ពលរដ្ឋ​សហគមន៍​អណ្ដូង​ថ្ម​និង​អន្លង់​បាត​ខ្ទះ​ខេត្ត​ព្រះសីហនុ​ស្នើ​ជួយ​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​សហគមន៍​ចំនួន​ពីរ នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ជំរុញ​ដល់​អាជ្ញាធរ​ខេត្ត​នេះ ចុះ​ពិនិត្យ និង​ឈាន​ដល់​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​បាន​សង់​លំនៅឋាន និង​បង្កបង្កើនផល​ឲ្យ​មាន​សុវត្ថិភាព។

បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​ថា បាន​បង្កើត​ក្រុម​ការងារ​ចុះ​ពិនិត្យ​ដី​ទំនាស់​ដល់​ទីតាំង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាក់ស្តែង ដើម្បី​ដាក់​របាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ពិនិត្យ​សម្រេច​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ២​សហគមន៍​ជិត ១០០​គ្រួសារ មាន​ទីតាំង​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អះអាង​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​រវាង​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​នៅ​ក្នុង​សហគមន៍​ពួក​គាត់ បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៨ មក។ ករណី​នេះ ពួក​គាត់​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ជូន​ថ្នាក់​ដឹក​នាំ​ខេត្ត រហូត​ដល់​ថ្នាក់​ជាតិ ឲ្យ​ជួយ​រក​ដំណោះស្រាយ និង​ស្នើ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​គិត​មក​ដល់​ខែ​មករា ឆ្នាំ​២០១៦ មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។

ប្រធាន​សហគមន៍​អណ្ដូង​ថ្ម លោកស្រី ហែន សម្បត្តិ មាន​ប្រសាសន៍​ថា សហគមន៍​នេះ​មាន​ប្រជាពលរដ្ឋ​ជាង ៣០​គ្រួសារ ដែល​មាន​កង្វល់​ខ្លាច​បាត់បង់​ដី​ចម្ការ។ តំណាង​រូប​នេះ បាន​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពន្លឿន​សកម្មភាព​ចុះ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពួក​គាត់ មាន​ទីតាំង​នៅ​ចំណុច​ចង្កេះ​ភ្នំ​តា​មាស ស្ថិត​ក្នុង​ភូមិ​ត្រពាំងស្អុយ ឃុំ​អណ្ដូងថ្ម ស្រុក​ព្រៃនប់ ឲ្យ​បាន​ឆាប់ ព្រោះ​កន្លង​មក​នេះ ត្រូវ​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន បន្ត​មហិច្ឆតា​រំលោភ​យក​ជា​បន្តបន្ទាប់។ លោកស្រី​បញ្ជាក់​ថា ដី​ចម្ការ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ មាន​ដាំ​ដំណាំ​ហូប​ផ្លែ​មួយ​ចំនួន មាន​ដូចជា ស្វាយចន្ទី ខ្នុរ ចេក ដំឡូង ស្លឹក​គ្រៃ និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ទៀត។

ចំណែក​ប្រធាន​សហគមន៍​អន្លង់​បាត​ខ្ទះ លោកស្រី អឿន ង៉ែត មាន​ទីតាំង​ក្នុង​ភូមិ​អូរត្រជាក់ចិត្ត ឃុំ​សំរ៉ុង ស្រុក​ព្រៃនប់ ជា​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៤០​គ្រួសារ ក៏​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន គំរាម​បណ្ដេញ​ពួក​គាត់​ឲ្យ​ចេញ​ពី​លំនៅឋាន និង​ដី​ចម្ការ​ធ្លាប់​បង្កបង្កើនផល​ទាំង​បង្ខំ​នា​ពេល​កន្លង​មក​នេះ។

