កម្មករ ម្នាក់​ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់ ដោយសារតែ​បាក់​រលំ​រណ្តៅ​រុករ​កមាស នៅ​មណ្ឌលគិរី​

ខេត្តមណ្ឌលគិរី: កម្មករ​ជីករណ្តៅ​រុករក​សារធាតុ​មាស ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍ បាក់​ថ្ម​រណ្តៅ​រ៉ែ សង្កត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ខេត្តមណ្ឌលគិរី​។​

​ហេតុការណ៍​បាក់​រណ្តៅ​រ៉ែ​នោះ បានកើត​ឡើង ក្នុងភូមិ​សាស្ត្រ​តំបន់​ជីក​រ៉ែ​របស់​សហគមន៍ ស្ថិតក្នុង​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​លោក ស៊ុន ប៊ុនធឿន អធិការនគរបាល ស្រុក​កែវ​សីមា បានអោយដឹងថា ជនរងគ្រោះ ដែល​ស្លាប់ មានឈ្មោះ លឹម សាន្ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ រីឯ​ម្នាក់ទៀត ដែល​រងរបួស​ធ្ងន់ មាន​ឈ្មោះ អេ​ន ណៃ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​អូរ​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​លោក​អធិការ បន្តថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​ធ្លាក់​ថ្ម​សង្កត់ លើ​ជនរងគ្រោះ ដែល​កំពុងតែ​ស្ថិតក្នុង​រណ្តៅ​រ៉ែ របស់​ម្ចាស់​ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដែល​កាន់​អ​ជ្ញា​ប័ណ្ណ​ជីក​រ៉ែ ក្នុង​សហគមន៍​ខាងលើ​៕