ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តស្ទឹងត្រែង ៖ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកកទម្ងន់៨៧.៣​ក្រាម ​ត្រូវ​បាន​ដកហូត​ពី​ជនជាតិ​ឡាវ​ម្នាក់ និង​ខ្មែរ​ម្នាក់ ខណៈ​ធ្វើការ​ជួញដូរ​នៅ​ចំណុច​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦​ ។

មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនជាតិ​ឡាវ​​ម្នាក់​ត្រូវ​បាន​ជំនាញ​ធ្វើការ​ញុះញង់ ខណៈ​ពួក​គេ​អះអាង​ថា​មាន​ថ្នាំ​ញៀន​ជា​ច្រើន​ត្រូវ​ដោះ​ដូរ ។ ក្រោយ​ការ​ត្រូវ​រូ​វ​គ្នា​ ពួក​គេ​បាន​យក​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយ​ចំនួន​មក​ធ្វើ​ជា​ប៉ាន់ ក្រោយមក​ទំនង​ពួក​គេ​មានគំនិត​បោកប្រាស់​លុយ​កក់​មុន​ពេល​ឃើញ​ថ្នាំ​ញៀន​ចំនួន​ច្រើន ទើប​កម្លាំង​ជំនាញ​សម្រេច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ម្នាក់​ជា​ជនជាតិ​ឡាវ និង​ជា​ជាង​ជួសជុល​យន្តហោះ​ឲ្យ​រដ្ឋាភិបាល​ឡាវ មានឈ្មោះ ខាំ ហ្វា​ន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សូត្រ​ស្រុក​មឿង​ខូង ខេត្ត​ចម្ប៉ា​សាក់ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ណា​ខ្វាង ស្រុក​សា​ណា​ក់​សំ​ប៊ុ​ន ខេត្ត​ចម្ប៉ា​សាក់ និង​ម្នាក់​ទៀត​មានឈ្មោះ សៅ សៀន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ពង​គ្រៀល ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ​វត្ថុ​តាង ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ ជំនាញ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោកស្រី ស៊ុន យ៉ើ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​រៀបចំ​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​ដើម្បី​បន្ត​តាម​នីតិវិធី ៕