លោកស្រី​សំណូមពរ​ដល់​រដ្ឋាភិបាល និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ត្រូវ​ជួយ​អន្តរាគមន៍​អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ចូល​ទៅ​សង់​ផ្ទះ និង​ធ្វើ​ចម្ការ​នៅ​លើ​ដី​ធ្លាប់​បង្កបង្កើនផល​ដូច​ដើម​វិញ ព្រោះ​ពេល​នេះ ត្រូវ​ក្រុមហ៊ុន​ឋានសួគ៌​ប្រើ​កម្លាំង​ប្រដាប់​អាវុធ គំរាម​បណ្ដេញ​ចេញ​ពី​ទីតាំង​ធ្លាប់​រស់នៅ​ទាំង​បង្ខំ៖ «សូម​សម្ដេច ហ៊ុន សែន ជួយ​ដោះស្រាយ​ដី​លំនៅឋាន និង​ចម្ការ​ធ្លាប់​បង្កបង្កើនផល​នៅ​អន្លង់​បាត​ខ្ទះ ដែល​ក្រុមហ៊ុន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បណ្ដេញ​ពួក​ខ្ញុំ​ទាំង ៤៣​គ្រួសារ បាន​ចូល​រស់នៅ និង​បង្កបង្កើនផល​លើ​ដី​ចម្ការ​ឡើង​វិញ​ផង។ ពួក​ខ្ញុំ​រស់នៅ​រង​ទុក្ខ​វេទនា​ណាស់​សព្វថ្ងៃ​នេះ»

មេ​ឃុំ​អណ្ដូងថ្ម ស្រុក​ព្រៃនប់ លោក វ៉ាន់ ណូ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​តវ៉ា​ចង់​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ពេល​នេះ គឺ​បាន​ទៅ​រស់នៅ​លើ​ដី​ចង្កេះ​ភ្នំ​តា​មាស ដែល​កន្លង​មក អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ ប៉ុន្តែ​ករណី​នេះ បើ​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​ពិនិត្យ​ឃើញ​ថា នឹង​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​បាន​សង់​ផ្ទះ និង​ធ្វើ​ចម្ការ ជា​សិទ្ធិ​សម្រេច​របស់​រដ្ឋាភិបាល៖ «ដី​ដែល​ពលរដ្ឋ​តវ៉ា​នេះ គឺ​ជា​ដី​នៅ​លើ​ចង្កេះ​ភ្នំ ប៉ុន្តែ​បើ​អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា អាច​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​បាន ក៏​កាត់​ទៅ ខ្ញុំ​មិន​ជំទាស់​ទេ»

បញ្ហា​នេះ​ដែរ អភិបាល​រង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អ្នកស្រី យ៉ឹង សុឃឿន ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​សហគមន៍​អណ្ដូងថ្ម ក៏​ស្នើសុំ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​ពិចារណា និង​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អណ្ដូង​ថ្ម ដែល​ទន្ទឹង​រង់ចាំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​យ៉ាង​អន្ទះសា។

អ្នកស្រី​បន្ត​ថា ទោះ​បី​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ​សហគមន៍​នេះ បាន​បង្កបង្កើនផល​នៅ​លើ​ចង្កេះ​ភ្នំ​បែប​ណា​ក៏ដោយ ក៏​ពួក​គាត់​បាន​ដាំ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ និង​បាន​មក​រស់នៅ​លើ​ដី​នោះ​ជាក់ស្តែង​ជិត ១០​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​យល់​ថា ក្រុម​ការងារ​ថ្នាក់​ខេត្ត​បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់​ឃើញ​ដំណាំ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្តែង និង​រស់​អាស្រ័យ​ផល​នៅ​លើ​ដី​ចម្ការ​នៅ​លើ​ចង្កេះ​ភ្នំ​តា​មាស ជាក់ស្តែង និង​មាន​ដំណាំ​ពិត​ប្រាកដ។ ដូច្នេះ សូម​ឲ្យ​ថ្នាក់​ខេត្ត​ជួយ​ពិចារណា ឈាន​ដល់​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​វាស់ និង​កាត់​ឆ្វៀល​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​បាន​រស់នៅ​ស្រប​ច្បាប់ ទៅ​តាម​ការ​ស្នើសុំ​របស់​ពួក​គាត់។ សូម​អាជ្ញាធរ​ថ្នាក់​លើ ជួយ​សម្រួល​ក្នុង​ការ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ ព្រោះ​ពលរដ្ឋ​បាន​មក​រស់នៅ​លើ​ដី​ជាក់ស្តែង និង​មាន​ដាំ​ដំណាំ​ជាច្រើន​ប្រភេទ​នៅ​លើ​ដី​នោះ»

