មន្ទីរពេទ្យ​កុមារ​អង្គរ​អំពាវនាវ​រក​ជំនួយ​ដើម្បី​​ជួសជុល​ដំបូល​អគារ

មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្ត​សៀមរាប គឺ​ជា​មន្ទីរពេទ្យ​មនុស្សធម៌​មួយ​ដែល​ទទួល​ព្យាបាល និង​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​ឥត​គិត​ថ្លៃ​រាប់​ពាន់​នាក់​ក្នុង​១​ឆ្នាំៗ អស់​រយៈពេល ១៧​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​អាគារ​ខ្លះ​របស់​មន្ទីរពេទ្យ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​កំពុង​ខ្វះខាត​ថវិកា​ជួសជុល និង​ថែទាំ​ឱ្យ​ប្រសើរ​ឡើង​វិញ។ មន្ទីរពេទ្យ​នេះ​កំពុង​ត្រូវ​ការ​ជំនួយ​ពី​សប្បុរសជន​នានា ទោះ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ក្ដី។

អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​អង្គរ (Angkor Hospital for Children)​ ក្នុង​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា គេ​កំពុង​ប្រឈមមុខ​នឹង​ការ​ខ្វះ​ថវិកា​ប្រមាណ ៦៥.០០០​ដុល្លារ​អាមេរិក ដើម្បី​យក​មក​ជួសជុល​ដំបូង​ក្បឿង​របស់​អគារ​ដែល​ចាស់​ទ្រុឌទ្រោម ព្រមទាំង​ជ្រាប​ទឹក​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ។ បច្ចុប្បន្ន​នេះ អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​អង្គរ កំពុង​ស្វះ​ស្វែង​រក​សប្បុរសជន ព្រម​ទាំង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ជួយ​បរិច្ចាគ​ថវិកា ដើម្បី​យក​មក​ដំណើរការ​ជួសជុល​នេះ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ គឺ​អ្នកស្រី ស៊ិនកេត អរុណ។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែ​មករា ថា មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​កសាង​ឡើង​រយៈពេល ១៧​ឆ្នាំ​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន។ មន្ទីរពេទ្យ​នេះ ទទួល​ពិនិត្យ​ព្យាបាល និង​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ប្រមាណ​ពី ៥០០ ទៅ ៦០០​នាក់ ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​បច្ចុប្បន្ន អគារ​ខ្លះ​របស់​មន្ទីរពេទ្យ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​ដំបូល​ប្រក់​ក្បឿង​ក៏​ជ្រាប​ទឹក ដែល​ត្រូវ​ការ​ជួសជុល​ជា​បន្ទាន់ ហើយ​មន្ទីរពេទ្យ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​ជួសជុល​នៅ​ឡើយ​ទេ៖ «សូម​អំពាវនាវ​ដល់​សប្បុរសជន មិន​ថា​នៅ​សៀមរាប ឬ​ក៏​នៅ​ភ្នំពេញ​ ឬ​ក៏​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទេ សូម​ឱ្យ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ការ​រក​ថវិកា​ជួសជុល​នេះ»

​ជា​រៀងរាល់​ថ្ងៃ​មន្ទីរពេទ្យ​កុមារ​អង្គរ មិន​ត្រឹមតែ​ជួយ​ពិនិត្យ​និង​ព្យាបាល​កុមារ​នៅ​ក្នុង​ខេត្ត​សៀមរាប ប៉ុណ្ណោះ​ទេ គឺ​មន្ទីរពេទ្យ​នេះ ក៏​ទទួល​ព្យាបាល​កុមារ​មក​ពី​ខេត្ត​ជុំវិញ ដូចជា​ខេត្ត​កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ដែរ។

​ស្ត្រី​ឈ្មោះ ឃី ម៉ៅ មក​ពី​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដែល​នាំ​កូន​ប្រុស​ម្នាក់​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​នេះ​បាន​ជួយ​ជីវិត​កូន​របស់​គាត់​ដែល​ត្រូវ​ការ​ឈាម ព្រមទាំង​ជួយ​សម្រាល​បន្ទុក​គ្រួសារ​របស់​គាត់​ជា​ច្រើន ពី​ព្រោះតែ​ការ​ព្យាបាល​មិន​យក​លុយ។

​អ្នកស្រី ឃី ម៉ៅ ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​លទ្ធភាព សូម​ជួយ​បរិច្ចាគ​ថវិកា​ដើម្បី​យក​មក​ជួសជុល​មន្ទីរពេទ្យ​ដែល​ចាស់​ទ្រុឌទ្រោម​នេះ៖ «កូន​ខ្ញុំ​ត្រូវ​ការ​ឈាម ចិត្ត​ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ដែល​បាន​ជួយ​សង្គ្រោះ​កូន ហើយ​ខ្ញុំ​មក​ក៏​មន្ទីរពេទ្យ​ឱ្យ​អង្ករ​ដាំ​បាយ​ហូប​ទៀត»

​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ជួយ​ព្យាបាល​កុមារ​ខ្មែរ​ប្រមាណ​ជិត ១០​ម៉ឺន​នាក់ ព្រម​ទាំង​ចុះ​អប់រំ​សុខភាព​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល​នៃ​ខេត្ត​សៀមរាប ដោយ​ចំណាយ​អស់​ថវិកា​ប្រមាណ ៦,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​១​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។