ក្រសួង​ការងារ​ទទួល​យក​សំណើ​របស់​កម្មករ​រោងចក្រ​២​ផ្សេង​គ្នា​ទៅ​ដោះស្រាយ

មន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​គ្រប់​មុខសញ្ញា​របស់​ក្រសួង​ការងារ សន្យា​ថា នឹង​យក​សំណើ​របស់​ក្រុម​កម្មករ​ទៅ​ដោះស្រាយ បន្ទាប់​ពី​ពិនិត្យ​សំណុំ​រឿង​ទាំង​នេះ​​រួច។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា កម្មករ​មក​ពី​រោងចក្រ ២​ផ្សេង​គ្នា បាន​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​ការងារ ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា។ បាតុកម្ម​ដែល​មាន​ទិសដៅ​ប្រហាក់ប្រហែល​គ្នា​នេះ គឺ​ក្រុម​កម្មករ​ទាមទារ​ឲ្យ​ក្រសួង​ការងារ ធ្វើ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ ឲ្យ​ព្រម​ទទួល​យក​សំណើ​របស់​កម្មករ ហើយ​ទទួល​យក​តំណាង​របស់​ពួក​គេ​ចូល​ធ្វើវិញ។

ការ​ប្រើ​ពេល​ស្ទើរ​ពេញ​មួយ​ព្រឹក នៅ​នាទី​ចុង​ក្រោយ មន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​រាល់​បាតុកម្ម និង​កូដកម្ម ដែល​ជា​សេនាធិការ​របស់​ក្រសួង​ការងារ យល់​ព្រម​ទទួល​ដោះស្រាយ​ទៅ​តាម​សំណើ​របស់​ក្រុម​កម្មករ ដូច​ការ​ទាមទារ​របស់​ពួក​គេ។

ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​ត្រី​ភាគី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មន្ត្រី​សហជីព​សេរី​កម្មករ អ្នកស្រី យ៉ុង លាភ ឲ្យ​ដឹង​ថា អ្វី​ដែល​ក្រុម​កម្មករ​របស់​រោងចក្រ​សេរី ទាមទារ​គឺ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន ព្រម​ទទួល​យក​មេដឹកនាំ​សហជីព​មូលដ្ឋាន ចូល​ធ្វើ​ការ​វិញ ព្រម​ទាំង​ផ្ដល់​លុយ​ចាប់​ពី​ថ្ងៃ​បញ្ឈប់​រហូត​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ និង​សំណើ​ចុងក្រោយ​គឺ រក្សា​លុយ​ក្នុង​អំឡុង​ពេល​កម្មករ​តវ៉ា។ អ្នកស្រី យ៉ុង លាភ ថ្លែង​ថា ការ​យល់​ព្រម​ដោះស្រាយ​បញ្ហា​នេះ គឺ​ភាគី​ខាង​ក្រសួង​មិន​ទាន់​បាន​កំណត់​ពេល​ពេលវេលា​ជាក់​លាក់​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ទៀត អ្នកស្រី​ក៏​ព្រមាន​តវ៉ា​ទៅ​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ដែរ ប្រឆាំង​ការ​មិន​ចាត់​វិធានការ​ទៅ​តាម​សំណើ​របស់​ក្រុម​កម្មករ​នេះ៖ «»។

រោងចក្រ​សេរី (CERIE) ដែល​មាន​ទីតាំង​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ គឺ​កម្មករ​ធ្វើ​បាតុកម្ម​ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ មករា មក​ម្ល៉េះ។ បាតុកម្ម​ដែល​ផ្ទុះ​អស់​ពេល ២៤​ថ្ងៃ​មក​ហើយ​នេះ ក្រោយ​រោងចក្រ​ផលិត​សំលៀកបំពាក់​បាន​​បញ្ឈប់​តំណាង​កម្មករ ដោយ​ពុំ​មាន​មូលហេតុ។ យ៉ាង​ណា​ក្រុម​កម្មករ​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ ជា​ច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ។ ការ​ប្រមូល​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ គឺ​ជា​ការ​ជំរុញ​ឡើង​ឲ្យ​ក្រសួង​ការងារ​ ពិនិត្យ​ទៅ​តាម​សំណើ​របស់​ពួកគេ។

