ជំនួញ​ឈើ​ដឹក​ទៅ​វៀតណាម​ចាប់ផ្តើម​កម្រើក​ឡើងវិញ ទំនង​ពួក​ឈ្មួញ​ធ្វើ​តេស​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ខេត្ត សំណាងល្អ​ត្រូវ​ពលរដ្ឋ​រាយការណ៍​ឲ្យ​ចាប់​

​ខេត្តមណ្ឌលគិរី​៖ រថយន្ត​ដឹកឈើ​ប្រណីត​ពីរ​គ្រឿង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូររាំង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត ស្ទាក់​ចាប់បាន​លើ​ដងផ្លូវ​ជាតិ​លេខ​៧៦ ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង កាលពី​វេលា ម៉ោង​9 និង​30​នាទី​ព្រឹក​ថ្ងៃទី​២៧ មករា ២០១៦​។ ក្នុង​ប្រតិបត្តិការ​នោះ​ក៏មាន​ការចូលរួម​ពី​លោក សូ សុវិជ្ជា ព្រះ​រា​ជ្ញា រង​អម​សាលាដំបូង​ខេត្ត មណ្ឌលគិរី​ផងដែរ​បាទ​។​

​លោក​វរសេនីយ៍ទោ សូ សំអាត មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ស្រុក​អូររាំង​បាន​ឲ្យ​ដឹងថា រថយន្ត​ពីរ​គ្រឿង​ដែល​សមត្ថកិច្ច​ចាប់​បង្ក្រាប​ខាងលើ មាន​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ច​៤៥០ និង​មួយគ្រឿង​ទៀត​ម៉ា​កឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ទាំងពីរ​។ លោក​បាន​បន្តថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​តាមផ្លូវ​ជាតិ​ឆ្ពោះ ទៅ​ស្រុក​កែវ​សីមា ដើម្បី​យកទៅលក់​នៅ​ប្រទេស​វៀតណាម លោក​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​អាវុធ ហត្ថ​ខេត្ត ចុះ​ដេញ និង​ស្ទាក់​ចាប់បាន​រថយន្ត​ល្មើស​ទាំងពីរ​គ្រឿង​នៅ​ចំណុច​និយាម​កាម​លេ​ខៈ​០៧៣ ៣៦២៩-១៣៦២៧៣៨ ក្នុងភូមិ​ឃុំ​ខាងលើ​។​

លោក​វរសេនីយ៍ទោ សូ សំអាត មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ស្រុក​អូររាំង​បាន​បន្តថា ឈើ​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​នោះ​ជា​ប្រភេទ​បេង មាន​ចំនួន​៣០​ដុំ​ស្មើនឹង​១​ម៉ែត្រគុប​១៩​ផ្លាន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​។ ក្រោយ​ធ្វើការ​សាកសួរ​ទាំង​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូររាំង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​កែវ​សីមា​បាន​និយាយថា ចាប់​តាំ​ពីថ្ងៃ​ទី​១៥​មករា​រដ្ឋាភិបាល​ប្រកា​សបិទ​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម និង​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​នោះ ហើយ​ពេលនេះ​កំពុង​ឆែកឆេរ​ឃ្លាំង​ឈើ​ធំៗ​របស់​ក្រុម​ឧកញ៉ា​មួយចំនួន​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណា​ផង​នោះ ឥឡូវ​ក្រុម​ឈ្មួញ​និយម​ដឹកឈើ​ទៅ​វៀតណាម​កំពុង​រក​មធ្យោបាយ​ទម្លាយ​ផ្លូវ​តាម​ទម្លាប់​ចាស់ នាំចេញ​ឲ្យ​បាន​មុន​ចូលឆ្នាំ​ចិន​យួន​ព្រោះ​ឥឡូវនេះ​បាន​ថ្លៃ​៕ សែន​មនោ​រម្យ​

KA-27-12-2015-51 KA-27-12-2015-52 KA-27-12-2015-53 KA-27-12-2015-54