អនុគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើ ខេត្តរតនគិរី ចុះត្រួតពិនិត្យទីតាំង ដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុននុភាពសុភី

រតនគិរី៖ អនុគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើ ខេត្តរតនគិរី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ បានចុះត្រួតពិនិត្យក្រុមហ៊ុន នុភាពសុភី ដែលមន្រី្ត គណបក្យសង្គ្រោះជាតិ និងអង្គការ សង្គមស៊ីវិលមួយចំនួន ធ្លាប់បានចោទប្រកាន់ថា ក្រុមហ៊ុននេះ បានកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ឧទ្យានជាតិវរៈជ័យ ដោយខុសច្បាប់។

អនុគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើនេះ ដឹកនាំដោយលោក ថង សាវុន អភិបាលខេត្តរតនគិរី បានចុះទៅដល់ទីតាំង ក្រុមហ៊ន នុភាពសុភី ដែលស្ថិតនៅ ចំណុចអូរតាយ៉ាក ឃុំតាវែងលើស្រុកតាវែង ដើម្បីធ្វើការពិនិត្យច្បាប់ ដែលរដ្ឋាភិបាលអនុញ្ញាតិ ប៉ុន្តែការពិនិត្យនោះ ពុំឃើញមានឈើប្រណីត កាប់ដោយខុសច្បាប់ដូចការចោទប្រកាន់ ពីមន្ត្រីគណបក្យសង្គោ្រះជាតិ និងសង្គមស៊ីវិលនោះទេ។

អនុគណៈកម្មការ បានរកឃើញមានតែឈើប្រភេទលេខ១ និងរោងម៉ាស៊ីនរ៉ៃកំពុងអារជ្រៀករួច ជាប្រភេទឈើគ្រឿងផ្ទះ នៅទីនោះចំនួនប្រហែល ១០០មែត្រគូប សុទ្ធសឹងតែមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ពីក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើផងដែរ។

លោក ហុង សុខលៀង តំណាងក្រុមហ៊ុន នុភាពសុភី បានឱ្យដឹងថា កន្លងមកមន្ត្រី គណបក្យសង្គោ្រះជាតិ និងអង្គការសង្គមស៊ីវិល បានចោទប្រកាន់ថា មានក្រុមហ៊ុនទ្រីភាព កាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ឧទ្យានជាតិវិរៈជ័យនោះ មិនត្រឹមត្រូវទេ ព្រោះទីនោះ ពុំមានក្រុមហ៊ុនទ្រីភាព ធ្វើសកម្មភាពទេ ពោលគឺមានតែក្រុមហ៊ុន នុភាពសុភីមួយតែប៉ុណ្ណោះ។

លោកបានបន្តទៀតថា ក្រុមហ៊ុននេះ បានធ្វើការឈូសឆាយ ដាំដុះដំណាំកៅស៊ូ និងស្វាយចន្ទី រួចប្រមាណ ១០០០ហិកតា ហើយនិងកំពុងបន្ត ធ្វើការឈូសឆាយបានជាង ១០០ហិកតា ទៀត នៅលើផ្ទៃដីត្រូវវិនិយោគ ចំនួន ៩០០០(ប្រាំបួនពាន់)ហិចតា ហើយឈើដែលប្រមូលបាន ពីការឈូសឆាយនោះ ត្រូវបង់ពន្ធជូនរដ្ឋគ្រប់ចំនួនបាន ៦០០០ប្រាំមួយពាន់ម៉ែត្រគូប រួចមកហើយ ដែលមានទឹកប្រាក់ជាងមួយលានដុល្លាផងដែរ។ លោកតំណាងក្រុមហ៊ុនរូបនោះ បញ្ជាក់ឲ្យដឹងទៀតថា ក្រុមហ៊ុនទ្រីភាព ពុំធ្វើសកម្មភាពនៅតំបន់ខាងលើនោះទេ ពោលគឺបានប្រគល់ផ្ទៃដី វិនិយោគជូនរដ្ឋាភិបាលវិញហើយ។

អនុគណៈកម្មការបង្ក្រាប បទល្មើសព្រៃឈើ ខេត្តរតនគិរី ដែលដឹកនាំដោយលោក ថង សាវុន អភិបាលខេត្ត បន្ទាប់ពីធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញថា ក្រុមហ៊ុនខាងលើនេះ អនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល និងមានឯកសារគ្រប់ចំនួន បញ្ជាក់ពីគំនរឈើ ដែលនៅសេសសល់ ក្នុងទីតាំងក្រុមហ៊ុន រួចនឹងធ្វើរបាយការណ៍ជូនទៅ គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ៕

អនុគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើ ខេត្តរតនគិរី ចុះត្រួតពិនិត្យទីតាំង ដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុននុភាពសុភី

អនុគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើ ខេត្តរតនគិរី ចុះត្រួតពិនិត្យទីតាំង ដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុននុភាពសុភី

អនុគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើ ខេត្តរតនគិរី ចុះត្រួតពិនិត្យទីតាំង ដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុននុភាពសុភី