ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេ​ត្ត​កណ្ដាល ៖ ​មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​​​បុក​ម៉ូតូ​​​ដែល​​បោះពួយ​លឿន​ដូច​គ្នា​​​ពេញ​ទំ​ហឹង​​បណ្ដាល​ឱ្យ​មនុ​ស្សរង​របួស​ធ្ងន់​៤​នាក់ ​កាលពី វេលា​ម៉ោង​១០​និង​៥៥​នាទីព្រឹក​ថ្ងៃ​ទី​២៧​ មក​រា នេះ ​នៅ​លើ​ផ្លូវ​លេខ​១១០ ​ស្ថិត​ក្នុងភូមិព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​​ ។

មន្ត្រី​នគរបាល​​ស្រុក​ស្អាង​បាន​​ឱ្យ​ដឹង​ថា​ ​​ម៉ូតូ​មួយគ្រឿងម៉ាក​ហុងដា​គុប​មូល​សេ​៥០ ព​ណ៌​ទឹក​ប៊ិក​ចាស់ គ្មាន​​ស្លាក​​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សៀន សំភាស់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ​​​រីឯអ្នក​រួម​ដំណើរ​​ឈ្មោះ ស្រ៊ី​ប ប្រុស ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ទាំង​២នាក់​មិន​ពាក់មួក​ការ​ពារសុ​វត្ថិ​ភាព​ ​ជា​​កសិករ មាន​ទីលំនៅ​ភូមិ ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ​​ជិះ​ម៉ូតូ​មួយ​គ្រឿង ​​ពី​ជើង​ទៅ​​ត្បូង ​​។ ចំណែក​​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា សេ​១២៥ ព​ណ៌ខ្មៅ ពាក់​​ស្លាក​​លេខ​ភ្នំពេញ​1FH-3201 ​បើកបរ​ដោយ​ឈ្មោះ ថាល់ ថេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ឯ​អ្នក​រួម​ដំណើរ​​​ឈ្មោះ ​វុ​ធ មួយ​គី​ម ភេទ​ស្រី អាយុ​១១​ឆ្នាំ ទាំង​២នាក់​​ជាសិស្ស​ពាក់មួក​​ការ​ពារ​សុ​វត្ថិភាព ​មាន​ទីលំនៅ​ភូមិវាល​ត្រែង ​ឃុំ​តា​លន់ ស្រុក​ស្អាង ​​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​​ជើង ​។​

​ក្រោយ​កើត​ហេតុ ​ជន​រង​គ្រោះ​ទាំង​៤នាក់ ​​ត្រូវ​បាន​​គេ​​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យរាជធានី​ភ្នំពេញ ​។​ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​​បាន​សមត្ថកិច្ច​​​យក​​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាននគរបាល​ស្រុក​ស្អាង ​ដើម្បី​រង់​​ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ៕​​