ​មានគំនិត​មិនល្អ​ជនជាប់ចោទ​បានឱ្យ​ជន​រង​គ្រោះ​ឈ្មោះ ភាព ស៊ី​ណែ​ត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ឌុ​ប​ខ្លួន​តាម​ផ្លូវលំ​វាង​កាត់​តាម​ទី​ស្ងាត់​ក្នុង​សង្កាត់​ដង្កោ ហើយ​នៅ​ពេល​មានឱកាស​មក​ដល់​ពាក់​កណ្តាលផ្លូវ​ជនជាប់ចោទ​ក៏​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​តែ​ម្តង ។

តែ​ទោះបី​យ៉ាងណា​នៅ​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​ជនជាប់ចោទ​ឈ្មោះ សុខ សម្ផស្ស  បាន​បដិសេធ​ថា ខ្លួន​គាត់​ពុំ​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ ជនជាប់ចោទ​ស្នើ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​។ តុលាការ​បើកផ្លូវ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ប្រសិនជា​ភាគី​ពាក់ព័ន្ធ​មិន​ទទួលយក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ទេ​។