តំណាង​កម្មករ​របស់​រោងចក្រ​សេរី ដែល​ត្រូវ​បាន​រោងចក្រ​បញ្ឈប់ គឺ​លោកស្រី ជួប សុខលាភ ថ្លែង​ថា មូលហេតុ​ដែល​ភាគី​រោងចក្រ​សម្រេច​បញ្ឈប់​លោកស្រី​ពី​ការងារ​នេះ ដោយ​ចោទ​ប្រកាន់​ថា ប៉ុនប៉ង​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ ពុំ​មាន​ច្បាប់​អនុញ្ញាត។ ជាង​នេះ​ទៀត ភាគី​រោងចក្រ មិន​ត្រឹម​តែ​មិន​អនុញ្ញាត​ឲ្យ​លោកស្រី​ចូល​ធ្វើ​ឡើង​វិញ​ទេ ថែម​ទាំង​ប្ដឹង​លោកស្រី​ទៅ​តុលាការ​ទៀត​ផង៖ «»។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ ពី​ភាគី​រោងចក្រ​សេរី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា។

ស្រប​ពេល​កម្មករ​រោងចក្រ​សេរី ប្រមាណ ២០​នាក់ ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង​ការងារ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កម្មករ​រោងចក្រ​មួយ​ផ្សេង​ទៀត គឺ​រោងចក្រ ហេង លី វិញ ក៏​បាន​ប្រមូលផ្ដុំ​គ្នា​ក្នុង​ពេល​តែ​មួយ​ដែរ។

តំណាង​កម្មករ​ដែល​ត្រូវ​បាន​ភាគី​រោងចក្រ​បញ្ឈប់​ពី​ការងារ​ចាប់​តាំង​ថ្ងៃ​ទី​១ មករា មក​គឺ​លោក ឈុន ភាព និយាយ​ថា លោក​រក​ពី​មូលហេតុ​មិន​ឃើញ​ថា តើ​ភាគី​រោងចក្រ​បញ្ឈប់​លោក​ពី​ការងារ​ដោយ​ផ្អែក​លើ​ភស្តុតាង​ណា​មួយ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។ ម្យ៉ាង​វិញ​ទៀត ការ​​តវ៉ា​របស់​ក្រុម​កម្មករ គឺ​ស្នើ​សុំ​ឲ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​លោក​បាន​ចូល​ធ្វើ​ការ​ឡើង​វិញ៖ «»។

រោងចក្រ ហេង លី ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​កម្មករ​ថា បាន​បញ្ឈប់​តំណាង​របស់​ពួក​គេ​ដោយ​ខុស​ច្បាប់ និង​ពុំ​មាន​ហេតុផល​សមរម្យ។ ចំណែក​តំណាង​រោងចក្រ ហេង លី វិញ បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​ពេល​នេះ។

អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​ដោះស្រាយ​បាតុកម្ម និង​កូដកម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ លោក ហែម ហឿន បញ្ជាក់​យ៉ាង​ខ្លី​ថា ស្ថាប័ន​ជំនាញ​នឹង​ដោះស្រាយ​បញ្ហា​នេះ ទៅ​តាម​សំណើ ក្រោយ​ពី​ពិនិត្យ​សំណុំរឿង​រួច៖ «»។

ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ឯករាជ្យ លោក អ៊ុន ដារ៉ា អះអាង​ថា ការ​ប្រមូលផ្ដុំ​នៅ​ពេល​នេះ​របស់​ក្រុម​កម្មករ​ពុំ​មាន​អ្វី​ក្រៅ​ពី​ទទូច​ឲ្យ​ក្រសួង​ការងារ កោះ​ហៅ​ភាគី​ក្រុមហ៊ុន​មក​ឆ្លើយ​បំភ្លឺ​ពី​ច្បាប់ ដែល​សំអាង​ថា កម្មករ​មាន​កំហុស។ ម្យ៉ាង​វិញ​ទៀត ការ​ចោទ​ប្រកាន់​របស់​រោងចក្រ​ប្រឆាំង​កម្មករ​នេះ គឺ​ផ្ទុយ​​ពី​ច្បាប់​ថែម​ទៀង​ផង៖ «»។

ក្រុម​សហជីព​ព្រមាន​ថា បើ​ភាព​យឺតយ៉ាវ​នេះ នៅ​តែ​ពុំ​អាច​ដោះស្រាយ និង​បន្ត​អូស​បន្លាយ​ទៀត ពួក​គេ​នឹង​ដឹកនាំ​ក្រុម​កម្មករ​តវ៉ា​នៅ​មុខ​​រដ្ឋសភា​វិញ​ម្ដង និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។