ទាក់ទិន​បញ្ហា​នេះ លោក នូ សម្បត្តិ ប្រធាន​កិច្ចការ​ច្បាប់​ខេត្ត​ព្រះសីហនុ និង​ជា​អ្នក​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ដី​ទំនាស់​នៅ​តាម​សហគមន៍​នានា​ក្នុង​ខេត្ត​នេះ ថ្លែង​ថា លោក​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​សហគមន៍​មាន​ទំនាស់​មួយ​ចំនួន មាន​សហគមន៍​អណ្ដូង​ថ្ម ជាដើម។ លោក​បន្ត​ថា នឹង​ដាក់​ឯកសារ​ជូន​ថ្នាក់​ដឹក​នាំ​ពិនិត្យ​សម្រេច ដើម្បី​ឈាន​ដល់​ចុះ​វាស់​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ។

លោក នូ សម្បត្តិ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​សហគមន៍​អណ្ដូង​ថ្ម បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ចុះ​វាស់​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​សហគមន៍​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ប្រជាពលរដ្ឋ​បាន​ដាំ​ដំណាំ​ជាច្រើន​ប្រភេទ​នៅ​លើ​ដី​ជាក់ស្តែង៖ «សូម​ឲ្យ​ថ្នាក់​ដឹក​នាំ​ថ្នាក់​លើ ជួយ​ពិចារណា​ចុះ​ពិនិត្យ និង​ឈាន​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អណ្ដូង​ថ្ម​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នា​ពេល​កន្លង​មក ព្រោះ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​កើត​មាន​ទំនាស់​របស់​ពលរដ្ឋ​សហគមន៍​នេះ ពិនិត្យ​ឃើញ​ថា ពលរដ្ឋ​មាន​ដាំ​ដំណាំ​នៅ​លើ​ដី​ជាក់ស្តែង​នៅ​លើ​ដី​នោះ»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​សហគមន៍​មួយ​ចំនួន មាន​សហគមន៍​អន្លង់​បាត​ខ្ទះ និង​សហគមន៍​អណ្ដូង​ថ្ម ជាដើម។ លោក​បាន​ជំរុញ​ឲ្យ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ជួយ​ពន្លឿន​សកម្មភាព​ចុះ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា ពិសេស​សហគមន៍​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ឲ្យ​បាន​ឆាប់ ព្រោះ​ពលរដ្ឋ​បាន​ដាំ​ដំណាំ​ជាក់ស្តែង​នៅ​លើ​ដី​នោះ​ជា​បន្តបន្ទាប់​មក​ដល់​ពេល​នេះ៖ «នៅ​លើ​ចង្កេះ​ភ្នំ​តា​មាស នេះ មាន​ដី​រាប​ស្មើ​ដែល​នាំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ អាច​ដាំ​ដំណាំ​ជាច្រើន​ប្រភេទ​មាន​ដូចជា ដើម​ស្វាយ ខ្នុរ ស្វាយចន្ទី ស្លឹក​គ្រៃ ដាំ​ដំឡូង និង​ដំណាំ​ចេក ជាដើម។ ដី​នៅ​សហគមន៍​អណ្ដូង​ថ្ម​នេះ បើ​មើល​ពី​ខាង​ក្រោម​មក​ចង្កេះ​ភ្នំ មើល​ឃើញ​សុទ្ធ​តែ​ព្រៃ ប៉ុន្តែ​នៅ​ពេល​បាន​ឡើង​មក​ដល់​ចង្កេះ​ភ្នំ មាន​ដី​រាប​ស្មើ ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើ​ចម្ការ​នៅ​លើ​ចង្កេះ​ភ្នំ​នេះ។ បើ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា បង​ប្អូន​បាន​កាន់​កាប់ និង​ដាំ​ដំណាំ​ជា​លក្ខណៈ​ភោគៈ​ពិត​ប្រាកដ​មែន»

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អះអាង​ថា លោក​នឹង​ខិតខំ​ជួយ​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​នានា ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​តាម​ពេលវេលា​ជាក់ស្តែង។ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​នានា ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​សម្រប​សម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យ​បាន​ឆាប់​នៅ​ឆ្នាំ​២០១៦ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។